ដោយ វុត្ថា
ភ្នំពេញ៖ ចិនបានឈរចំណាត់ថ្នាក់លេខ១នៅកម្ពុជា លើគ្រប់ការវិនិយោគធំៗនៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងអ្នកវិនិយោគប្រទេសមហាអំណាចមួយនេះ បានស្រោចស្រពលុយដុល្លារចូលកម្ពុជា ក្នុងទឹកប្រាក់ជិត១៥០០លានដុល្លារអាមេរិកកាលពីឆ្នាំមុន។
អញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីសម្ពោធពិព័រណ៍កម្ពុជា ចិន-អាស៊ាន ឆ្នាំ២០១៨ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ នាព្រឹកថ្ងៃទី៣០ ខែមីនា ម្សិលម៉ិញនេះ លោកឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ប្រទេសចិនបានឈរលំដាប់លេខរៀងទី១ នៅកម្ពុជា កាលពីឆ្នាំ២០១៧ អ្នកវិនិយោគមកពីប្រទេសនេះ បានវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ចំនួន១,៤៣ប៊ីលានដុល្លារអាមេរិក ឬស្មើ២៧ភាគរយនៃទឹកប្រាក់វិនិយោគពីបរទេសសរុប ដែលចំនួននេះបានកើនឡើងស្ទើរពាក់កណ្ដាល បើធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ៧៤៨លានដុល្លារអាមេរិកប៉ុណ្ណោះ។
លោកបន្តថា «កំណើនវិនិយោគរបស់ចិន បានសម្រួលដល់ការធ្វើពិពិធកម្មវិស័យការងារសម្រាប់ប្រជាជន និងកំណើនសេដ្ឋកិច្ច ដោយសារគម្រោងចិនភាគច្រើន ផ្តោតសំខាន់លើវិស័យសំណង់ កសិកម្ម ថាមពល ឧស្សាហកម្មកាត់ដេរ ធនាគារ និងហិរញ្ញវត្ថុ ទូរគមនាគមន៍ និងទេសចរណ៍ ដែលជាសសរស្តមសំខាន់ៗនៃសេដ្ឋកិច្ច»។
ក្រៅពីកំណើនទឹកប្រាក់វិនិយោគ ស្ថានភាពពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជានៅក្នុងឆ្នាំ២០១៧ ក៏មានវឌ្ឍនភាពប្រសើរផងដែរ។
យោងតាមទិន្ន័យផ្លូវការបានបង្ហាញថា ពាណិជ្ជកម្មនៃប្រទេសទាំងពីរ សម្រេចបានដល់៥,៧៩០លានដុល្លារអាមេរិក ពោលគឺបានកើនឡើង២១,៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៦។ ទន្ទឹមគ្នានេះ ភ្ញៀវទេសចរចិន ដែលបានចូលមកកម្ពុជា កាលពីឆ្នាំ២០១៧មានចំនួន១,២១០,០០០នាក់ គឺបានកើនឡើងជិត ៤៦ភាគរយ បើធៀបនឹងឆ្នាំ២០១៦ដូចគ្នា។
ពិព័រណ៍កម្ពុជា ចិន-អាស៊ាន ឆ្នាំ២០១៨នេះ មានស្តង់សរុបចំនួន ៤៤០ស្តង់ និងមានក្រុមហ៊ុនធំៗចំនួន២៩០ក្រុមហ៊ុន។ ព្រឹត្តិការណ៍នេះ ក៏មានអមដោយសិក្ខាសាលាស្តីពីវិនិយោគនៅកម្ពុជា ការជំរុញគម្រោងសហប្រតិបត្តិការអន្តរជាតិ ខេត្តសានស៊ី វេទិកាជំនួបបច្ចេកវិទ្យាកម្ពុជា-ចិន និងជំនួបពាណិជ្ជកម្មផងដែរ។
លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា ការវិនិយោគចិននៅកម្ពុជាកាន់តែច្រើន មានកត្តាជាច្រើន ដូចជាទំនាក់ទំនងដ៏ល្អ និងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ភាពអំណោយផលរបស់កម្ពុជា និងកំនើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាន ពិសេសគោលនយោបាយផ្លួវសូត្ររបស់ចិន ក៏បានផ្តល់ផលប្រយោ ជន៍ច្រើនដល់កម្ពុជា។
លោកបន្តថា ប្រសិនជាមើលពីទំនាក់ទំនងអន្តរជាតិ និងភូមិសាស្រ្តនយោបាយវិញ ចិនចាប់ដៃកម្ពុជា គឺដើម្បីទប់ទល់ឥទ្ឋិពលលោកខាងលិច ដោយសារ ប្រទេសនៅជុំវិញកម្ពុជាដូចជា វៀតណាម ថៃ ភូមាជាដើមបានក្លាយជាសម្ព័ន្ឋមិត្តអាមេរិករួចហើយ ហេតុនេះទើបចិនចាប់កម្ពុជាជាដៃគូ ដើម្បីផលប្រយោជន៍នៃភូមិសាស្រ្តនយោបាយរបស់ខ្លួន៕