ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ លោកអូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា កម្ពុជាបាន និងកំពុងអនុវត្តនូវបរិយាកាសធុរកិច្ចអំណោយផល រួមទាំងការលើកទឹកចិត្ត បន្ថែមទៀតដល់អ្នកវិនិយោគិនបរទេស។
ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះបានថ្លែងក្នុងជំនួប ជាមួយលោក Jun ARI នាយកគ្រប់គ្រងទូទៅនៃសាជីវកម្ម Mitsubishiជប៉ុនកាលពីម្សិលម៉ិញនេះថា កម្ពុជាអាចរក្សាក្នុងកំណើនសេដ្ឋកិច្ចបានល្អ អាស្រ័យមានការចូលរួមចំណែកពីវិស័យឯកជន ដែលរាជរដ្ឋាភិបាលបានចាត់ទុកជាដៃគូយ៉ាងសំខាន់មិនអាចកាត់ថ្លៃបាន ជាក់ស្តែងក្រុមហ៊ុន Mitsubishi ដែលបានដំណើរការនៃសាជីវកម្មនៅកម្ពុជា ក៏ជាការចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជាមួយផ្នែកផងដែរ។
លោកបន្តថា កម្ពុជាមានគោលនយោបាយ ក្នុងការទាក់ទាញអ្នកវិនិយោគិនបរទេសឲ្យមកបណ្តាក់ទុនកាន់តែច្រើន”។ លោកបន្តថា “កម្ពុជាក៏មានគោលនយោបាយអនុគ្រោះ និងគាំពារវិនិយោគពីបរទេស ដើម្បីអនុវត្តនូវបរិយាកាសធុរកិច្ចអំណោយផល ដែលជាការលើកទឹកចិត្តបន្ថែមទៀត ដល់អ្នកវិនិយោគិនបរទេស ឲ្យមកបណ្តាក់ទុននៅកម្ពុជាប្រកបដោយភាពជឿជាក់”។