គម្រោង​ស្ថាបនា​ផ្លូវ​វាង​ក្រុងព្រះសីហនុ និង​វិថី​សុវត្ថិភាព​សម្ដេច​សង្ឃរា​ជ​ទេព​វង្ស កំពុង​ព​ន្លឿ​ន​ការសាងសង់

0

ដោយ ៖ រ៉ា​ណេ​

ព្រះសីហនុ ៖ គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​វិថី​សុវត្ថិភាព​សម្ដេច​សង្ឃរា​ជ​ទេព​វង្ស និង​ផ្លូវ​លេខ១៤៨ បំបែក​ចេញពី​ផ្លូវជាតិ​លេខ៤ ត្រង់​គីឡូម៉ែត្រ១៧៨ +១៦៥ រង្វង់​មូល​សម្ដេច​សង្ឃរាជ​ទេព​វង្ស​ដល់​រង្វង់​មូល​ស្ទឹងហាវ រួច​បន្ត​រហូតដល់​កំ​ពង់​ផែ ដែលជា​ផ្លូវ​វាង​ក្រុង​ដ៏​សំខាន់ កំពុង​ត្រូវបាន​ជំរុញ និង​ព​ន្លឿ​ន​ការសាងសង់ និង​បញ្ចប់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ បាន​ចុះ​មើល​វឌ្ឍនភាព​សាងសង់​ផ្លូវ​លេខ ១៤៦បេ ឬ​វិថី​សុវត្ថិភាព​សម្ដេច​សង្ឃរា​ជ​ទេព​វង្ស និង​ផ្លូវ​លេខ១៤៨ ដើម្បី​ពិនិត្យ​គុណភាព​នៃ​ការសាងសង់ សំដៅ​ធានា​ឱ្យបាន​តាម​ស្តង់ដា​ដែល​អាច​ទទួលយកបាន ពោលគឺ​ធ្វើ​ផ្លូវ​ឱ្យមាន​គុណភាព​រឹងមាំ អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង។

លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា “កំណាត់​ផ្លូវ​នេះ​គឺជា​ផ្លូវ​វាង​ក្រុង​ដ៏​មាន​សក្ដានុពល​សម្រាប់​ប​ម្រើ​ឱ្យ​ការដឹកជញ្ជូន​ទំនិញ​នាំចេញ-ចូល​តាម​នាវា កសិផល និង​ជលផល​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ស្រុក ស្ទឹងហាវ ក៏ដូចជា​បងប្អូន​រស់​នៅ​តំបន់​ទំនប់រលក​ចាស់​នៃ​ក្រុងព្រះសីហនុ ទៅកាន់​ទីផ្សារ កាន់​តែមាន​លក្ខណៈ​ងាយស្រួល ឆាប់រហ័ស និង​ចំណាយ​តិច និង​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ដល់​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​តាមផ្លូវ​ជាតិ​លេខ៤ ចំពោះ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ធុន​ធ្ងន់​ដូចជា​កុង​ទី​ន័​រ ជាដើម” ។

គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​កំណាត់​ផ្លូវ​ខេត្ត​លេខ១៤៦បេ ឬ​វិថី​សុវត្ថិភាព​សម្ដេច​សង្ឃរា​ជ ទេព វង្ស និង​ផ្លូវ​លេខ១៤៨ មាន​ប្រវែង​សរុប ៤៣,០២៥ គីឡូម៉ែត្រ ចាប់ពី​បំបែក​ផ្លូវជាតិ​លេខ៤ ត្រង់​គីឡូម៉ែត្រ​លេខ ១៧៨+១៦៥ ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ដល់​រង្វង់​មូល​ស្ទឹងហាវ ស្ថិតនៅ​ភូមិ១ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ និង​បន្ត​រហូត ដល់​កំពង់ផែ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

ផ្លូវ​ទាំងនេះ សាងសង់​ដោយ​ចាក់​បេតុង​កៅស៊ូ AC ទទឹង​សរុប ១១ម៉ែត្រ​កម្រាស់៩សង់ទីម៉ែត្រ និង​ចិញ្ចើម​គ្រួស​ក្រហម ០,៥០ ម៉ែត្រ​សងខាង ចាប់ពី​រង្វង់​មូល​សម្ដេច​សង្ឃរាជ​ទេព​វង្ស PK០+០០០ ដល់ PK២០+៦៧៨ ប្រវែង២០,៦៧៨គីឡូម៉ែត្រ និង​ចាក់​បេតុង​សរសៃដែក​ទទឹង ១១ម៉ែត្រ​កម្រាស់២៦សង់ទីម៉ែត្រ​ប្រវែង ២២,៣៤៧ គីឡូម៉ែត្រ​និង​ចិញ្ចើម​គ្រួស​ក្រហម ០,៥០ម៉ែត្រ សងខាង​ចាប់ពី PK២០+៦៧៨ ដល់ PK៤៣+០,២៥។

កំណាត់​ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​នាយកដ្ឋាន​ផ្លូវថ្នល់ នាយកដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណ: និង​នាយកដ្ឋាន​បច្ចេកទេស​សាធារណការ និង​ដឹកជញ្ជូន នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រើប្រាស់​រយ:ពេល​សាងសង់​ចំនួន ២៨ ខែ ដោយ​គិត​ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ដែលជា​ការចំណាយ​ថវិកា​សន្សំ​របស់​ជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here