ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ចិន Ruili បានចាប់ផ្តើមបង្កើនជើងហោះហើរពីទីក្រុងគុនមីង មកកាន់ខេត្តព្រះសីហនុ ដែលធ្វើឲ្យវិស័យអាកាសចរណ៍នៅកម្ពុជាកំពុងបង្ហាញសញ្ញាវិជ្ជមាន។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ មិនានេះថា ក្រុមហ៊ុន Ruilli Arline បានហោះហើរត្រង់មកពីខេត្តយូណាន ឆ្ពោះមកកាន់ខេត្តព្រះសីហនុ។ អាកាសចរណ៍នេះ នឹងហោះហើរបីលើកក្នុងមួយសប្តាហ៍មកកាន់ខេត្តនេះ ដែលធ្វើឲ្យព្រលានយន្តហោះអន្តរជាតិនេះ មានសកម្មភាពហោះហើរកាន់តែច្រើន។
-->

លោកបន្តថា “បច្ចុប្បន្នបើគិតទាំងក្រុមហ៊ុនថ្មីនេះ ព្រលានយន្តហោះកងកេងមានក្រុមហ៊ុនអាកាសចរណ៍៥ហើយ បានហោះត្រង់មកកាន់ខេត្តនេះ ហើយចំនួននេះ មិនទាន់រាប់បញ្ចួលនូវក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរជាលក្ខណៈជួលនៅឡើយទេ”។
យោងតាមតាមសេចក្តីជូនដំណឹង ពីក្រុមហ៊ុនអាកាសចរណ៍ Ruili បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Ruili បច្ចុប្បន្ន កំពុងក្លាយជាក្រុមហ៊ុនអាកាសចរណ៍គំរូមួយ បន្ទាប់ពីបានចាប់តាំងពីពេលបើកជើងហោះហើរ នៅក្នុងស្រុកក្នុងរយៈពេល៣ឆ្នាំមកនេះ។ ក្រុមហ៊ុននេះមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់នៃប្រទេសចិន រួមជាមួយការខិតខំប្រឹងប្រែងរបស់បុគ្គលិក នៃក្រុមហ៊ុនអាកាសចរណ៍ Ruili ផ្ទាល់ បានធ្វើឲ្យអាកាសចរណ៍ Ruili ព្យាយាមកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនបានល្អបំផុត នៅក្នុងខេត្តយូណាន មុនពេលក្រុមហ៊ុនបន្តបើកដំណើរការជើងហោះហើរទៅកាន់ក្រៅស្រុកជាបន្ថែម។
លោក Ma Zhanwei នាយកប្រតិបត្តិរង Yunnan Jingcheng Group និងអ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍ Ruili បានឲ្យដឹងថា សម្រាប់ជើងហោះហើរពីទីក្រុងគុនមីងប្រទេសចិន មកកាន់ខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជាគឺ បានដំណើការនៅថ្ងៃទី25 ខែមីនា ឆ្នាំ 2018 ដោយជោគជ័យ។លោកបានចាត់ទុកជើងហោះហើរនេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងគោលដៅស្វែងរកទីផ្សារឲ្យកាន់តែទូលាយ លើការផ្តល់សេវាជើងហោះហើរថ្មី ដើម្បីចូលរួមចំណែកដល់ការទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍អន្តរជាតិបន្ថែមទៀតនៅកម្ពុជា ក៏ដូចជាការជួយសម្រួល ដល់ធុរៈកិច្ចផ្សេងៗរវាងប្រទេសទាំងពីរផងដែរ។
លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានថ្លែងថា ការមកដល់នៃអាកាសចរណ៍កាន់តែច្រើន សុទ្ឋតែជាសញ្ញាវិជ្ជមានសម្រាប់ទីផ្សារទេសចរណ៍ និងពាណិជ្ជកម្មរបស់កម្ពុជា ព្រោះការហោះហើរត្រង់មិនត្រឹមតែនាំមកនូវភ្ញៀវទេសចរណ៍ទេ តែក៏នាំមកនូវពាណិជ្ជកម្មនិងការវិនិយោគផងដែរ។
លោកបន្តថា “ជាគំនិតខ្ញុំអាកាសចរណ៍មកពីទីណាក៏ដោយ ក៏យើងស្វាគមន៍ ហើយកាលណាមានអាកាសចរណ៍កាន់តែច្រើន កាន់តែល្អ យើងពិតជាស្វាគមន៍”៕