ក្រុងប៉ោយប៉ែត នៅតែទាក់ទាញគម្រោងវិនិយោគលើវិស័យសំណង់

0

ដោយ ៖ រ៉ាណេត

ប៉ោយប៉ែត ៖ គម្រោងសាងសង់សំណង់អាគារពាណិជ្ជកម្មចម្រុះ ដែលមានកម្ពស់ចាប់ពី៥ជាន់ឡើង សរុបជាង២០គម្រោងនៅក្នុងក្រុងប៉ោយប៉ែត នៅតែបន្តសកម្មភាពសាងសង់យ៉ាងសកម្ម ដើម្បីត្រៀមចាំបំពេញតម្រូវការទីផ្សារក្រោយបញ្ចប់ភាពប្រឈមនៃវិបត្តិសេដ្ឋកិច្ចក្នុងពេលខាងមុខនេះ។

យ៉ាងហោចណាស់មានអាគារពាណិជ្ជកម្មដែលមានកម្ពស់ចាប់ពី៥ជាន់ឡើងទៅជាង ២០គម្រោង ដែលមានទុនវិនិយោគសរុបច្រើនជាង ១៥០លានដុល្លារ កំពុងតែបន្តដំណើរការសាងសង់ ដែលនឹងគ្រោងបញ្ចប់ក្នុងពេលខាងមុខ។ នេះបើតាមការលើកឡើងរបស់លោក សួង សុខហ៊ាង ដែលជាអ្នកជំនួញ និងវិនិយោគក្នុងវិស័យអចលនទ្រព្យនៅក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Four Star Plus Four និងក្រុមហ៊ុន Sg Top Trust លោក សួង សុខហ៊ាង បានមានប្រសាសន៍ថា “ពេលនេះ ចំពោះចរន្តទីផ្សារនៃការទិញ-លក់ អចលនទ្រព្យ ក៏ដូចជាការជួលផងដែរ គឺនៅបន្តភាពស្ងប់ស្ងាត់ ជាពិសេសអគារស្នាក់នៅរួម ដូចជាអាផាតមិន និងខុនដូជាដើម ប៉ុន្តែសម្រាប់ការសាងង់សំណង់ទូទៅ ដូចជាសំណង់លំនៅដ្ឋាន ក៏ដូចជាសំណង់អាគារពាណិជ្ជកម្មផងដែរ គឺនៅតែបន្តមានសកម្មភាពធម្មតា”។

លោកបានបន្តទៀតថា “ក្រៅពីគម្រោងសាងសង់សំណង់អគារកាស៊ីណូធំៗប្រមាណ១៥គម្រោង ដែលស្ថិតនៅតំបន់ផ្លូវផ្កាយ៥ នៅមានគម្រោងសាងសង់អាគារពាណិជ្ជកម្មធំៗ និងមានកម្ពស់ខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅមិនតិចជាង២០គម្រោងនោះទេ ក៏កំពុងពន្លឿនការសាងសង់ ដើម្បីបញ្ចប់គម្រោងតាមការគ្រោងទុកផងដែរ ដែលភាគច្រើននឹងអាចបញ្ចប់ត្រឹមពាក់កណ្តាកឆ្នាំ២០២១ខាងនេះ”។

លោក សួង សុខហ៊ាង បានអះអាងថា គម្រោងសំណង់អាគារពាណិជ្ជកម្មទាំងអស់នេះ សុទ្ធតែជាគម្រោងដែលបានបន្សល់កាលពីឆ្នាំចាស់ទាំងអស់ ហើយម្ចាស់គម្រោងមិនមានក្ដីបារម្ភទៅលើហានិភ័យទីផ្សារក្រោយការបញ្ចប់ការសាងសង់ជាស្ថាពរនោះទេ ដោយហេតុថា ទម្រាំដល់ពេលសំណង់បញ្ចប់ការសាងសង់ក៏ត្រូវចំណាយពេល១ឆ្នាំទៀត ដែលសមល្មមនឹងការបញ្ចប់វិបត្តិសេដ្ឋកិច្ចពិភពលោកដែលកំពុងប្រឈមនៅពេលបច្ចុប្បន្ន ជាពិសេស មានគម្រោងគម្រោងកាស៊ីណូជាច្រើនទៀតដែលបានបង្វែរគោលដៅពីក្រុងព្រះសីហនុ មកកាន់ក្រុងប៉ោយប៉ែត ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានកំណើននៃតម្រូវការទីផ្សារ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ថា “នៅក្នុងតំណាក់កាលនេះ បើនិយាយពីការទិញ-លក់ អចលនទ្រព្យនៅតំបន់ប៉ោយប៉ែត គឺទាល់តែមានតម្លៃទាបជាងទីផ្សារ ប៉ុន្តែបើរង់ចាំរហូតដល់ឆ្នាំក្រោយ ឬពាក់កណ្តាលឆ្នាំ២០២១ ការទិញ-លក់ ឬជួល អាចនឹងមានភាពល្អប្រសើរឡើងវិញ ជាពិសេសក្រោយពេលដែលវិបត្តិដែលកំពុងប្រឈមត្រូវបានបញ្ចប់”។

លោកឧកញ៉ាបានបន្តទៀតថា “អចលនទ្រព្យនៅកម្ពុជា មិនថាចំពោះតែក្រុងព្រះសីហនុ ក្រុងបាវិត ក៏ដូចជាក្រុងប៉ោយប៉ែតនោះទេ មួយចំណែកធំគឺបានមកពីទីផ្សារក្នុងតំបន់ ដោយក្នុងប្រទេសចិនបានឈរនៅលេងរៀងកំពូល។ ដូច្នេះនៅពេលដែលវិបត្តិនេះត្រូវបានប្រទេសចិនទប់ស្កាត់បានជោគជ័យ នោះទីផ្សារកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញ”។

លោកបញ្ជាក់ថា “គ្រប់គម្រោងវិនិយោគធំៗ គឺសុទ្ធតែសំឡឹងមើលក្នុងរយៈពេលយូរ មានន័យថា ប្រសិនបើក្នុងរយៈពេលមួយឆ្នាំ ឬលើសពីនេះ ទើបគម្រោងសាងសង់ត្រូវបញ្ចប់ នោះមានន័យថា ការព្យាករណ៍របស់ក្រុមហ៊ុនដែលជាម្ចាស់គម្រោងគឺជារឿងដែលត្រឹមត្រូវបំផុត និងមិនមានហានិភ័យខ្ពស់នោះទេ។ នៅពេលគម្រោងសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ តម្រូវការទីផ្សារជាក់ស្ដែងក៏ចាប់ផ្តើមមាន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here