ឧកញ៉ា​ម៉ុង រិ​ទ្ឋី ប្រាប់​ពី​វិធី​បែងចែក​ការងារ និង​គ្រួសារ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ លោក អ្នកមួយ​ចំនួន​តែងតែ​គិតថា ការ​មានមុខ​ជំនួញ​ច្រើន​ប្រាកដ ជា​គ្មាន​ពេលវេលា​សម្រាប់​គ្រួសារ​នោះទេ ហើយ​សុភមង្គល​ក្នុង​គ្រួសារ​ក៏​មិនសូវមាន​ពេញលេញ​ដែរ។

ប្រជាជន​ខ្មែរ​ភាគច្រើន​ប្រាកដជា​ស្គាល់​អ្នកឧកញ៉ា​ម៉ុង រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន​ម៉ុង រិ​ទ្ឋី​គ្រុប និង​មាន​ក្រុមហ៊ុន​ជា​បុត្រ​ស​ម្ព័​ន្ឋ​ជាច្រើន​ទៀត​មិន​ខាន។ ដោយសារ​មានមុខ​ជំនួញ​ច្រើន​បែបនេះ ប្រហែលជា​លោក​គ្មាន​ពេលវេលា​សម្រាប់​ប្រព​ន្ឋ​កូន​នោះទេ ដូច្នេះ​តើ​គាត់​បែងចែក​ពេលវេលា​ស​ម្រា​ប់​គ្រួសារ និង​មុខ​ជំនួញ​ដូច ម្តេច​ប្រាកដជា​អ្វីមួយ ដែល​លោកអ្នក​ចង់​ដឹក​ហើយ។

អ្នកឧកញ៉ា​ម៉ុង រិ​ទ្ឋី​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា យុវជន​បច្ចុប្បន្ន មានសំណាង ព្រោះ​មាន​សិ​ទ្ឋ និង​ពេលវេលា​ជ្រើសរើស​គូ​ស្វាមីភរិយា​ដោយ​ខ្លួនឯងបាន ខុសពី​លោក​រៀបការ គឺ​ពួក​អាពត​រៀបការ​ឲ្យ​ទាំង​ហ្វូង ដែល​រហូត​មកទល់ពេលនេះ​អ្នក​រៀបការ​ជាមួយ​លោក បាន​លែងលះគ្នា​ស្ទើរ​អស់​ទៅហើយ។លោក​បន្តថា ការ​មានគូស្រករ​ដោយ​ជ្រើសរើស​បាន​ដោយ​ខ្លួនឯង ពិតជា​ពិសេស​ណាស់ ហើយ​បើ​រើស​ខុស​ទៀត នោះ​ជា​កំហុស​របស់​យើង មិនមែន​កំហុស​ឪពុកម្តាយ​ឬ​ត្រូវ​បន្ទោស​អ្នកណា​ឡើយ។

ឧកញ៉ា​ដ៏​មាន​ប្រជាប្រិយភាព​រូបនេះ​បាន​បន្តថា “រវាង​ការងារ​ជំនួញ និង​ការ​ថែ​រទាំ​ភរិយា ឬ​សុភមង្គល​ក្នុង​គ្រួសារ មិនមាន​អ្វី​គួរ​ឲ្យ​ស្មុ​គ្រ​ស្មាញ​ទេ សម្រាប់​លោក ព្រោះ​ភរិយា​របស់លោក​មិនបាន​ទាមទារ​ថា​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ​ជា​ពេលវេលា​របស់គាត់​ឡើយ ហើយ​លោក​ទៅណា​ក៏​ភរិយា​មិនដែល​សួរនាំ​ដែរ។ សំខាន់​រស់នៅ​ជាមួយគ្នា​ត្រូវ​ទុកចិត្ត​គ្នា។ លោក​បន្តថា “បើ​លោក​ទៅ​ព្រៃ នៅ​ចំការ​ដូងប្រេង ភរិយា​លោក​ទៅ​ព្រៃ​ជាមួយ​លោក មិនដែល​ទារ​ទៅ​ផ្សារ​ទំនើប ឬ​ទាមទារ​ថ្ងៃ​សៅរ៍​ឬ​អាទិត្យ​ពី​លោក​ឡើយ។

អ្នកឧកញ៉ា​ម៉ុង រិ​ទ្ឋី​បាន​លើក​ជា​សំណួរ​ថា ហេតុ​អី​ត្រូវមាន​ថ្ងៃ​សៅរ៍​ឬ​អាទិត្យ សម្រាប់​គ្នា? ខ្ញុំ​មិន​គិត​ចឹ​ង​ទេ ព្រោះ​ប្រព​ន្ឋ​ខ្ញុំ​ស្រួល​ដែរ ពេល​ខ្ញុំ​ទៅណា​គាត់​ទៅតាម ប៉ុន្តែ​មិនមែន​ចេះតែ​តាម​គ្រប់ពេលវេលា មិន​រករឿង ប្រច័ណ្ឌ​ខុសពេល​វេលា​ទេ។លោក​បន្តថា បើ​រវល់​តែ​ចង់បាន​ថ្ងៃ​សៅរ៍​ឬ​អាទិត្យ ឬ​តាមដាន ប្រច័ណ្ឌ​គ្រប់ពេលវេលា យើង​មិន​អាចធ្វើ​អ្វី​កើត​នោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here