ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ប្រទេសកម្ពុជានឹងរៀបចំពិព៌ណលំដាប់ពិភពលោក ក្នុងពិពណ៌អាស៊ាន ចិន ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយការទូត និងវប្បធម៌ ជាពិសេសការស្វែងរកទីផ្សារក្នុងស្រុក និងក្នុងតំបន់ ។
អគ្គនាយកជម្រុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មលោកស៊ាង ថៃ បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ពិព័រណ៌កម្ពុជា ចិន-អាស៊ានឆ្នាំ២០១៨កាលពីម្សិលម៉ិញនេះថា នេះជាលើកដំបូងហើយ ដែលកម្ពុជាបានសហការជាមួយភាគីចិន រៀបចំព្រឹត្តិការណ៍ពិព័រណ៌ឡើង ក្នុងគោលដៅពង្រីកកិច្ចសហការពាណិជ្ជកម្មក្នុងតំបន់ និងកាចូលរួមអបអរសាទរ ដែលកម្ពុជាមានតួនាទីធ្វើជាប្រទេសកត្តិយស ក្នុងពិព័រណ៌កម្ពុជាចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាននឹង នៃខេត្តក្វាងស៊ី និងការរំលឹកខួបអនុស្សាវរិយលើទី១៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ អាស៊ាន-ចិន ជាពិសេសគឺការរំលឹកខួបអនុស្សាវរិយលើកទី៦០ នៃការបង្កើតការទូតទំនាក់ ទំនងកម្ពុជា និងចិនផងដែរ ។
លោកបានបន្តថា គម្រោងតាំងពិព័រណ៌កម្ពុជាចិន-អាស៊ាន ដែលប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុខនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការពង្រីក និងជម្រុញសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម គោលនយោបាយការទូត និងវប្បធម៌រវាងប្រទេសទាំងពីរ ជាពិសេសការបង្កើនកាលានុវត្តន៍វិនិយោគ ក្នុងសកម្មភាពពាណិជ្ជកម្ម ពង្រឹងទីផ្សារក្នុងស្រុក និងតំបន់ ក្នុងក្របខណ្ឌតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចសហការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន”។
គម្រោងពិព័រណ៌កម្ពុជា ចិន-អាស៊ាន ឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី១ មេសាខាងមុខនេះ នៅមជ្ឈមណ្ឌលពិព៍រណ៌ និងសន្និបាតកោះពេជ្រ។
ពិព៌រណ៍លំដាប់ពិភពលោកនេះ នឹងមានក្រុមហ៊ុនជាច្រើនចូលរួម ដោយមានស្តង់ពាណិជ្ជកម្មសរុប៤៤០ស្តង់ ក្នុងនោះកម្ពុជាមានចំនួន៥៤ស្តង់ និងមានក្រុមហ៊ុនចូលរួម២៩០ក្រុមហ៊ុន មកពីបណ្តាខេត្ត-ក្រុងនៃប្រទេសចិន។
នៅក្នុងព្រឹត្តិការណ៍នេះដែរ នឹងមានដាក់តាំងបង្ហាញនូវប្រភេទផលិតផលជាច្រើន ដូចជា វិស័យកសិ-ឧស្សាហកម្ម វិស័យ ឧស្សាហកម្មស្រាល និងមធ្យម វិស័យហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ វិស័យបច្ចេកវិទ្យាព័ត៌មាន សេវាកម្មទេសចរណ៍ អប់រំ ហិរញ្ញវត្ថុ ធនាគារ ស្រាវជ្រាវ អភិវឌ្ឍន៍ ដឹកជញ្ជូន និងវិស័យពាក់ព័ន្ធដ៏ទៃជាច្រើនទៀតផងដែរ ក្នុងនោះក៏មានបើក សិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ការជម្រុញគម្រោងកិច្ចសហប្រតិបត្តិការអន្តរជាតិ ខេត្តសានស៊ី វេទិការជំនួបបច្ចេកវិទ្យាកម្ពុជា-ចិន និងមានជំនួបពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ ៕
