រដ្ឋមន្ត្រីពាណិជ្ជកម្មនិយាយពីធនធានមនុស្សក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិបានថ្លែងថា ការកសាងធនធានមនុស្ស និងការពង្រឹងសមត្ថភាពទាំងនៅក្នុងក្របខណ្ឌមន្ត្រីរាជការ និងវិស័យឯកជនជាកត្តាសំខាន់ ដើម្បីធានាការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោ​យនិរន្តភាព។

លោករដ្ឋមន្ត្រីបានថ្លែង ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាអ្នកតំណាងស្របច្បាប់ ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល (ជំនាន់ទី១) ចំនួន ៦១នាក់ និងពិធីបើកវគ្គបណ្តុះបណ្តាល អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ នាំចូល (ជំនាន់ទី២) ដែលរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ សហការជាមួយនាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួ​ងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។

លោកប៉ាន សូរស័ក្តិបានស្នើពួកគេប្រើប្រាស់ចំណេះដឹងថ្មីៗ ដើម្បីចូលរួមជំរុញសកម្មភាពពាណិជ្ជកម្មជាតិ ជាពិសេសទាញយកអត្ថប្រយោជន៍អតិបរិមាពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មផ្តល់ដោយប្រទេសនានា។

លោកបានបន្តទៀតថា កម្ពុជាបានប្រឹងប្រែងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅក្នុងតំបន់ និងប្រទេសដៃគូចំនួន៦ទៀត និងកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ព្រមទាំងចរចាក្រោមក្របខ័ណ្ឌអង្គការពា​ណិជ្ជកម្មពិភពលោក (WTO) សំដៅដករបាំងពាណិជ្ជកម្ម សម្រាប់ផលិតផលនាំចេញពីកម្ពុជា ដែលនឹងជួយសម្រួលការធ្វើពិពិធកម្មវិស័យនាំចេញ និងការអភិវ​ ឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យោងតាមទិន្ន័យក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការនាំចេញរបស់កម្ពុជាកាលពីឆ្នាំ២០០៧​មានទឹកប្រាក់៣,៥២៥លានដុល្លារ ហើយបានកើនឡើងដល់១១,១៤២លានដុល្លារ នៅក្នុងឆ្នាំ២០១៧ ក្នុងនោះផលិតផលនាំចេញមានដូចជា ទំនិញវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងបង្គុំអេឡិចត្រូនិក ទោចក្រយានយន្ត ផលនេសាទ ជ័រកៅស៊ូ ឈើកែច្នៃ និងទំនិញកសិកម្មរួមមាន អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោតក្រហម សណ្តែកសៀង ម្រេច ផ្លែស្វាយស្រស់ និងប្រេងឆៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here