រយៈពេល៥ខែរាជធានីភ្នំពេញទទួលបានទុនវិនិយោគជាង១៣០០លានដុល្លារ

0

ដោយគង់ សូរិយា

        ភ្នំពេញៈ រាជធានីភ្នំពេញទទួលបានទុនវិនិយោគ ក្នុងរយៈពេល៥ខែដើមឆ្នាំនេះទទួលបានទុនវិនិយោគប្រមាណ១៣៧៥លានដុល្លារអាមេរិក និងអាគារខ្ពស់ចាប់ពី៥ជាន់ឡើងទៅមានចំនូន១២៤២អាគារ។

          អភិបាលរងរាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដាបានមានប្រសាសន៍ក្នុងសន្និ​សីទសារព៌តមានស្តីពីវឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ មិថុនានេះថា ក្នុងសម័យCovid-19នេះទុនវិនិយោគ នៅក្នុងវិស័យសំណង់នៅតែមានចំនួនច្រើន ដែលរាជធានីភ្នំពេញមានបុរី និងលំនៅដ្ឋានចំនួន២៤៤គំរោង ប៉ុន្តែទោះជាយ៉ាងណាលោកមិនបញ្ជាក់ ពីទំហំទុនវិនិយោគនេះកើនឡើងឬថយចុះនោះទេ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ឃួង ស្រេង ៖ រាជធានីភ្នំពេញមានការអភិវឌ្ឍលឿនហួសពីការស្មានរបស់សេដ្ឋវិទូ

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងក្នុងពិធីដដែលថា ប្រទេសកម្ពុជាដែលមានរាជធានីភ្នំពេញ ជាបេះដូងនៃប្រទេសមានការររីកចំរើន យ៉ាងលឿនហួសពីការស្មានរបស់សេដ្ឋកិច្ចវិទូ ខណៈទីក្រុងមួយនេះបាននឹងកំពុងអភិវឌ្ឍន៍ឆ្ពោះទៅមុខ ក្រុមការងារដឹកនាំរបស់ប្រមុខរដ្ឋាភិបាលបច្ចុប្បន្ន។

លោកបន្តឱ្យដឹងថា “ទីក្រុងភ្នំពេញដែលជាបេះដូង សេដ្ឋកិច្ច វប្បធម៌ និងមជ្ឈមណ្ឌ​លពាណិជ្ជកម្ម បាននិងកំពុងមានការរីកចំរើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារ”។

លោកឃួង ស្រេងបានបន្តថា ទីក្រុងភ្នំពញេមានអគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនផ្សេងទៀត ឆ្លើយតបទៅនឹងអ្នកដែលចូលចិត្តរស់នៅបែបទំនើប និងស៊ីវិល័យ។  ជាមួយគ្នានេះ រាជធានីភ្នំពេញបាននឹងកំពុងពង្រីកខ្លួនពី៣០០ ទៅជិត៧០០គីឡូម៉ែត្រការ៉េ ដែលមានមនុស្សរស់នៅប្រមាណ៣លាននាក់។

លោកបញ្ជាក់ថា “ការអភិវឌ្ឍនបែបស៊ីជម្រៅ គឺបានបង្ហាញឱ្យតាមរយៈការប្រែប្រួលកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងភាពលូតលាសក្នុងវិស័យឯកជន ក្នុងនោះ អត្រាភាពក្រីក្របានធ្លាក់ចុះ៩ ភាគរយ និងការកើនឡើងនូវទំហំផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗជិត៤០០០ ដុល្លារក្នុងឆ្នាំ២០២៩”៕

LEAVE A REPLY

Please enter your comment!
Please enter your name here