តើមូលហេតុអ្វីបានជាវិនិយោគិនបរទេសនិយមមកវិនិយោគអចលនទ្រព្យនៅកម្ពុជា?

0

ដោយ ហ្សូលី

ភ្នំពេញ៖ វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា នឹងត្រូវបានទទួលស្គាល់ថាជាប្រទេសមានសក្តានុពលខ្ពស់ក្នុងការវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ជនបរទេសប្រមាណជិតមួយលាននាក់មកស្នាក់នៅ និងប្រកបរបរនៅក្នុង ទីក្រុងភ្នំពេញ ដែលតាមទិន្នន័យសរុបប្រមាណជាង៣លាននាក់។ តើមានមូលហេតុលម្អិតអ្វីបានជាបណ្តាលឱ្យប្រទេសកម្ពុជាមានវិនិយោគិនមកពីបណ្តារប្រទេសនានាចូលបណ្តាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាច្រើនបែបនេះ?

យោងតាមទិន្នន័យពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា វិស័យសំណង់របស់កម្ពុជាបានទាក់ទាញទុនវិនិយោគបានជាង ២,៥០០ លានដុល្លារ ពី ១០០០ គម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ពីក្រសួងនៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុកនីម ធ្លាប់ពន្យល់មកគេហទំព័រ Propertyarea.asia កាលពីពេលកន្លងមកថា ចិនជាប្រទេសដែលបោះទុនវិនិយោគច្រើនជាងគេនៅក្នុងវិស័យ អចលនទ្រព្យនៅកម្ពុជា ខណៈវិនិយោគិនចិនដឹងច្បាស់ពីសក្តានុពលរបស់វិស័យអចលនទ្រព្យនៅកម្ពុជា។

បើតាមឱ្យដឹងពីរបាយការណ៍ប្រចាំឆ្នាំ២០១៩ របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីដើមខែនេះថា ប្រទេសចិនឈរក្នុងលំដាប់ទី១ ដែលបានវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ ទុនវិនិយោគមាន ប្រមាណជាង ១០០០ពាន់ ប៊ីលានរៀល នាំមុខប្រទេសធំៗចំនួន៤ផ្សេងទៀតដែលកំពុងវិនិយោគលើវិស័យនេះ។ វិនិយោគដែលមកពីបណ្តារប្រទេសផ្សេងៗទៀតមានដូចជា សិង្ហបុរី អាមេរិក កូរ៉េខាងត្បូង ជប៉ុន និងប្រទេសផ្សេងៗទៀត។

ប្រទេសកម្ពុជាមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធស្ទើររៀងរាល់ថ្ងៃ ដែលនេះជាហេតុផលមួយអាចទាញយកការបណ្តាក់ទុនពីបរទេសផងដែរ។ មានភាពងាយស្រួលលើវិស័យដឹកជញ្ជូន ផ្តល់ឱកាសឱ្យវិនិយោគិនអាចបន្តមុខជំនួញបានដោយរលូន។

កត្តាសំខាន់គឺគោលនយោបាយក្នុងប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថេរភាព មានភាពរឹងមាំ ដូច្នេះវិនិយោគិនទាំងឡាយមានទំនុកចិត្ត និងគ្មានហានិភ័យឬព្រួយបារម្ភពីស្ថានភាពនយោបាយនោះឡើយ។ ទន្ទឹមនេះ សេដ្ឋកិច្ចកម្ពុជាទៀតសោត ក៏មានកំណើនទៅមុខពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជារងឥទ្ធិពលដោយសារជំងឺរាតត្បាត Covid-19 ក៏កម្ពុជាមិនទាន់មានកំណត់ត្រាសេដ្ឋកិច្ចដុនដាបខ្លាំងនៅឡើយ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ភ្នាក់ងារស្រាវជ្រាវសេដ្ឋកិច្ចអាមេរិក Moody’s Investors Service បានចេញរបាយការណ៍ថា ផលិតផលសរុបក្នុងស្រុករបស់កម្ពុជានឹងមានលទ្ធភាពស្ទុះងើបឡើងវិញជិត ៦ ភាគរយ នៅឆ្នាំ ២០២១ វិញ។ ចំនុចពិសេសទាំងអស់នេះ ដែលបណ្តារចិត្តឱ្យវិនិយោគិនបរទេសហ៊ានសម្រេចចិត្តចូលមកវិនិយោគលើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here