ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ចាប់តាំងពីដើមឆ្នាំ២០២០ ទីផ្សារខុនដូនៅកម្ពុជាបានចាប់ផ្តើមមានភាពប្រែប្រួលយ៉ាងខ្លាំងក្រោមឥទ្ធិពលនៃវិបត្តិជំងឺសាកលលោក និងកំពុងអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ន ដែលបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យជាច្រើន ហើយក្នុងនោះទីផ្សារខុនដូ ដែលជាផ្នែកមួយក្នុងវិស័យអចលនទ្រព្យក៏ជួបឱនភាពផងដែរ។

-->
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិប្រចាំនៅកម្ពុជា ERA លោក ខន គង្គា បានមានប្រសាសន៍តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ ថា ក្រោមឥទ្ធិពលនៃវិបត្តិជំងឺឆ្លង បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះយ៉ាងខ្លាំង ដែលក្នុងនោះប្រទេសកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសវិស័យទេសចរណ៍ និងវិស័យសំណង់ អចលនទ្រព្យ។
លោកបានបន្ត “រយៈពេល៣ខែដើមឆ្នាំ ចាប់ពីខែមករា រហូតដល់ដើមខែមេសា ការទិញ-លក់ អចលនទ្រព្យនៅកម្ពុជា ក៏ដូចជាគម្រោងសាងសង់សំណង់ធំៗ ត្រូវបានជាប់គាំង ប៉ុន្តែចាប់ពីពាក់កណ្តាលខែមេសា ជាពិសេសនៅដើមខែឧសភា ក្នុងត្រីមាសទី២ នៃឆ្នាំ២០២០ ការទិញ-លក់ នៅក្នុងទីផ្សារអចលនទ្រព្យ ចាប់ផ្តើមមានកម្រើកឡើងវិញ ក្រោយពេលលទ្ធផលនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺនៅកម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ”។
ជាមួយនឹងស្ថានភាពធូរស្រាលពីវិបត្តិមួយនេះ ទាំងវិស័យលំនៅដ្ឋាន ការជួយអគារការិយាល័យ ក៏ដូចជាទីផ្សារខុនដូ បានចាប់ផ្ដើមមានសញ្ញាវិជ្ជមាន ក្រោមសកម្មភាពរបស់អ្នកជំនួញ និងអភិវឌ្ឍន៍ក្នុងស្រុក។
លោក ខន គង្គា បានមានប្រសាសន៍ថា “សម្រាប់ទីផ្សារខុនដូ នៅមួយរយៈចុងក្រោយនេះ គឺមានសកម្មភាពឡើងវិញគួរឱ្យកត់សម្គាល់ ជាពិសេស ប្រភេទខុនដូតម្លៃមធ្យម ដែលមានតម្លៃចាប់ពី ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េចុះក្រោម គឺមានតម្រូវការខ្ពស់។ អ្នកទិញខុនដូប្រភេទនេះមាន២ ទី១ អ្នកដែលបម្រើការងារ និងមានមុខជំនួញនៅក្នុងក្រុង ដែលមានតម្រូវការជាក់ស្ដែងសម្រាប់រស់នៅ ហើយទី២ គឺអ្នកជំនួញអចលនទ្រព្យ ទិញទុកវិនិយោគបន្តយកចំណេញ ដែលអតិថិជនទាំង២ប្រភេទនេះ ភាគច្រើនជាអ្នកក្នុងស្រុក”។

នាយិកាប្រចាំប្រទេស ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា សកម្មភាពនៃការទិញលក់ខុនដូនៅពេលនេះ ភាគច្រើន គឺសុទ្ធតែជាគម្រោងចាស់ដែលបានបញ្ចប់ការសាងសង់ និងបានដាក់លក់នៅលើទីផ្សារប៉ុណ្ណោះ ប៉ុន្តែសម្រាប់ទីផ្សារខុនដូគម្រោងថ្មីៗ គឺមានការធ្លាក់ចុះ។
លោកស្រីបានបញ្ជាក់ថា “សម្រាប់ខុនដូដែលបានបញ្ចប់ការសាងសង់ និងបានដាក់លក់នៅលើទីផ្សារតាំងពីឆ្នាំ ២០១៨ – ២០១៩ កន្លងទៅនៅបន្តសកម្មភាពរបស់ខ្លួន ប៉ុន្តែសម្រាប់គម្រោងខុនដូថ្មីៗដែលទើបចាប់ផ្តើមនៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ គឺមានការធ្លាក់ចុះ និងពិបាកក្នុងការរកទីផ្សារណាស់។ ខ្ញុំគិតថា សម្រាប់ទីផ្សារថ្មីនេះ គឺត្រូវការពេលវេលាបន្តិចទៀត ពោលគឺអាចចំណាយយ៉ាងហោចណាស់១ឆ្នាំ ឬលើសពីនេះទៀតក៏ថាបាន ទម្រាំភាពល្អប្រសើរនៃសេដ្ឋកិច្ចពិភពលោកចាប់ផ្ដើមឡើងវិញ ហើយចរន្តនៃការធ្វើជំនួញ ពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យនានាកើតមានឡើងវិញ” ៕