រដ្ឋបាលខេត្តសៀមរាប អនុញ្ញាតច្បាប់សាងសង់សំណង់បានជាង ១៥០ គម្រោង

0

ដោយ ៖ រ៉ាណេត

សៀមរាប ៖ ជាមួយនឹងវឌ្ឍនភាពលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនដែលបាន និងកំពុងបន្តសកម្មភាពសាងសង់បន្តស្ទើរទូទាំងខេត្ត សម្រាប់តែវិស័យសំណង់ រដ្ឋបាលខេត្តសៀមរាបបានសម្រេចអនុញ្ញាតច្បាប់សាងសង់ជាស្ថាពរជាង ១៥០គម្រោង ខណៈដែលគម្រោងផ្សេងៗមួយចំនួនទៀត កំពុងស្ថិតនៅក្នុងការពិនិត្យ និងកែសម្រួល។

មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ត នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ គម្រោងសាងសង់សំណង់ជាច្រើននៅទូទាំងខេត្តត្រូវបានរដ្ឋបាលខេត្តសៀមរាប សម្រេចអនុញ្ញាតច្បាប់ជាស្ថាពរលើការសាងសង់។

លោកបានបញ្ជាក់ថា “គម្រោងសំណង់ធំៗសរុបជាង១៥០គម្រោង ត្រូវបានថ្នាក់ខេត្តអនុញ្ញាតច្បាប់ឱ្យសាងសង់ជាស្ថាពរ ដោយឡែកគម្រោងស្នើសុំសាងសង់មួយចំនួនទៀតដែលក្នុងរួមមានដូចជាគម្រោងសាងសង់សណ្ឋាគារ ផ្ទះសំណាក់ ក៏ដូចជាគម្រោងបណ្តុំលំនៅដ្ឋានជាដើម កំពុងតែស្ថិតនៅក្នុងដំណាក់កាលសិក្សា ត្រួតពិនិត្យ និងកែសម្រួល ដើម្បីឈានទៅរកការសម្រេចឱ្យស្របតាមគោលការណ៍ច្បាប់សំណង់។

លោក លី សំរិទ្ធ បានមានប្រសាសន៍បញ្ជាក់ថា “រដ្ឋបាលខេត្ត និងមន្ត្រីមន្ទីរពាក់ព័ន្ធ បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការគ្រប់គ្រង និងតាមដាននូវគុណភាពសំណង់ ជាពិសេស សំណង់ធំៗដូចជា សណ្ឋាគារ ផ្ទះសំណាក់ អាផាតមិន និងគម្រោងខុនដូរជាដើម ដើម្បីប្រាកដថាមានគុណភាព មានសុវត្ថិភាព ស្របតាមគោលការណ៍និងច្បាប់សំណង់ ជៀសវាងកើតមានព្រឹត្តិការណ៍អកុសលដែលធ្លាមមានកាលពីពេលកន្លងទៅនៅក្នុងខេត្តកែប ក្រុងព្រះសីហនុ ក៏ដូចជានៅក្នុងខេត្តសៀមរាបផ្ទាល់ ដែលបាក់រលំអាគារសាលាឆទានក្នុងវត្ត ស្ថិតនៅសង្កាត់ចក ក្រុងសៀមរាប បណ្តាលឱ្យមានរងរបួសនោះទៀតឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here