ដំណឹងល្អ! ខេត្តចំនួន៤ ជាប់ព្រំប្រទល់ថៃទទួលបានការធ្វើប្រតិភូកម្មនៃការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ

0

ដោយ វុត្ថា

ភ្នំពេញ: ដើម្បីសម្រួលដល់ការនាំចេញកសិផល នៅតាមបណ្តាយព្រំដែនកម្ពុជា ថៃ ក្រសួងពាណិជ្ជកម្ម បានធ្វើប្រតិភូកម្ម នៃការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ទម្រង់ (D) ដល់មន្ទីរពាណិជ្ជកម្មនៅក្នុងខេត្តចំនួន៤រួមមានខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ។

លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវការធ្វើប្រតិភូកម្មនៃការចេញC.Oទម្រង់D សម្រាប់ខេត្តទាំង ៤នេះ ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។

លោកប៉ាន សូរស័ក្តិបានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាភស្តុតាងថ្មីមួយទៀតដែលបញ្ជាក់ពីការបេ្តជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តគោលនយោ​បាយកំណែទម្រង់របស់រាជរដ្ឋាភិបាល។លោកបន្តថា ការធ្វើប្រតិភូកម្មនេះ មិនត្រឹមតែជាការផ្ទេរភាពជាម្ចាស់នៃមុខងារទេ ថែមទាំងជាការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងការអនុវត្តមុខងារឲ្យកាន់តែមានប្រសិ្ធទ្ធភាព និងតម្លាភាព ជៀ​សវាងនូវបាតុភាពអសកម្ម និងការកកស្ទះកសិផលជាយថាហេតុ។

លោកបន្តថា “ក្រសួងនឹងបន្តធ្វើប្រតិភូកម្មសេវាធារណៈនេះ ដល់បណ្តាខេត្តជាប់ព្រំដែនផ្សេងៗទៀតនាពេលអនាគត ទន្ទឹមគ្នានឹងការបណ្តុះបណា្តលមន្រ្តីរាជការមន្ទីរពាណិជ្ជកម្មជាមុន ទាំងកម្រិតជំនាញទាក់ទងវិធានប្រភពដើមទំនិញ ក៏ដូចការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការចេញC.Oផងដែរ”។

ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងការខិតខំប្រឹងប្រែងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅធានាឲ្យមានការអភិវឌ្ឍដ៏ទូលំទូលាយ ប្រក បដោយនិរន្តរភាព ព្រមទាំងដើម្បីពង្រឹង និងធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋានរាជ    រដ្ឋាភិបាលកម្ពុជាបានអនុម័ត និងអនុវត្តន៍ក្របខណ្ឌយុទ្ធសាស្រ្ដស្តីពី កំណែទម្រ​ង់វិមជ្ឈការ និងវិសហមជ្ឈការចាប់តាំងពីឆ្នាំ២០០៥។ ក្នុងន័យនេះ ក្រសួងពាណិ​ជ្ជកម្មកន្លង មកបានធ្វើប្រតិភូកម្មសេវាសាធារណៈជាបន្តបន្ទាប់​ ដល់មន្ទីរពាណិជ្ជកម្មនៅថ្នាក់ក្រោមជាតិ សំដៅឆ្លើយតបតម្រូវការអទិភាព របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ ជាពិសេសការបង្ខិតសេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋបំផុត។

យោងតាមទិន្ន័យរបស់នាយកដ្ឋាននាំចេញ នាំចូលបានឲ្យដឹងថា ការនាំចេញនៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ទៅកាន់ទីផ្សារបរទេសបានកើនឡើ​ង​រហូតដល់១១,១៥៣លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៧ ស្មើនឹងជាង១៨ភាគរយ បើប្រៀបធៀបឆ្នាំ២០១៦ ដែលទឹកប្រាក់ត្រឹមតែ៩,៤២១ លានដុល្លារអាមេរិកប៉ុណ្ណោះ។ ដោយឡែកការនាំចេញតាមវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់D ទៅកាន់ទីផ្សារតំបន់អាស៊ាន បានកើនឡើងប្រមាណជាង៦៦ភាគរយ កើនឡើងពីទឹកបា្រក់៧២៨ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៦ រហូតដល់ទឹកប្រាក់១,២១៤ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here