អ្នកជំនាញៈ គម្រោងលំនៅឋាន៥ទៅ១០ឆ្នាំទៀតនឹងពង្រីកខ្លួនក្នុងទំហំរាប់ពាន់ហិកតា

ចែករំលែក

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញបានព្យាករណ៍ថា  ក្នុងរយះពេល៥ទៅ១០ឆ្នាំខាងមុខទៀត វិស័យអចលនទ្រព្យ នឹងកើនឡើងរាប់ពាន់ហិចតា សម្រាប់គម្រោងលំនៅឋាន ស្របតាមកំណើនប្រជាប្រជាសាស្ត្ររបស់ប្រទេសកម្ពុជា ទោះបីជាការផ្គត់ផ្គង់ផ្ទះស្នាក់នៅ មានច្រើ​នយ៉ាងណាក៏ដោយនាពេលបច្ចុប្បន្ននេះ។


លោកស្រីតាំង ហួរ នាយិការក្រុមហ៊ុន Amatak Property Service  បានប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ នេះ បានព្យាករណ៍ថា គម្រោងលំនៅឋាននឹងពង្រីកនៅតាមតំបន់មួយចំនួ នជាពិសេសតាមផ្លូវក្រវ៉ាត់ក្រុងទី៣ខេត្តកណ្តាល ឬក៏ថា៣០ទៅ៤០គីឡូម៉ែត្រពីក្រុង រីឯតាមខេត្តយ៉ាងហោចណាស់ ក៏ត្រូវ​ពង្រីក១០ គីឡូម៉ែត្រ ទៅ២០ គីឡូម៉ែត្រ។

លោកស្រីបន្តថា “ការពង្រីកនេះ ដោយសារកំណើនរបស់ប្រជាពលរដ្ឋខ្មែរ មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដែលទាមឱ្យមានលំនៅឋានកាន់តែច្រើន នៅតាមតំ​បន់ដែលមានហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ធ្វើឱ្យគម្រោងបុរី និងលំនៅឋានទៅវិនិយោគនៅទីនោះ”។

លោកស្រីបន្ថែមថា ម្យ៉ាងទៀត តាមផែនការរបស់រដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជំរុញឱ្យរោងចក្រ សហគ្រាស និងសិប្បកម្មផ្សេងៗ ឱ្យទៅបោះទីតាំងនៅជាយក្រុងជាពិសេសផ្លូវក្រវ៉ាត់ក្រុងនានា ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការកកស្ទះនូវចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរជធានីភ្នំពេញបានឱ្យដឹងកាលពីពេលថ្មីៗនេះ ថា ទីក្រងភ្នំពេញមានការរីកចំរើនខ្លាំង ដែលសេដ្ឋវិទូមិនស្មានដល់ ជាមួយនឹងកំណើនប្រជាសាស្ត្រដែលស្នាក់នៅ និងចរាចរណ៍នៅក្នុងទីក្រុងកើនជាង៣លាននាក់ និងពង្រីកក្រុងពី ៣០០ ទៅជាង៧០០ម៉ែត្រក្រឡា។

លោកបន្តថា “ជាមួយនឹងការរីកចំរើននេះ បានធ្វើឱ្យតំបន់មួយចំនួននៃជាយក្រុងភ្នំពេញមានការរីកចំរើន ជាពិសេសតំបន់ភាគខាងលិច ដែលកាលពីមុខជាតំបន់វាលស្រែ បានក្លាយជាតំបន់លំនៅឋាន រោងចក្រសហគ្រាស និងសិប្បកម្មផ្សេងៗជាច្រើន”។


អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានឱ្យដឹងដែរថា ផ្លូវក្រវ៉ាត់ក្រុងទី ៣ គឺជាគម្រោងដ៏ធំបាន និងកំពុងទាក់ទាញអ្នកវិនិយោគ ឱ្យចូលមកវិនិយោគលើវិស័យជាច្រើន ជាពិសេសវិស័យអចលនទ្រព្យរួមមាន ការអភិវឌ្ឍលើវិស័យលំនៅឋាន រោងចក្រ និងសហគ្រាសនានា។

លោកបន្តថា “មិនត្រឹមតែប៉ុណ្ណោះគម្រោងនេះ បាននិងកំពុងលើកមុខលើកមាត់ និងជាសោភ័ណភាពរបស់ខេត្តកណ្តាល ព្រមទាំងទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ ទៅលើលើគម្រោងវិស័យអចលនទ្រព្យ លំនៅឋាន និងរោងចក្រសហគ្រាសជាច្រើនផងដែរ”។លោកបន្ថែមថា “គម្រោងផ្លូវនេះ អាចនិយាយបានថា វាប្រទាក់ក្រឡាគ្នារវាងខេត្ត ស្រុក និងស្រុកនៅក្នុងមូលដ្ឋានខេត្តកណ្តាល រួមជាមួយនឹងស្រុក និងខេត្តផ្សេងៗទៀត ។

ជាមួយគ្នានេះ អាជ្ញាធរបាននឹងកំពុងពន្លឿន ការដោះស្រាយលើផលប៉ះពាល់ផ្សេងៗរបស់ពលរដ្ឋដើម្បីឱ្យគម្រោងនេះឲ្យបានបញ្ចប់ទៅតាមផែនការ៕


ចែករំលែក