ដោយវុត្ថា
ភ្នំពេញៈ អភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ បានអះអាងថា ចាប់តាំពីមានការផ្ទុះឡើងនូវជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា និងសកលលោក រហូតមកដល់ពេលនេះ ខេត្តកណ្តាលមិនទទួលបានគម្រោងវិនិយោគថ្មីៗ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍបុរី លំនៅឋាន សណ្ឋាគារ រោងចក្រ និងសហគ្រាសធំៗនោះទេ ពោលគឺស្ថិតនៅក្នុងស្ថានភាពទ្រឹង ខណៈដែលគម្រោងចាស់នៅតែដំណើរការធម្មតា។

-->
លោក គង់ សោភ័ណ អភិបាលខេត្តកណ្តាល នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី “ វឌ្ឍនភាព និងទិសដៅបន្តរបស់ខេត្តកណ្តាល” នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០កន្លងមកបានឱ្យដឹងថា បច្ចុប្បន្នគម្រោងវិនិយោគថ្មីៗ មិនមានទេពោស្ថិតនៅក្នុងស្ថានភាពនៅទ្រឹង។ លោកបន្តថា ហេតុផលនេះហើយ បានធ្វើឱ្យការប្រមូលចំណូលពន្ធគយរបស់ខេត្តមានការថយចុះ ក្នុងរយៈពេលកន្លងមកនេះ ខណៈដែលគម្រោងរបស់រដ្ឋាភិបាលនៅតែដំនើរការធម្មតា។
លោកអះអាងបន្តថា “បើទោះបីខេត្ត មិនទទួលបានគម្រោងវិនិយោគថ្មីៗយ៉ាងណាក៏ដោយ ក៏ការប្រមូលចំណូលពន្ធនៅតាមបណ្តាស្រុកនានា ចំពោះគម្រោងចាស់ៗនៅតែមានតួលេខល្អ ហើយការផ្តល់សេវានៅតែប្រព្រឹត្តិទៅជាធម្មតា ដោយពុំមានការព្រួយបារម្ភនោះទេ ជាពិសេសគម្រោងថ្មីៗរបស់ខេត្ត និងរាជរដ្ឋាភិបាលនៅតែដាក់ជូនបំរើប្រជាពលរដ្ឋទៅតាមផែនការ” ។
លោកបន្ថែមទៀតថា សម្រាប់ការវិនិយោគសហគ្រាសធុនតូច និងមធ្យមនៅទូទាំងខេត្តកណ្តាលនៅតែមានសកម្មភាពចេញ-ចូលធម្មតានោះទេ ដោយពុំទទួលរងនូវផលប៉ះពាល់ដោយសារជំងឺ Covid-19 ។ លោកថា នេះដោយសារតែមានការជ្រោមជ្រែងពីរដ្ឋាភិបាល តាមរយៈការទំលាក់ថវិកា ទៅឱ្យធនគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្តល់ជូននូវប្រាក់កម្ចីនៅក្នុងអត្រាការប្រាក់ទាប។
លោកថ្លែងបន្ត ខេត្តកណ្តាលគឺជាខេត្ត ដែលមានសក្តានុពលខ្ពស់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដែលអាចនឹងប្រកួតប្រជែង ជាមួយនឹងបណ្តាខេត្តក្រុងនានានៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីរាជធានីភ្នំពេញ ខណៈដែលខេត្តហុំព័ន្ធជុំវិញរាជធានីភ្នំពេញមួយនេះ មានហេដ្ឋារចនាសម្ព័ន្ធធំៗល្អប្រសើរ និងមានច្រកចេញចូលស្ទើរគ្រប់ខេត្ត ជាពិសេសខេត្តនេះ មានព្រលានយន្តហោះអន្តរជាតិលំដាប់អន្តរជាតិផងដែរ។
លោកបញ្ជាក់បន្ថែមទៀតថា ដោយសារបញ្ហាជំងឺ Covid-19 បានធ្វើឱ្យវិស័យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា នៅលើសកលលោកមានការថមថយ មិនដូច្នោះទេ កម្ពុជានឹងមានសេដ្ឋកិច្ចសន្ទុះរីកចំរើងយ៉ាងខ្លាំង ដែលធ្វើឱ្យប្រជាពលរដ្ឋសម្បូរសម្បាយជាពិសេសប្រជាពលរដ្ឋ នៅក្នុងខេត្តកណ្តាលនឹងមានជីវភាព កាន់តែធូធាជាងបច្ចុប្បន្នតាមរយៈការទទួលបាននូវគម្រោងវិនិយោគថ្មី។
ខេត្តកណ្តាលជាខេត្ត ដែលមានសក្ដានុពលរលើវិស័យកសិកម្ម ឧស្សាហកម្ម និង ទេសចរណ៍ និងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន សម្រាប់តភ្ជាប់ទៅកាន់បណ្ដាខេត្តនានា ដូចជាផ្លូវជាតិលេខ ១ លេខ ២ លេខ ៣ លេខ ៤ លេខ ៥ លេខ ៦ លេខ ៨ លេខ ១១ លេខ ២១ និងលេខ៥១ ជាដើម ដែលនឹងធ្វើឱ្យខេត្តមួយនេះមានកក្កានុពលល្អ សម្រាប់ក្រុមហ៊ុន នានា ចូលមកវិនិយោគ៕