ផ្សារទំនើបលំដាប់អន្តរជាតិថ្មីមួយនឹងរំលេចខ្លួននៅតំបន់ជ្រោយចង្វារនា ឆ្នាំ២០២១ខាងមុខ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ផ្សារទំនើបដ៏ធំលំដាប់អន្តរជាតិថ្មីមួយ កម្ពស់រហូតដល់៦ជាន់ ស្មើនឹងប្រមាណ៤២,០០០ ម៉ែត្រការ៉េ ម្រោងបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅត្រឹមដើមត្រីមាសទី២ នៃឆ្នាំ២០២១ខាងមុខ នៅតំបន់ជ្រោយចង្វារ។


បុគ្គលិកផ្នែកលក់ជាន់ខ្ពស់គម្រោងផ្សារទំនើប New City Walk កញ្ញាណាណា បានឱ្យដឹងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះថា បច្ចុប្បន្នគម្រោងសាងសង់ផ្សារទំនើបដ៏ធំលើកដំបូង ប្រចាំនៅតំបន់ជ្រោយចង្វារ កំពុងតែពន្លឿនសកម្មភាពសាងសង់យ៉ាងមមាញឹក ដើម្បីឈានទៅរកការបញ្ចប់សាងសង់ជាស្ថាពរ និងគ្រោងដាក់ដំណើរការនៅថ្ងៃទី១ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ក្រោមការវិនិយោគដោយក្រុមហ៊ុន Morgan Group  

កញ្ញាបានបន្តទៀតថា ផ្សារទំនើបលំដាប់អន្តរជាតិ New City Walk មានកម្ពស់៦ជាក់ ស្មើនឹងប្រមាណ៤២,០០០ម៉ែត្រការ៉េ ដោយមានស្តង់លក់ចាប់ពីជាន់ទី១ដល់ជាន់ទី៣ សរុបចំនួន៥០០ស្តង់ ហើយស្ដង់នីមួយៗមានទំហំចាប់ពី៤២០ម៉ែត្រការ៉េ ក្រោមការចូលរួមពីក្រុមហ៊ុនលំដាប់អន្តរជាតិ អាយខុនស្យាម មកពីប្រទេសថៃ ធ្វើជាដៃគូសហការលក់ផងដែរ ខណៈដែលការលក់ទីតាំង(ស្ដង់) ត្រូវបានសម្រេចប្រមាណ៩០ភាគរយហើយ

ផ្សារទំនើបនេះជាអតីតៈផ្សារYoung Commercial ដែលបានបើកដំណើរការមួយ  រយៈហើយបានផ្អាកទៅវិញរហូតមកទល់ពេលនេះ។

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រី ចេវ សុឃុន បានមានប្រសាសន៍ថា វត្តមាននៃផ្សារទំនើបនេះ នឹងចូលរួមលើកកម្ពស់សោភ័ណភាព រួមជាមួយនឹងបង្កើនបរិយាកាសវិនិយោគ នៅតំបន់ជ្រោយចង្វារកាន់តែខ្លាំង បន្ថែមពីលើពេលបច្ចុប្បន្ន ហើយក៏ជាការបំពេញតម្រូវការទីផ្សារជាក់ស្ដែងនៅក្នុងតំបន់ផងដែរ។


លោកស្រីបន្តថា ជ្រោយចង្វាជាតំបន់មានសក្តានុពលខ្លាំង ក្នុងការវិនិយោគ ព្រោះតំបន់នេះ ចាប់ផ្តើមរីកចម្រើនខ្លាំង ដោយសារស្ថិតនៅជិតកណ្តាល រាជធានី ហើយលក្ខខណ្ឌភូមិសាស្ត្រមានភាពអំណោយផលល្អ ដោយសារនៅជិតទន្លេមេគង្គ និងដងទន្លេសាប អនុគ្រោះដល់ការរស់នៅមានភាពងាយស្រួល ។លោកស្រីបន្តថា តំបន់ដែលស្ថិតនៅស្របតាមផ្លូវជាតិលេខ៦អានេះ ជាតំបន់មានសក្តានុពលសំរាប់អភិវឌ្ឍន៍លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកំសាន្ត មានគម្រោងវិនិយោគធំ ពិសេសមានការសាង់ សង់សាលាអន្តរជាតិធំៗ មានផ្សារទំនើប និងសំណង់ផ្សេងៗដែលប្រមូលផ្តុំនៅកន្លែងនេះ ព្រមទាំងផ្លូវធំទូលាយ

ជាមួយនេះ លោកស្រីក៏បានលើកឡើង ពីសក្ដានុពលតំបន់បន្ថែមទៀតថា ជ្រោយចង្វារ ក៏ជាតំបន់ធម្មជាតិ និងពាណិជ្ជកម្មដែលបានតភ្ជាប់តំបន់សំខាន់ផ្សេងៗ ដូចជាតំបន់ពាណិជ្ជកម្មទីក្រុង តំបន់ឧស្សាហកម្មនៅកំពង់ចាម តំបន់ទេសចរណ៍នៅសៀបរាម និងតំបន់កសិកម្មនៅបាត់ដំបង ព្រមទាំងតំបន់សំខាន់ផ្សេងៗជាច្រើន ក្នុងប្រទេសផងដែរ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ថា មូលហេតុដែលជំរុញឱ្យវិនិយោធំៗងាកបណ្តាក់ទុន និងអភិវឌ្ឍន៍នៅតំបន់ជ្រោយចង្វារ ព្រោះតំបន់មួយនេះ មានភាពរីកចម្រើនខ្លាំង ជាទីតាំងដែលមានបរិយាកាសល្អបរិសុទ្ធ ប្រសព្វគ្នារវាងទន្លេមេគង្គ និងទន្លេសាប ដែលមានសណ្ឋានដីធំទូលាយ អំណោយផលដ៏ល្អប្រសើរ។ បន្ថែមពីនេះ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ មានលក្ខណៈធំទូលាយមិនកកស្ទះ ជាពិសេសមានគម្រោងអភិវឌ្ឍន៍ធំៗ ដូចជា គម្រោងក្រុងរណបជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC គម្រោងក្រុងរណបរបស់ក្រុមហ៊ុន លី យ៉ុងផាត់ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតអភិជនជាច្រើន កំពុងបង្ហាញវត្តមានជាបន្តបន្ទាប់។


លោកឧកញ៉ាបន្តថា ក្រៅពីការអភិវឌ្ឍលើវិស័យលំនៅដ្ឋានកម្រិតខ្ពស់ នៅមានមជ្ឈមណ្ឌលពាណិជ្ជកម្ម សំណង់អាគារខុនដូកម្រិតអន្តរជាតិជាច្រើនទៀត ហើយសកម្មភាពអភិវឌ្ឍន៍ទាំងអស់នេះហើយ ជាកត្តារុញច្រានទំនោរចិត្តរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ ឱ្យងាកទៅធ្វើការវិនិយោគនៅតំបន់នេះ

LEAVE A REPLY

Please enter your comment!
Please enter your name here