អ្នកវិនិយោគវិស័យអចលនទ្រព្យកំពុងតែចាប់អារម្មណ៍តំបន់ព្រលានយន្តហោះអន្តរជាតិថ្មី

0

ដោយវុត្ថា

ភ្នំពេញ៖ អភិបាលខេត្តកណ្តាលបានអះអាងថា នាពេលបច្ចុប្បន្ននេះ មានអ្នករកស៊ីជាច្រើនបាននឹងកំពុងផ្តោតលើការចាប់អារម្មណ៍យ៉ាងខ្លាំងលើការវិនិយោគលើវិស័យអចលនទ្រព្យនៅតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញស្ថិតនៅក្នុងខេត្តកណ្តាល ខណៈបច្ចុប្បន្នបាននឹងកំពុងមានសកម្មភាពសាងសង់យ៉ាងសកម្ម។

លោក គង់ សោភណ្ឌ អភិបាលខេត្តកណ្តាល នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅបន្តរបស់ខេត្តកណ្តាលនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ នេះបានមានប្រសាសន៍ថា គម្រោងព្រលានយន្តហោះថ្មី នៅក្នុងខេត្តកណ្តាលនេះ បានជំរុញឱ្យខេត្តកណ្តាលកាន់តែមានសក្តានុពលខ្ពស់និង បានធ្វើឱ្យអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យជាច្រើនសម្រុកទៅកាន់ទីនោះ។

លោកថា អ្នកវិនិយោគលើវិស័យអចលនទ្រព្យទាំងនោះរួមមាន ទាំងវិនិយោគលើវិស័យសណ្ឋាគារ ផ្ទះសំណាក់ លំនៅឋាន បុរី និង គម្រោងធំៗផ្សេងទៀត ដែលធ្វើឱ្យតម្លៃដីធ្លីនៅក្នុងតំបន់នោះ កាន់តែមានតម្លៃខ្ពស់ ហើយផ្តល់ជីវភាពធូរធារដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
លោកបន្តថា គម្រោងព្រលានយន្តហោះថ្មីបានសាង់សង់លើផ្ទៃដីទំហំ ២៦០០ ហិកតា ដែលស្ថិតនៅខេត្តកណ្តាល និងតាកែវ។ ទំហំដីនៅខេត្តកណ្ដាល ២២២៧ ក្បាលដី = ២៤៤១ ហិកតា និងខេត្តតាកែវ ៣៦០ ក្បាលដី = ១៥៨ ហិកតា។

លោកបន្ថែមទៀតថា ខេត្តកណ្តាលបានដោះស្រាយបញ្ហាសំណង់មិនរៀបរយ ជាមួយប្រជាពលរដ្ឋនៅក្នុងដីព្រលានសរុប ១៧៦ គ្រួសារ ក្នុងនោះ ១១គ្រួសារ ទទួលប្រាក់គោលនយោបាយ ២០០០$ក្នុង១គ្រួសារ និង១៦៥ គ្រួសារទៀត ទទួលយកការដោះដូរដីទៅកន្លែងផ្សេងសម្រាប់សង់លំនៅដ្ឋានរស់នៅ។
លោកថ្លែងបន្តថា រាល់ការដោះស្រាយផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះនៅក្នុងខេត្តកណ្តាល ឈរលើការយោគយល់ និង ដោះស្រាយដោយសន្តិវិធី ដោយពុំឱ្យប្រជាពលរដ្ឋរូបណាម្នាក់ពិបាកនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here