ដោយ ដែន ចែងចាំង
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ធនាគារសហគ្រាសធុនតូច និងមធ្យម (SME) នឹងដំណើរការនៅឆ្នាំ២០១៩ខាងមុខនេះ ខណៈដែលក្រសួងសេដ្ឋកិច្ចកំពុងពន្លឿនការងារនេះ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកវង្សី វិស្សុតបានលើកឡើងនៅក្នុងវេទិកាសាធារណៈស្តីពី សេដ្ឋកិច្ចកម្ពុជា សមិទ្ធកម្ម និងទស្សនវិស័យនៅទីស្តីការក្រសួង កាលពីថ្ងៃម្សិលម៉ិញនេះថា បច្ចុប្បន្នក្រសួងកំពុងរៀបចំក្របខ័ណ្ឌទស្សនទាន ដើម្បីបង្កើតធនាគារ SME ដែលគ្រោងដាក់ឲ្យប្រតិបត្តិការនៅឆ្នាំ២០១៩ ដោយមានទុនវិនិយោគចំនួន១០០លានដុល្លារ ជាទុនផ្ទាល់របស់រដ្ឋាភិបាល និងប្រភពទុនផ្សេងទៀត នឹងប្រើប្រាស់ថវិកាពីគម្រោងខ្ចីពីទីផ្សារ និងគម្រោងខ្ចីពីធនាគារជាដៃគូ តាមរយៈការគាំទ្ររបស់រដ្ឋ និងការប្រមូលឥណទានផ្សេងៗ សម្រាប់អនុវត្តន៍គម្រោងតែមួយ។
លោកបន្តថា “បង្កើតធនាគារ SME នេះ មានលក្ខណៈចម្រុះផ្នែកពាណិជ្ជ និងជាធនាគារគោលយោនបាយ ក្នុងការធ្វើហិរញ្ញវត្ថុទានដល់វិស័យសហគ្រាសធុនតូច និងមធ្យម និងជួយដោះស្រាយ ដល់បញ្ហាបរាជ័យទីផ្សារ”។លោកបន្តថា “បច្ចុប្បន្នវិស័យ SME កំពុងជួបបញ្ហាធំនៅក្នុងគម្រោងកញ្ចប់ថវិកា សម្រាប់អភិវ ឌ្ឍន៍ ការគ្រប់គ្រង និងវិស័យបច្ចេកវិទ្យា នៅក្នុងដំណើរការរបស់ខ្លួន”។