អាជ្ញាធរអប្សរារុះរើសំណង់មុខប្រសាទដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍

0

ដោយ ៖ វុត្ថា

សៀមរាប ៖ អាជ្ញាធរជាតិអប្សរា និងមន្ទីរទេសចរណ៍ខេត្តសៀមរាបសហការគ្នារុះរើសំណង់អាជីវកម្មនៅមុខប្រាសាទអង្គរវត្ត ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរ និងទាក់ទាញ ខណៈសំណង់ទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់ការរៀបចំ និងអភិរក្សប្រាង្គប្រសាទ។

លោក សឿង ស៊ីថា ប្រធានការិយាល័យទីក្រុងស្អាតនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ចំពោះការរុះរើនាពេលនេះ ក្រសួងនិងមន្ទីរទេសចរណ៍សប្បាយរីករាយសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីរួមចំណែកអភិវឌ្ឍន៍ កែលម្អជាសួនច្បារ ដាំដើមឈើ ឱ្យមានការទាក់ទាញទេសចរណ៍មកលេងកាន់តែច្រើនក្នុងតំបន់បេតិកភណ្ឌ។

លោកបន្តថា នេះជាសំណង់ទី១០ហើយ ដែលត្រូវបានរុះរើដោយស្ម័គ្រចិត្ត និងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍។ អាគារនេះបានបន្សល់ទុកនូវការចងចាំដ៏ល្អនិងអនុស្សាវរីយ៍ជាច្រើនដោយធ្លាប់បានប្រើប្រាស់ដំបូងគេបង្អស់នៅមុខប្រាសាទអង្គរវត្តលើផ្នែកសេវាកម្មភេសជ្ជៈនិងបន្ទប់ទឹកស្អាត។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការរុះរើសំណង់ទាំងអស់មុខប្រាសាទអង្គរវត្ត គឺមិនត្រូវបានលើកលែងអាគារណាមួយទេ សូម្បីសំណង់របស់អាជ្ញាធរជាតិអប្សរាផ្ទាល់។ ជាមួយគ្នានេះ លោកបានសាទរចំពោះកិច្ចសហការដ៏ល្អរបស់ក្រសួងនិងមន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏ដូចអាជីវករទាំងអស់ ដែលបានលះបង់ទ្រព្យធនរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍រួម និងស្គាល់ពីតម្លៃអង្គរ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ទីលានមុខប្រាសាទអង្គរវត្តក្លាយជាទីចាប់អារម្មណ៍បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here