ដោយៈ រ៉ាណេត
កំពង់ស្ពឺៈ ងាកចេញពីតំបន់ជាយក្រុងបន្តិច សម្រាប់ដីធ្លីនៅតំបន់ផ្លូវជាតិលេខ៤១ កំពុងតែបង្ហាញពីសក្ដានុពល ស្រដៀងគ្នាទៅនឹងផ្លូវជាតិលេខ៥១ដែរ ដោយសកម្មភាពនៃការទិញ-លក់យកចំណេញ ក៏ដូចជាការទិញទុកសម្រាប់វិនិយោគ ក្នុងរយៈពេលវែងសម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស និងឃ្លាំងនានាកំពុងមានភាពទាក់ទាញ។

-->
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០កន្លងមកថា តំបន់ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤១ ចាប់ពីចំណុចផ្លូវបំបែកថ្នល់ទទឹង រហូតដល់ផ្លូវជាតិលេខ៣ ភាគច្រើនគឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ដែលបម្រើដល់វិស័យឧស្សាហកម្ម និងសិប្បកម្ម។
លោកបន្តថា “បំបែកចេញពីផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបំបែកផ្សារថ្នល់ទទឹង ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ ខេត្តកំពត តំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤១ ដែលធ្លាប់តែជាវាលស្រែដ៏ធំល្វឹងល្វើយ បានប្រែរូបរាងជាដីរាបស្មើជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាច្រើន” ។ លោកបន្តថា “គម្រោងបង្កើតរោងចក្រ សិប្បកម្ម ឃ្លាំង ដែលស្របតាមការកំណត់ទីតាំងរបស់រដ្ឋាភិបាល ហើយក៏មានគម្រោងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានតម្លៃកម្រិតមធ្យម និងក្រោមមធ្យមផងដែរក៏បានចាប់ផ្តើមនៅតំបន់នេះ” ។
លោកវ៉ី សំណាងបានបញ្ជាក់ថា នៅតំបន់ផ្លូវជាតិលេខ៤១ ជាពិសេសក្នុងស្រុកបរសេដ្ឋ រដ្ឋបាលខេត្តបានចុះហត្ថលេខាអនុញ្ញាត ឱ្យគម្រោងបង្កើតរោងចក្រជាច្រើនទៅតាំងនៅ ដើម្បីចាប់ដំណើរការចាប់ពីដើមឆ្នាំ២០២១ខាងមុខនេះ ហើយក៏មានគម្រោងបង្កើតជាសួនឧស្សាហកម្មចំរុះផងដែរ ដែលនៅក្នុងគម្រោង គឺមានរួចរាល់អស់ហើយ។
ជាមួយនឹងការកំណត់ទីតាំងតំបន់សួនឧស្សាហកម្ម និងតំបន់រោងចក្រផ្សេងៗ ផ្លូវជាតិលេខ៤១ ក៏នឹងត្រូវធ្វើការអភិវឌ្ឍន៍ពង្រីកជា៤គន្លង ដែលអនុគ្រោះនិងផ្តល់ភាពងាយស្រួលដល់ការធ្វើចរាចរណ៍ និងដឹកវិស័យដឹកជញ្ជូនខ្នាតធំ សម្រាប់នាំចេញផលិតផលផងដែរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសថា នៅតំបន់ផ្លូវជាតិលេខ៤១ បច្ចុប្បន្នបើធ្វើការប្រៀបធៀបពីសក្ដានុពល និងតម្រូវការប្រើប្រាស់ដី នៅចាញ់តំបន់ផ្លូវជាតិលេខ៥១បន្តិច ដោយសារតែកំនើននៃចំនួនមនុស្សរស់នៅមានតិច ហើយវត្តមាននៃរោងចក្រ សហគ្រាស ឃ្លាំង ជាពិសេសការអភិវឌ្ឍវិស័យលំនៅដ្ឋាននៅមានតិចតួចនៅឡើយ។
លោកបន្តទៀតថា “នៅតំបន់ផ្លូវ៤១ ភាគច្រើនគឺមានគម្រោងពុះដីឡូតិ៍ ច្រើនជាងគម្រោងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋាន ហើយវិសាលភាពនៃផ្ទៃដីក៏នៅទំនេរច្រើន។ លោកបន្ថែមថា“ជាការពិតតំបន់នេះ ត្រូវបានកំណត់ជាទីតាំងសម្រាប់អនុគ្រោះ និងបម្រើដល់វិស័យឧស្សាហកម្មបន្ទាប់ពីតំបន់ផ្លូវជាតិលេខ៤” ។
លោកបន្តថា “ខ្ញុំគិតថាអាចនៅត្រឹមឆ្នាំ២០២១ ក្រោយបញ្ចប់វិបត្តិនៃជំងឺ Covid-19 គម្រោងរោងចក្រ សហគ្រា ឃ្លាំង ក៏ដូចជាការអភិវឌ្ឍវិស័យលំនៅដ្ឋាននឹងចាប់ផ្ដើមលេចចេញជារូបរាងយ៉ាងប្រាកដ” ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្លាប់បានប្រាប់ដឹងថា នៅឆ្នាំនេះឬឆ្នាំក្រោយ ក្រសួងគ្រោងបើកការរដ្ឋានស្ថាបនាលើកកម្ពស់ផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិ លេខ៤ ទៅកាន់ផ្លូវជាតិលេខ៣ ដោយការចរចាបានបញ្ចប់សព្វគ្រប់អស់ហើយ ហើយក្រសួងក៏បានចរចាប្រាក់កម្ចីរួចរាល់ហើយដែរ នៅតែការចុះហត្ថលេខាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់យកប្រាក់នោះមកស្ថាបនាតែប៉ុណ្ណោះ ដោយការស្ថាបនាផ្លូវនេះគឺចាក់ជាប្រភេទ AC ៕