ការស្ថាបនា​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី២ សម្រេចបាន​ប្រមាណ ៩៧ភាគរយ​ហើយ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មនុស្ស​ជាច្រើន​នឹក​ឃើញតែ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ដែលជា​ផ្លូវ​ដ៏​សំខាន់ ប៉ុន្តែ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី២រឹង​តែ​សំខាន់ ព្រោះ​គ្មាន​ក្រវ៉ាត់​ក្រុង​ទី២ ក៏​គ្មាន​ទី៣ដែរ។

យោងតាម​របាយការណ៍​របស់​មន្ទីរ​សាធារណកា​រៈ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី២៩ ខែឧសភា​ឆ្នាំ២០២០ ជា​លទ្ធផល​នៃ​ការសាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី២ បានសម្រេច​ប្រមាណ ៩៧ភាគរយ។

ទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ធ្លាប់បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្វះស្វែង ក្នុងការ​ពង្រីក​ផ្លូវ​ក្រវ៉ាត់​ក្រុង​ដើម្បី​ធ្វើ​យ៉ាណា សម្រួល​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​រវាង​កំណាត់​ទី២ ត​ភ្ជាប់​ពី​មហាវិថី​សហព័ន្ធ​រុស្សី (ត្រង់​ស្តុ​ប​ផ្សារ​ដី​ហុយ) ឆ្ពោះទៅ​ផ្លូវជាតិ​លេខ២(ត្រង់​ព្រែក​សំរោង តាខ្មៅ)។

បើ​និយាយ​ឱ្យ​ងាយ​យល់ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី២ ត​ភ្ជាប់​ពី​ស្តុ​ប​ផ្សារ​ដី​ហុយ ទៅ​ផ្លូវ​លេខ១០១៩ កាត់​តាមផ្លូវ North Bridge ផ្លូវ​ទ្រុងមាន់ ផ្លូវ​មុខរ​រោងចក្រ​អគ្គិសនី ផ្លូវ​មុខ​សហគមន៍​អន្លង់​គង ផ្លូវ​ទំនប់៧មករា ដល់​ផ្លូវជាតិ​លេខ២ ភ្ជាប់​ស្ពាន​ព្រែក​សំរោង​តាខ្មៅ។

ផ្លូ​ក្រវ៉ាត់​ក្រុង​ភ្ជាប់​ទៅ​ភាគខាងត្បូង នៃ​រាជា​ធានី​ភ្នំពេញ​នេះ មាន​ប្រវែង១៧ គីឡូម៉ែត្រ គ្រោង​ចំណាយ​ជិត៦២លាន​ដុល្លារ​អាមេរិក ក្រោម​ហិរញ្ញប្បទាន​រដ្ឋាភិបាល​ប្រជាមានិត​ចិន ដោយ​ប្រើ​រយៈ​សាងសង់៣៦ខែ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ២០១៩ខាងមុខ។

ផ្លូវ​ក្រវ៉ាត់​ក្រុង​កំណាត់​ទី២ តម្លៃ​ជិត៦២លាន​ដុល្លារ​អាមេរិក​នេះ ត្រូវបាន​បើក​ការ  ដ្ឋា​ន​សាងសង់​នៅ​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ចំ​ថ្ងៃ​ដែល​ផ្លូវ​ក្រវ៉ាត់​ក្រុង​ខ្សែ​ទី២ កំណាត់​ទី១ បើកសម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។

ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី២នេះ បែង​ចែកជា​ពីរ​កំណាត់ ដោយ​កំណាត់​ទី១ មាន​ប្រវែង១០ គីឡូម៉ែត្រ ដោយ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង១០ លាន​ដុល្លារ​អាមេរិក ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ពី​សាធារណរដ្ឋ​វៀតណាម ហើយ​ត​ភ្ជាប់​ពី​ផ្លូវ​ទំនប់​កប់​ស្រូវ (ឬ​ផ្លូវ​១២០K) ឆ្ពោះទៅកាន់​មហាវិថី​សហព័ន្ធ​រុស្សី។

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល​បានឱ្យដឹងថា ផ្លូវ​ក្រវ៉ាត់​ក្រុង​នេះ នឹងចូលរួម​កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ជម្រុញ​ការដឹកជញ្ជូន ភស្តុភារ និង​ទំនិញ មាន​លក្ខណៈ​កាន់តែ​ងាយស្រួល​ពី​ផ្លូវជាតិ​លេខ៥ ទៅ​ផ្លូវជាតិ​លេខ២ និង​ទៅ​ផ្លូវជាតិ​លេខ១បាន​ឆាប់រហ័ស ជាពិសេស​ការតភ្ជាប់​ទៅកាន់​តំបន់​ទំនប់​កប់​ស្រូវ។

លោក​បន្តថា “តំបន់​ទំនប់​កប់​ស្រូវ​កំពុងមាន​ការអភិវឌ្ឍ​ខ្លាំង និង​ប្រែ​ក្លាយទៅជា​មជ្ឈមណ្ឌល​ស្តុក​ផ្គត់ផ្គង់ និង​ចែកចាយ​ទំនិញ នៅ​តំបន់​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ ត​ភ្ជាប់​ទៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (ផ្លូវជាតិ​លេខ១) និង​ទៅ​ក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​ផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here