តើក្រុមហ៊ុនយក្សចិនមួយវិនិយោគអ្វីខ្លះនៅខេត្តកោះកុង?

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្រុមហ៊ុន Tianjin Union Development Group កំពុងផ្លាស់ប្តូរមុខមាត់នៃខេត្តកោះកុង ដែលជាខេត្តស្ថិតក្នុងតំបន់K4របស់កម្ពុជា ដើម្បីប្រែក្លាយខេត្តដែលជាប់ដែនទឹកជាមួយប្រទេសថៃនេះ ជាដែនដីនៃការវិនិយោគនិងពាណិ​ជ្ជកម្ម។

តើក្រុមហ៊ុនយក្សនេះ កំពុងធ្វើអ្វីនៅខេត្តកោះកុង? តាមប្រភពព៌តមានដែលគួរឲ្យទុកចិត្តបាន ក្រុមហ៊ុននេះកំពុងបានសាងសង់លំនៅដ្ឋានប្រណីត បែបលំហែរកាយមួយចំនួនរួចហើយ។ សណ្ឋាគារផ្កាយ៥ ទីលានវាយកូនហ្គោល បានបញ្ចប់ការសាងសង់ ហើយកំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះរួមទាំង​មជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបមួយ កំពុងសាងសង់យ៉ាងសកម្មផងដែរ។

តាមប្រភពព៌តមានពីប្រភពគួរឲ្យទុកចិត្តមួយបានឲ្យដឹងថា ក្រុមហ៊ុនខាង​លើនេះបាន និងកំពុងប្រែក្លាយទឹកដីមួយផ្នែកនៃក្រុមបុទុមសាគរ និងស្រុកថ្មបាំង ខេត្តកោះកុង ជាទីក្រុងទំនើបខ្នាតអន្តរជាតិមួយ ដោយរួមមានកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះ មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលនឹងសាងសង់នៅលើផ្ទៃសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត ដោយដាក់ឈ្មោះទីក្រុងនេះថា តារាសាគរ។

បច្ចុប្ប​ន្នក្រុមហ៊ុន Tianjin Union Development Group បានទទួលដីសម្បទានពីរដ្ឋាភិបាលប្រមាណ៥០,០០០ហិកតា។

តាមគំរោងក្រុមហ៊ុននេះ គ្រោងចំណាយថវិកា៥០០០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើទីក្រុង និងបង្កើតរមណីយដ្ឋានទេសចរណ៍ខ្នាតអន្តរជាតិនៅលើទឹកដីដ៏ស្រស់ស្អាតនេះ។

ទាក់ទងនឹងការសាងសង់ព្រលានយន្តហោះថ្មីនេះ អ្នកនាំពាក្យរដ្ឋលេខា​ធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរី​វុត្ថាបានថ្លែងថា ការសាងសង់​ព្រលានយន្តហោះខ្នាតអន្តរជាតិរបស់ក្រុមហ៊ុននេះ បាននិងកំពុងចាប់ផ្តើម​ហើយ និងកំពុងចាប់ផ្តើមយ៉ាងសកម្មតាមផែនការរបស់ខ្លួន។

ទោះជាយ៉ាងណាលោក មិនបញ្ជាក់ព៌តមានលំអិតពីគំរោងនេះទេ ដោយ​សារក្រុមហ៊ុមវិនិយោគព្រលានយន្តហោះកម្ពុជា ដែលវិនិយោគដោយជនជាតិបារាំងនៅព្រលានយន្តហោះទាំងបីនៅកម្ពុជា កំពុងតែជជែកជាមួយរដ្ឋាភិបាល​លើបញ្ហានេះ។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកោះកុង វាជាជម្រើសថ្មីមួយទៀតសំ​រាប់វិស័យអាកាសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍នានាអាចភ្ជាប់ជើងហោះហើរទៅកាន់ព្រលាននេះ និងអាចតភ្ជាប់ការហោះហើរជាមួយប្រទេសក្នុងតំបន់ផងដែរ។

លោកបន្តថា “ការអភិវឌ្ឍន៍ និងការមានជម្រើសច្រើន នឹងកាន់តែប្រសើរ​សម្រាប់កម្ពុជា ហើយយើងរំពឹងថាក្រុមហ៊ុននេះនឹងជួយទាក់ទាញក្រុមហ៊ុនអាកា​សចរណ៍ថ្មីៗបន្ថែមទៀត មកកាន់ព្រលានយន្តហោះរបស់ខ្លួននាពេលខាងមុខ”៕​

LEAVE A REPLY

Please enter your comment!
Please enter your name here