ដោយ ៖ ប៊ី
ភ្នំពេញ ៖ ទុនវិនិយោគក្នុងវិស័យសំណង់នៅទូទាំងប្រទេស មានទំហំទឹកប្រាក់សរុបជាង៣ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំ២០២០នេះ បានកើនឡើងជាង ២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់ សរុបទូទាំងប្រទេសមានចំនួន ១ ៦៤៧ គម្រោងក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២០ កើនឡើង ២២៣ គម្រោង ខណៈទំហំតម្លៃវិនិយោគសរុបប្រមាណ៣ ០៤៩លានដុល្លារអាមេរិក បានកើនឡើង ២០,៥ ភាគរយ ធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ២០១៩។
-->
ការរីកចម្រើនផ្នែកសំណង់នៅកម្ពុជាត្រូវបានជំរុញដោយការវិនិយោគបរទេសនិងក្រុមហ៊ុនចិន ជាពិសេសនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារអចលនទ្រព្យ ពាណិជ្ជកម្មអចលនទ្រព្យ និងលំនៅដ្ឋាន។
ជាមួយការអនុញ្ញាតសំណើរសាងសង់ ក្នុងរយៈពេលនេះ ក្នុងនោះប្រភេទសំណង់លំនៅឋាន និងភូមិគ្រឹះ មានចំនួន ១ ៣៤៥ គម្រោង, ប្រភេទសំណង់ឧស្សាហកម្ម ៦៣ គម្រោង (កើនឡើង ៩គម្រោង), សំណង់សាធារណៈមានចំនួន ៤៤ គម្រោង (កើនឡើង ១៨គម្រោង), សំណង់ប្រភេទទេសចរ ៣៨ គម្រោង (កើនឡើង ៨គម្រោង), សំណង់ពាណិជ្ជកម្ម ១៥៥ គម្រោង (កើន ៧៦គម្រោង), ក្នុងនោះសំណង់ប្រភេទវិនិយោគ មានចំនួណ ២គម្រោង គឺបានធ្លាក់ចុះ ១២គម្រោង ។

របាយការណ៍៦៤ទំព័ររបស់ធនាគារពិភពលោក (World Bank) ស្តីពីបច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជាកាលពីពេលថ្មីៗនេះ បានលើកឡើងថា វិស័យសំណង់ និងអចលនទ្រព្យ នៅកម្ពុជាបានក្លាយជាក្បាលម៉ាស៊ីនដ៏ធំបំផុតនៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅពេលដែលជំងឺ Covid-19 ចូលមករាតត្បាត ពិភពលោកកំពុងជួបប្រទះនឹងភាពជាប់គាំងលើវិស័យសំណង់។ ប៉ុន្តែជាក់ស្តែងកម្ពុជា មិនបានជាប់គាំងនោះទេ គ្រាន់តែមានកំណើនតិចជាងមុន។
មុនពេលការរីករាលដាលនៃ COVID-19 ឧស្សាហកម្មសំណង់កម្ពុជាគឺជាផ្នែកមួយនៃកត្តាជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសដោយបានកត់សំគាល់កំណើនជាមធ្យម ១៨,១ភាគរយ ក្នុងកំឡុងឆ្នាំ ២០១៤-២០១៩៕