ដោយ វុត្ថា
ភ្នំពេញ៖ ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន មានការកើនឡើងគួរអោយកត់សម្គាល់ ប៉ុន្តែការលក់អចលនទ្រព្យទាំងនោះនៅក្នុងទីផ្សារ មានការធ្លាក់ចុះជារៀងរាល់ឆ្នាំ។
បើយោងតាមទិន្នន័យ ដែលបានចេញផ្សាយដោយការិយាល័យស្ថិតិជាតិរបស់រដ្ឋាភិបាលចិន បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគលើការអភិវឌ្ឍអចលនទ្រព្យ នៅទូទាំងប្រទេសចិនបានកើនឡើង៩,៩ភាគរយ ដែលមានតម្លៃរហូតដល់១៧០,៧ពាន់លានដុល្លារ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០១៨នេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទន្ទឹមនឹងការកើនឡើងនៃការវិនិយោគ ប៉ុន្តែទីផ្សារបែរជាបង្ហាញពីការធ្លាក់ចុះនៃការលក់អចលនទ្រព្យនៅទូទាំងប្រទេសនេះ ។ ការលក់អចលនទ្រព្យក្នុងប្រទេសនេះបានកើនឡើងត្រឹម៤,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលសម្រេចបានអត្រាកំណើនរហូតដល់៧,៧ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកំនើនរហូតដល់២២,៥ភាគរយនៅឆ្នាំ ២០១៦។
ទន្ទឹមនឹងនេះដែរការសាងសង់សំណង់អគារថ្មីៗ បានចាប់ផ្តើមត្រឹមតែ២,៩ ភាគរយប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងផ្ទៃដីក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ ដែលជាល្បឿនយឺតបំផុតក្នុងរយៈពេល៣ខែ។