ដោយ ហ្សូលី
ភ្នំេពញ៖ វិស័យខុនដូនៅក្នុងប្រទេសកម្ពុជាកំពុងមានភាពរីកដុះដាលជាខ្លាំងនៅក្នុងទីក្រុងភ្នំេពញ ដោយហេតុថា ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមស្វែងយល់ពីការរស់នៅតាមបែបទំនើប និងផ្តល់ភាពងាយស្រួលក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ដូច្នេះមុននឹងទិញខុនដូ អ្នកគួរស្វែងយល់ឱ្យបានច្បាស់លាស់ពីចំនុចវិជ្ជមាន និងអវិជ្ជមានមួយចំនូនសិន។ របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានបង្ហាញថា នៅទូទាំងរាជធានីភ្នំពេញមានគម្រោងខុនដូចំនួន៥ ស្មើនឹង២៨៤៣យូនីត បានចូលទៅក្នុងទីផ្សារក្នុងត្រីមាសទី១នៃឆ្នាំនេះ ដែលបានធ្វើឱ្យខុនដូមានកំនើនរហូតដល់២០,៨៥១យូនីត ក្នុងទីផ្សារទាំងមូល។

-->
១/ចំណុចវិជ្ជមាន
តម្លៃសមរម្យ
បើប្រៀបធៀបរវាងតម្លៃខុនដូនៅក្នុងក្រុង និងលំនៅដ្ឋានក្នុងក្រុង ច្បាស់ណាស់ថាខុនដូមានតម្លៃទាបជាង។ ដូច្នេះសម្រាប់គ្រួសារតូច ដែលមានសមាជិកតិច អាចមានលទ្ធភាពផ្គត់ផ្គង់អចលនវត្ថុប្រភេទនេះបាន។ សូម្បីតែការបង់ពន្ធក៏មានតម្លៃទាបជាងដូចគ្នា បើប្រៀបធៀបជាមួយលំនៅដ្ឋាន។ លើសពីនេះ ម្ចាស់ខុនដូមិនចាំបាច់ព្រួយបារម្ភរឿងជួសជុលនិងថែទាំច្រើនឡើយ ចំនុចនេះបានន័យថា ម្ចាស់ខុនដូមិនត្រូវព្រួយបារម្ភរឿងជួសជុលជណ្តើរ ដំបូល ផ្លូវដើរ នោះទេ ទាំងនោះគឺជាការទទួលខុសត្រូវរបស់ខាងគ្រប់គ្រងអគារតែប៉ុណ្ណោះ។
ការផ្តល់សេវាកម្មពិសេស
ការរស់នៅតាមខុនដូ មានភាពងាយស្រួលត្រង់ចំនុចសេវាកម្មនេះតែម្តង ដោយសារតែមានប្រព័ន្ធរក្សាសន្តិសុខដល់អ្នករស់នៅបាន ២៤ ម៉ោង និងជារៀងរាល់ថ្ងៃ។ ព្រព័ន្ធការពារសុវត្ថិភាពមានភាពទំនើប ដូចជាការដាក់កាមេរ៉ាគ្រប់ផ្លូវចេញចូល ដូច្នេះមិនថារស់នៅម្នាក់ឯង ឬមនុស្សវ័យចំណាស់រស់នៅឡើយ គឺមានសុវត្ថិភាពខ្ពស់ និងផាសុកភាព។ សេវាសម្អាតអនាម័យ ជួសជុលសម្ភាៈក្នុងខុនដូ និង មានក្លឹបហាត់ប្រាណ អាងហែលទឹក ស្ប៉ា ជាដើម។ បើនៅតាមអគារខុនដូខ្លះមានស្កាយបារ Skybar ភោជនីយដ្ឋាន និងមានការរៀបចំពិធីជួបជុំផ្សេងៗ។
ឱកាសផ្សារភ្ជាប់ជាមួយសង្គម និងឱកាសចំណេញការរស់នៅខុនដូមានអាទិភាពត្រង់ថា មានឱកាសស្ថិតនៅចំកណ្តាលក្រុងមានមន្ទីរពទ្យ ផ្សារទំនើប សាលារៀន តំបន់ពាណិជ្ជកម្ម និងកន្លែងប្រកបការងារ។ មិនតែប៉ុណ្ណោះ ឱកាសចំណេញក៏ទទួលបានច្រើនទៅតាមទីតាំងនិងតំបន់ផងដែរ ព្រោះម្ចាស់ខុនដូ អាចរស់នៅក៏បាន អាចដាក់លក់ឬជួលវិញក៏បាន។ គម្រោងខុនដូមានការយោគយល់ដោយសន្យាថា នឹងបង្វិលជួលវិញក្នុងករណីដែលម្ចាស់បន្ទប់ខុនដូ រកអ្នកជួលមិនបាន។ តាមរបាយការណ៍របស់ CBRE Cambodia បានឱ្យឃើញថា ការជួលប្រចាំខែជាមធ្យមក្នុងមួយម៉ែត្រការ៉េ សម្រាប់យូនីតដែលមាន តម្លៃខ្ពស់គឺ១៤,២១ដុល្លារ និង១១,៧៩ដុល្លារ សម្រាប់យូនីតខ្នាតមធ្យម។

២/ចំណុចអវិជ្ជមាន
មានវិនិ័យច្រើន
តាមអគារខុនដូខ្លះមានការដាក់វិន័យតឹងតែងដែលបណ្តាលឱ្យការរស់នៅរបស់ម្ចាស់បន្ទប់ខុនដូមានភាពលំបាកដែរ ជាក់ស្តែងដូចជាការចិញ្ចឹមសត្វ គឺត្រូវរឹតបន្តឹងដើម្បីរក្សាអនាម័យក្នុងបរិវេណអគារខុនដូ។ វិន័យនៃការចោលសម្រាមក៏មានភាពលំបាក តែក៏មានខុនដូខ្លះមានសេវាកម្មឱ្យអ្នកអនាម័យមកប្រមូលសម្រាម ហើយខ្លះទៀតតម្រូវឱ្យយកទៅបោះចោលខ្លួនឯង ដែលបង្កផលវិបាកក្នុងការឡើងចុះផងដែរ។
ទំហំបន្ទប់ខុនដូតូច និងកំណត់ភាពឯកជន
ជាក់ស្តែងបើសិនជាអ្នកដែលមានមុខជំនួញធំៗ ត្រូវការកន្លែងស្តុកទំនិញច្រើន អាចនឹងត្រូវពិចារណាបន្តិច ព្រោះថា ខុនដូបង្កើតឡើងសម្រាប់ការរស់នៅ ដោយមិនមានបន្ទប់សល់សម្រាប់ផ្ទុកឥវ៉ាន់ ឬមានដីសល់ដែលអាចសាងសង់បន្តនោះទេ។ ទន្ទឹមនេះ ភាពឯកជនរបស់ម្ចាស់បន្ទប់ខុនដូនិមួយៗត្រូវកាត់បន្ថយ មិនអាចជប់លៀង បង្កើតសម្លេងលឺៗ នោះឡើយ ព្រោះអាចបង្កការរំខានដល់អ្នកដទៃ។ ការរស់នៅរបស់ខុនដូគឺជាការស់នៅតាមបែបសហគមន៍ ដែលត្រូវក្រែងចិត្ត និងគោរពសិទ្ធអ្នកដទៃ។
ទាំងនេះជាចំណុចវិជ្ជមាននិងអវិជ្ជមានខ្លះដែលអ្នកទិញខុនដូត្រូវស្វែងយល់ស៊ីជម្រៅជាមុនសិន។ យ៉ាងណាមិញ អ្នកជំនាញអចលនទ្រព្យ លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុន ERA Cambodia ធ្លាប់បានមានប្រសាសន៍ថា អតិថិជនគួរសិក្សាពីចំណុចសំខាន់ៗនៃខុនដូឱ្យបានច្បាស់លាស់ ឬអាចស្វែងរកជំនួយពីសំណាក់ក្រុមប្រឹក្សាទិញ-លក់ អចលនទ្រព្យ ដែលមានជំនាញពិតប្រាកដ ចៀសវាងការខាត់បង់ធនធាននៅថ្ងៃអនាគត៕ Inquirer
