តើខេត្តណាខ្លះចាប់ផ្តើមមានភាពទាក់ទាញខ្លាំងលើវិស័យអចលនទ្រព្យក្នុងឆ្នាំនេះ?

0

ដោយ ហ្សូលី

ភ្នំពេញៈ ប្រទេសកម្ពុជាចាប់ផ្តើមមានការអភិវឌ្ឍច្រើន ទៅលើវិស័យសំណង់និងអចលនទ្រព្យ ហើយការអភិវឌ្ឍមិនមែនរីកចម្រើនតែក្នុងក្រុងនោះទេ ប៉ុន្តែបានរីកចម្រើនគ្រប់ខេត្តក្រុង។


តើក្នុងរយៈពេល៥ខែនេះមានខេត្តណាខ្លះ ដែលមានភាពទាក់ទាញលើវិស័យអចលនទ្រព្យ។

ថ្វីត្បិតតែមានភាពរអាក់រអួលបន្តិចបន្តួច ដោយសារការរាតត្បាតនៃមេរោគ Covid-19ក្តី តែខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា នៅតែបន្តទាក់ទាញគម្រោងវិនិយោគជាច្រើន ជាពិសេសលំនៅដ្ឋានដែលជាតម្រូវការចាំបាច់ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

ខេត្តកណ្តាល

ហេតុផលដែលបណ្តាលឱ្យខេត្តនេះ មានភាពទាក់ទាញជាធម្មតានោះ ដោយសារតែមានគម្រោងអភិវឌ្ឍធំៗជាច្រើននៅក្នុងខេត្ត រួមបញ្ចូលទាំងគម្រោងបង្កើតរោងចក្រ សហគ្រាស សំណង់បុរីលំនៅដ្ឋានជាដើម។ លើសពីនេះ គឺការស្ថាបនាព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលកំពុងមានដំណើរការសាងសង់យ៉ាងសស្រាក់សស្រាំ ក៏ជាផ្នែកមួយនៃការទាក់ទាញការវិនិយោគលើវិស័យនេះផងដែរ។

អភិបាលខេត្តកណ្តាល លោក គង់ សោភណ្ឌ ធ្លាប់មានប្រសាសន៍ថា អ្នករកស៊ីអចលនទ្រព្យជាច្រើន កំពុងសម្រុកទៅកាន់ខេត្តកណ្តាល ព្រោះថាគម្រោងអភិវឌ្ឍធំៗមានសក្តានុពលទាំងនោះ បានទាក់ទាញដល់ការវិនិយោគ នាំឱ្យតម្លៃដីនៅក្នុងខេត្ត ជាពិសេសតំបន់ក្បែរព្រលាន មានតម្លៃខ្ពស់។


ខេត្តកំពង់ស្ពឺ

ខេត្តនេះកំពុងរីកដុះដាលខ្លាំង នៅលើវិស័យអចលនទ្រព្យដូចជា បុរីលំនៅដ្ឋាន ដីឡូតិ៍ និងឃ្លាំងផ្ទុកទំនិញ ព្រោះតំបន់នៅក្នុងខេត្តចាប់ផ្តើមមានភាពអ៊ូអរ ប្រែក្លាយជាទីប្រជុំជនបន្តិចម្តងៗ។ រាជរដ្ឋាភិបាលបានធ្វើការប្រកាស កាលពីពេលកន្លងទៅអំពីការផ្លាស់ប្តូររោងចក្រ សហគ្រាស ពីក្នុងក្រុងទៅកាន់ទីរួមខេត្តកំពង់ស្ពឺនេះ។

ម្យ៉ាងទៀតហេដ្ឋារចនាសម្ព័ន្ធមានភាពរលូនល្អ ងាយស្រួលក្នុងការដឹកជញ្ជូន និងប្រកបមុខរបររកស៊ីបានគ្រប់ប្រភេទ។ សព្វថ្ងៃ កំពង់ស្ពឺត្រូវបានជាប់ឈ្មោះថា ជាគោលដៅខេត្តវិនិយោគក្នុងវិស័យឧស្សាហកម្ម មានរោងចក្រសហគ្រាស កំពុងដំណើរការសរុបជាង២៧០ទីតាំង។


ខេត្តកំពត

ក្នុងនាមជាខេត្តមានតំបន់ទេសចរណ៍ ខេត្តកំពត បានជួបប្រទះនូវវិបត្តិធ្ងន់ធ្ងរលើវិស័យនេះ ដោយសារការធ្លាក់ចុះនៃភ្ញៀវទេសចរជាតិអន្តរជាតិ។ យ៉ាងណាមិញ ខេត្តនេះនៅតែបន្តដើរក្នុងផ្លូវផ្សេងនោះគឺ វិស័យអចលនទ្រព្យ ដែលបង្ហាញពីសញ្ញាវិជ្ជមានជាងវិស័យទេសចរណ៍។

នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Amaktak Property Service លោកស្រីតាំង ហួរធ្លាប់បានឱ្យដឹងថា ការអភិវឌ្ឍលំនៅដ្ឋានបែបលំហែរកាយ គឺជាចលករជំរុញឱ្យវិស័យដីធ្លី នៅក្នុងខេត្តកំពតមានភាពល្អប្រសើរ និងកំណើនតម្លៃផងដែរ។ ខេត្តកំពតជាគោលដៅទេសចរណ៍ ដូច្នេះនៅពេលស្ថានភាពជំងឺធូរស្បើយ ច្បាស់ជាមានការអភិវឌ្ឍច្រើនជាងនេះនិងទាក់ទាញច្រើន។


ខេត្តកែប

មិនខុសគ្នាប៉ុន្មានពីខេត្តកំពតទេ បន្ទាប់ពីរាជរដ្ឋាភិបាលបាន ប្រកាសពីគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍បន្ថែម ការវិនិយោគលើវិស័យដីធ្លីហាក់បី ដូចជា មានកំណើនសកម្មភាព។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍កាលពីកន្លងទៅថា ខេត្តកែបនឹងក្លាយជាខេត្តគោលដៅទេសចរណ៍ សម្រាកកម្សាន្តប្រណិតកម្រិតខ្ពស់ ហើយបច្ចុប្បន្នកំពុងមានការសិក្សារៀបចំផែនការមេ អភិវឌ្ឍនិងបញ្ចប់នៅខែកក្កដា ឆ្នាំ ២០២០ខាងមុខ។

ហេតុនេះទើបអ្នកជំនាញអចលនទ្រព្យព្យាករណ៍ថា ទោះបីមានការគំរាមកំហែងពីជំងឺ ឬក៏គ្មានការប្រកាសមិនឱ្យមានរោងចក្រ ឬសហគ្រាសពីរដ្ឋាភិបាលកម្ពុជាក៏ដោយ ខេត្តនេះនៅតែមានសកម្មភាពនៃការទិញលក់អចលនទ្រព្យដដែល ជាក់ស្តែងវិស័យដីធ្លីតែម្តងគ្រោងនឹងអភិវឌ្ឍឱ្យប្រែទៅជាមណ្ឌលកម្សាន្ត តំបន់ទេសចរណ៍កែច្នៃ ជាដើម។


ខេត្តមណ្ឌលគិរី

ងាកទៅកាន់ភូមិភាគឥសាន្តប្រទេសវិញ ខេត្តមណ្ឌលគិរី ក៏បានទាក់ទាញការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីគម្រោងសាងសង់ព្រលានយន្តហោះនៅខេត្តនេះដំបូងគេ នាភូមិភាគឥសាន្ត និងគ្រោងប្រែក្លាយខេត្តនេះមិនត្រឹមតែសំរាប់ទាក់ទាញទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីដាំផ្កា និងបន្លែដើម្បីផ្គត់ផ្គង់ទីផ្សារនៅរាជធានីភ្នំពេញផងដែរ ដោតសារខេត្តនេះមានដីសម្បូរជីវជាតិ និងលក្ខខ័ណ្ឌអាកាសធាតុល្អប្រសើរ៕


LEAVE A REPLY

Please enter your comment!
Please enter your name here