លោកឧកញ៉ា នួន រិទ្ធីៈកម្ពុជានៅតែជាគោលដៅទាក់ទាញវិនិយោគិនបរទេសមកកាន់តែច្រើន

0

ដោយៈ រ៉ាណត

ភ្នំពេញៈ ស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីជំងឺ Covid-19 នៅពេលបច្ចុប្បន្ននេះ អ្នកជំនាញនិងវិនិយោគក្នុងវិស័យអចលនទ្រព្យ លោកឧកញ៉ា នួន រិទ្ធី បានលើកឡើងថា វាជាឱកាសមួយសម្រាប់អ្នកជំនួញ នៅក្នុងវិស័យអចលនទ្រព្យ ដែលអាចទាញយកផលចំណេញ ពីការវិនិយោគនៅក្នុងកាលទេសនេះ សម្រាប់លក់ចេញក្រោយពេលវិបត្តិនេះត្រូវបានបញ្ចប់។


លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានមានប្រសាសន៍កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០កន្លងមកថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកែលម្អទៅលើហេដ្ឋារចនាសម្ព័ន្ធវិនិយោគ ការកែលម្អបន្ថែមថាមពល ដែលមានតម្លៃសមរម្យ ការកែលម្អលើផ្នែកធនធានមនុស្ស និងបុគ្គលវិជ្ជាជីវៈមានជំនាញ ដែលទាំងអស់នេះ សុទ្ធតែជាការផ្តល់ឱកាសសម្រាប់វិនិយោគិនទាំងអស់។

លោកបន្តថា ប្រសិនបើស្ថានភាព Covid-19 ត្រូវបានបញ្ចប់ ខ្ញុំជឿថារាជរដ្ឋាភិបាល ក៏ដូចជាអ្នកវិនិយោទុនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តដំណើរនៅក្នុងវិស័យមួយនេះ លោកឧកញ៉ាបន្តទៀតថា រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ កំពុងមានកំណែទម្រង់ ពាក់ព័ន្ធនឹងការស្រូបទាញការវិនិយោគចូលមកប្រទេស តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមទាំងមានការលើកលែងពន្ធត្រួតស៊ីគ្នាជាដើម ដើម្បីបង្កលក្ខណៈក្នុងការវិនិយោគ

ជាមួយគ្នានេះ ជាការអះអាងទៅលើប្រធានបទខាងលើនេះ លោកឧកញ៉ា នួន រិទ្ធី បានលើកឡើងថា មានហេតុផលធំៗចំនួន៤ ដែលធ្វើឱ្យកម្ពុជា អាចទាក់ទាញវិនិយោគិនបរទេស ក្រោយបញ្ចប់ Covid-19 រួមមានដូចជា ហេតុផលទី១៖ ធ្វើកាលានុវត្ដភាព ក្នុងការកំណែទម្រង់ លើការស្រួបទាញមួយចំនួន ដូចជា ការផ្ដល់សញ្ជាតិជូនបរទេស ដែលវិនិយោគមកកម្ពុជា (ក្នុងកម្រិតណាមួយ) គឺអាចផ្ដល់សញ្ជាតិ។

ហេតុផលទី២ គោលការណ៍ផ្កាយរះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលផ្ដល់ការវិនិយោគ១០០ភាគរយ ដល់អ្នកវិនិយោគិនបរទេស មកវិនិយោគនៅកម្ពុជា ដើម្បីជាការលើកទឹកចិត្ដ ហើយមានតែកម្ពុជាទេ ដែលមានគោលការណ៍បែបនេះ។

ហេតុផលទី៣ លុយដែលបានវិនិយោគនៅកម្ពុជា ចំណេញអាចយកទៅវិញ ដោយមិនមានផ្ដល់ប៉ះពាល់ ឲ្យតែលុយទាំងនោះជាលុយស្របច្បាប់ ហើយត្រូវបានការពារគាំទ្រ ពីរាជរដ្ឋាភិបាលគ្រប់ទាំងអស់ ក្នុងការផ្ដល់ភាពងាយស្រួលអធិបាលកិច្ចល្អ ដល់អ្នកវិនិយោគ។


ហេតុផលទី៤ រាជរដ្ឋាភិបាលកំពុងតែមានការបង្កើត និងជំរុញពាក់ព័ន្ធនឹងថាមព ជាពិសេសវិស័យដឹកជញ្ជូន ដែលរាជរដ្ឋាភិបាល កំពុងធ្វើការខំប្រឹងតភ្ជាប់ ពីតំបន់មួយទៅតំបន់មួយ ដើម្បីធ្វើឲ្យជនបទ និងទីក្រុងកាន់តែជិតគ្នា សម្រួលក្នុងការនាំចេញអីវ៉ាន់ ទៅក្រៅប្រទេស។

លើសពីនោះទៀត ឧកញ៉ា នួន រិទ្ធី បានបញ្ជាក់ថា កម្ពុជានៅពេលចប់ Covid-19 អ្វីដែលជាការរំពឹងទុក របស់រាជរដ្ឋាភិបាលលើសឆ្នាំ២០១៨ និងឆ្នាំ២០១៩ទៀត ហើយមានការកើនទ្វេដងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here