ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្របពេលដែលគម្រោងសាងសង់ និងពង្រីកផ្លូវជាតិលេខ៣ ជា៤គន្លង ត្រូវបានសម្រេចបានជាង៧៤ភាគរយ បាននិងធ្វើឲ្យតំបន់ស្ថិតនៅតាមផ្លូវដ៏សំខាន់នេះទាក់ទាញការវិនិយោគ និងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋានកាន់តែច្រើន ដែលភាគច្រើនជាប្រភេទលំនៅដ្ឋានតម្លៃសមរម្យចាប់ពី១០ម៉ឺនដុល្លារឡើងទៅ។

-->
ជាមួយនឹងសន្ទុះនៃការវិនិយោគ និងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋាននៅតាមតំបន់ផ្លូវជាតិលេខ៣ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានទទួលស្គាល់ និងមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ថា កំណើននៃការចូលខ្លួនវិនិយោគ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋាននៅតំបន់ផ្លូវជាតិលេខ៣ មិនមែនជារឿងចម្លែកនោះទេ ហើយរាល់ការវិនិយោគទាំងអស់ អ្នកអភិវឌ្ឍន៍សុទ្ធតែបានសិក្សាពីសក្ដានុពលតំបន់យ៉ាងលម្អិត។
លោកបន្តទៀតថា “តំបន់ជាប់ផ្លូវជាតិលេខ៣ រាប់ចាប់គិតពីចំណុចចោមចៅប្រមាណ១៥គីឡូម៉ែត្រ គឺនៅតែមានតម្រូវការខ្ពស់ សម្រាប់អភិវឌ្ឍវិស័យលំនៅដ្ឋាន ជាពិសេសបន្ទាប់ពីផែនការអភិវឌ្ឍន៍ និងពង្រីកក្រុងត្រូវបានអនុវត្តន៍។ លោកបន្តថា “មិនយូរទៀតនោះទេ តំបន់ដែលស្ថិតនៅគៀកក្រុង នឹងត្រូវកាត់បញ្ចូលជាចំណុះរដ្ឋបាលរាជធានីភ្នំពេញ ហើយតម្លៃដីធ្លីក៏មានការកើនឡើង ដូច្នេះសម្រាប់អ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍បានចាប់យកឱកាសនៅពេលនេះ គឺជារឿងត្រឹមត្រូវបំផុត” ។
ដោយឡែកសម្រាប់អ្នកទិញក៏ដូចជាគ្នា ពួកគាត់អាចស្វែងរកទិញលំនៅដ្ឋានដែលស្របតាមលទ្ធភាពរបស់ពួកគាត់នៅពេលនេះ ដែលលំនៅដ្ឋានភាគច្រើនមានតម្លៃតម្លៃត្រឹម១០ម៉ឺន ប៉ុន្តែក្នុងរយៈពេល២ឆ្នាំទៅមុខទៀត តម្លៃនឹងឡើងខ្ពស់ជាងនេះ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Advance Property លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ក៏ដូចជាពេលខាងមុខនេះ គ្រប់តំបន់នៅជុំវិញក្រុងគឺសុទ្ធតែមានតម្រូវការទីផ្សារ ទាស់តម្លៃដែលវាអាស្រ័យទៅលើកំណើនប្រជាជនរស់នៅ បណ្តាញហេដ្ឋារចនាសម្ព័ន្ធងាយស្រួលចរាចរណ៍ និងអាចប្រកបអាជីវកម្ម ជាពិសេសងាយចេញចូលក្រុង។
លោកបញ្ជាក់ថា “មិនថាចំពោះតំបន់ស្ថិតនៅផ្លូវជាតិលេខ ៣ ,៤, ៥, ៦ នោះទេ គឺសុទ្ធតែមានគម្រោង និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានទាំងអស់ ដោយសារតែតម្លៃដីនៅតាមតំបន់ទាំងអស់នៅមានទាប សមស្របទៅនឹងការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ។
នៅពេលនេះ តម្លៃដីដែលស្ថិតនៅក្នុងរង្វង់១៥០-២៥០ ក្នុងមួយម៉ែត្រ នៅតែផ្ដល់ឱកាសដល់អ្នកវិនិយោគក្នុងវិស័យនេះ ប៉ុន្តែនៅពេលតម្លៃដីឡើងរហូតដល់ក្នុងចន្លោះចាប់ពី៣០០-៤០០ ការវិនិយោគ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន ដែលដាក់លក់ក្នុងតម្លៃត្រឹម១០ម៉ឺនដុល្លារអាចពិបាកនឹងធ្វើ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍កាលពីពេលកន្លងទៅថា ការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ ចាប់់ពីចោមចៅ ទៅកាន់ក្រុងកំពត តាមគម្រោងគឺត្រូវបញ្ចប់នៅឆ្នាំ២០២២ ប៉ុន្តែដោយសារវឌ្ឍនភាព នៃការសាងសង់បានដំណើរការដោយភាពរលូន ការសាងសង់អាចនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១ ៕