ដោយ វុត្ថា
ភ្នំពេញៈ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោកតាំង សុចិត្រគ្រឹះស្នាបានអះអាងថា រហូតមដល់ពេលនេះ ខេត្តព្រះសីហនុ បាននឹងកំពុងទាក់ការវិនិយោគ លើវិស័យសណ្ឋាគារលំដាប់ផ្កាយ៥ចំនួន៨ ពីសំណាក់វិនិយោគិនចិន ក្នុងតម្លៃទុនរាប់ពាន់លានដុល្លារអាមេរិក ដែលពី៣ឆ្នាំមុនខេត្តនេះ មានសណ្ឋាគារលំដាប់ផ្កាយ៥តែមួយប៉ុណ្ណោះ។
លោកបានប្រាប់គេហទំព័ត៌មាន Propertyarea.asia កាលពីពេលថ្មីៗនេះឱ្យដឹងថា វិនិយោគិនចិនបានឈរនៅលំដាប់ទី១ លើការិវនិយោគវិស័យសណ្ឋាគារ នៅក្នុងខេត្តព្រះសីហនុ ហើយការចូលរួមពីវិស័យឯកជន ជាពិសេសវិនិយោគិនបរទេសពិតជាមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍវិស័យទេសចណ៍នៅក្នុងខេត្តព្រះសីហនុ។
លោកបន្តថា នៅក្នុងអំឡុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ខេត្តមានសណ្ឋាគារលំដាប់ផ្កាយ៥តែមួយទេ តែនៅពេលដែលជនចិនចូលមកវិនិយោគ នៅក្នុងខេត្តព្រះសីហនុ តែក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ យើងមានសណ្ឋាគារលំដាប់ផ្កាយ៥រហូតដល់៨ហើយផ្កាយ៤មានមួយចំនួនទៀត” ។
លោកបានបន្ថែមថា “នេះជាមោទនភាពថ្មីរបស់ខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍អន្តរជាតិ ហើយបាននឹងកំពុងឆ្ពោះទៅរកការអភិវឌ្ឍន៍ ប្រកបដោយនិរន្តភាព និងទាក់ទាញភ្ញៀវអន្តរជាតិ ឱ្យមានការចាយលុយកាន់តែច្រើន” ។
លោកតាំង សុចិត្រគ្រឹះស្នាបានបន្ថែមទៀថា ក្រៅពីនេះ ខេត្តព្រះសីហនុមានការអភិវឌ្ឍ និងការវិនិយោគយ៉ាងលឿន គ្រាន់តែសេវាកម្មកម្សាន្តប្រមាណ៥០ ដែលមានស្តង់ដារអន្តរជាតិ។ ជាមួយគ្នានេះក៏មានភោជនីយដ្ឋានធំៗរបស់ចិន និងមានស្តង់ដាខ្ពស់ដូចនៅក្នុងទីក្រុងភ្នំពេញដូច្នោះដែរ។
លោកបញ្ជាក់ថា “ភ្ញៀវទេសចរចិន រុស្សីជាដើម គេត្រូវការការស្នាក់នៅមួយដែលមានស្តង់ដារ ពោលគឺគេស្នាក់នៅក្នុងសណ្ឋាគារចាប់ពីផ្កាយ៤ឡើង បើយើងមិនសណ្ឋាគារដែលមានស្តង់ដារទទួលគេទេ គេនឹងបង្វែរគោលដៅទេសចរណ៍ ទៅកាន់ប្រទេសផ្សេងវិញហើយ “ ។ លោកបញ្ជាក់ទៀតថា “ការិវនិយោគលើសណ្ឋាគារលំដាប់ផ្កាយ៥ នេះ ក្នុងទំហំទុនរាប់ពាន់ដុល្លារនេះ ជាការចូលរួមអភិវឌ្ឍនសេដ្ឋកិច្ច សង្គមផ្តល់ឱកាសការងារជូលពលរដ្ឋប្រមាណ៥០០ ទៅ៨០០នាក់នៅក្នុងសណ្ឋាគារមួយ” ។
យោងតាមរបាយការណ៍របស់រដ្ឋបាល ខេត្តព្រះសីហនុបានបង្ហាញថា ស្ថិតិអាជីវកម្មក្នុងវិស័យទេសចរណ៍ មានចំនួនសរុប៨៧៧ទីតាំង ក្នុងនោះ៖ សណ្ឋាគារ ១០៧ ស្មើនឹង៧,៥១៥ បន្ទប់ បឹងហ្គាឡូ៣៣ ស្មើនឹង៤៦២បន្ទប់។ ផ្ទះសំណាក់២៣០ស្មើនឹង ២,៧៧៥ បន្ទប់ ភោជនីយដ្ឋាន/អាហារដ្ឋាន៣១២ ស្មើនឹង១៣,៨៩២កៅអី។ ខារ៉ាអូខេ ៣៨ ស្មើនឹង៤៤៨បន្ទប់ ឌីស្កូតែក៩ ចំណុះ៨៩៨នាក់។ បៀរហ្គាឌិន៣ស្មើនឹង៣៩០ កៅអី ទូកដឹកភ្ញៀវទេសចរ៣០ម្ចាស់ ស្មើនឹង៥៤កៅអី កីឡាទេសចរណ៍២០ ទីភ្នាកងារទេសចរណ៍២៣ និងរមណីយដ្ឋានធម្មជាតិ និងកែឆ្នៃ៦(មិនរាប់បញ្ជូលរមណីយដ្ឋានឆ្នេរ)។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តទទួលបានកំនើនទេសចរណ៍ជាតិ អន្តរជាតិជាមធ្យមពី១០-១៥% ។ ក្នុងឆ្នាំ២០១៩ ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរសរុបជាង២.២លាននាក់ កើនឡើង៨,៨៧% ក្នុងនោះភ្ញៀវទេសចរជាតិ១.៣៤៣.៦៩០នាក់ ថយចុះ ៨,៣៧% និងភ្ញៀវទេសចរអន្តរជាតិ៨៨៥.៧៩២ នាក់ កើនឡើង៥២,៤១% ៕