ចង់​ក្លាយជា​អ្នកលក់​អចលនទ្រព្យ​ប៉ិនប្រសប់ តើ​ត្រូវ​ហ្វឹកហាត់​ដូចម្តេចខ្លះ?

0

ដោយ ៖ ហ្សូ​លី

ភ្នំពេញ ៖ ចរន្ត​ទីផ្សារ​អចលនទ្រព្យ​អាចមាន​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ គឺ​បណ្តាលមកពី​កត្តា​ជាច្រើន​ដូចជា គម្រោង​ច្បាស់លាស់ ស្ថានភាព​នយោបាយ និង​ការផ្តល់ជូន​ពិសេស​ដល់​អតិថិជន។ ទាំងអស់នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​អតិថិជន​ដោយសារតែ​ភ្នាក់ងារ​លក់​អចលនទ្រព្យ ដូច្នេះ​ដើម្បីឱ្យ​ក្លាយខ្លួនជា​ភ្នាក់ងារ​ក្នុងនាម​ជា អ្នកលក់​មាន​ភាព​ប៉ិនប្រសប់ តើ​ត្រូវ​ហ្វឹកហាត់​ទៅលើ​ចំនុច​ណាខ្លះ?

យោងទៅតាម​អ្នកជំនាញ​អចលនទ្រព្យ​នៅ​សហរដ្ឋអាមេរិក​វិញ លោក TalBot Sutter បានឱ្យដឹងថា ចំនុច​សំខាន់​ដែល​អ្នកលក់​ត្រូវ​ប្រកាន់ខ្ជាប់​នោះ គឺ​ត្រូវតែ​ចាត់ទុក​អតិថិជន​ដូចជា​មាស។ មិន​ថា​អតិថិជន​ទិញ​អចលនទ្រព្យ​តម្លៃ​ក្រោម ១០ ម៉ឺន​ដុល្លារ​ក្តី លើ ១០ម៉ឺន​ដុល្លារ​ក្តី ឬ​ដល់​រាប់លាន​ដុល្លារ​ក្តី ចាំបាច់​ត្រូវ​បម្រើ​ពួកគេ​ឱ្យ​ដូចគ្នា។ ត្រូវ​ចាំ​ថា កាលណា​អ្នក​ក្លាយជា​អ្នកលក់​ដ៏​មាន​ទំនុកចិត្ត ពេលដែល​អ្នកលក់​គម្រោង​រាប់លាន​ដុល្លារ ក៏​ពួកគេ​នៅតែ​ហ៊ាន​ចំណាយ និង​បន្ត​រាប់អាន​ក្នុង​ភាពជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ។

ចំណែក​លោកស្រី Judy Williams ជា​អ្នកលក់​អចលនទ្រព្យ​ពោរពេញ​ដោយ​បទពិសោធន៍​ទាំង​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប បាន​ចែករំលែក​ថា ត្រូវ​ចាប់​គ្រប់​ឱកាស​ទាំងអស់ ទោះបី​ជាមាន​គម្រោង ឬ​អចលនទ្រព្យ​ច្រើនយ៉ាង​ណាក៏ដោយ។ ជាពិសេស ត្រូវ​រាយការណ៍​ប្រាប់​ភ្ញៀវ​ឱ្យបាន​ល្អិតល្អន់​រាល់​ពេលដែល​ពួកគេ​មាន​សំណួរ និង​ចង់ដឹង​ច្បាស់​ពីអ្វី​មួយ​ដែល​ទាក់ទង​នឹង​គម្រោង។

អ្នកជំនាញ​រូបនេះ​បង្ហើប​ថា ក្នុងសម័យ​ប្រព័ន្ធ​ឌីជីថល​នេះ ចាំបាច់​ត្រូវ​ចេះ​ប្រើប្រាស់​ទិច​និក​បង្អួត​ពី​អ្វីដែល​អ្នកលក់​មាន ដូចជា​ការបង្កើត​វីដេអូខ្លីៗតាម​ប្រព័ន្ធ​អន​ឡាញ និង​បណ្តាញ​សង្គម​ជាដើម។ មិន​ថា​ជាការ​ផុស​នៅលើ​ហ្វេ​ស​ប៊ុ​ក ឬ​អ៊ី​ន​ស្តា​ក្រោម​ទេ អ្នកលក់​ត្រូវ​ចំណាយពេលខ្លះៗ បង្ហាញ​ពី​ទិដ្ឋភាព​ក្នុងផ្ទះ ចែករំលែក​ពី​វិធីសាស្ត្រ​មួយចំនួន​ជូន​ដល់​អតិថិជន​ជា​គោលដៅ។

ម្យ៉ាងវិញទៀត ត្រូវ​ប្រុងប្រយ័ត្ន​អំពី​ប្រ​វិត្ត​រូប​ឱ្យបាន​ច្បាស់លាស់ ព្រោះ​មុននឹង​អ្នកទិញ​សម្រេចចិត្តថា​ទិញ ពួកគេ​បាន​ឆែកឆេរ ស៊ើប​ប្រ​វិត្ត​នៅលើ​គណនី​បណ្តាញ​សង្គម​របស់​អ្នក​ជាមុន។ ចៀសវាង​ការ​មាន​ជម្លោះ ការបោក​បញ្ឆោត ការបន្តុះ​បង្អាប់​លើ​អ្នក​រួម​អាជីព​ស្ថិតក្នុង​វិស័យ​តែមួយ។ ប្រការ​ល្អ គួរតែ​ចែកឱ្យដាច់​រវាង​គណនី​សម្រាប់​លក់ ឬ​ធ្វើ​ជំនួញ និង​គណនី​ផ្ទាល់ខ្លួន​សម្រាប់​បង្ហោះ​ព័ត៌មាន​ផ្ទាល់ខ្លួន។

ដោយឡែក​អ្នកជំនាញ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ លោក​អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Show Up Real Estate ធ្លាប់បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​អ្នកលក់​អចលនទ្រព្យ​មួយរូប ត្រូវ​ចេះ​សិក្សា​បន្ថែម​ដើម្បី​អភិវឌ្ឍន៍​អាជីព។ ក្រៅពីនេះ ត្រូវមាន​ភាព​អត់ធ្មត់ ពូកែ​ទំនាក់ទំនង និង​ចេះ​ស៊ើបសួរ​លក់​នូវ​គម្រោងល្អៗច្បាស់លាស់​មានការ​ទទួល​ស្គាល់ ដែល​ទាំងអស់នេះ ចាំបាច់​ត្រូវតែ​ចេះ​តាមដាន​នូវ​រាល់​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​អចលនទ្រព្យ​កាន់តែ​ប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here