ដោយ ប៊ី
ភ្នំពេញៈ ជំនាញអចលនទ្រព្យក្នុងស្រុក និងបរទេសបានអះអាងថា សកម្មទិញលក់អចលនទ្រព្យនៅតែមានដំណើរ ខណៈវិស័យនេះ ក៏នៅតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនបរទេសជាច្រើននៅពេលចប្ចុប្បន្ន។
លោកJames Hodge នាយករងក្រុមហ៊ុន CBRE Cambodia បានគេទំព័រ Propertyarea.asia កាលពីម្សិលមិញថា ការទិញអចលនទ្រព្យនៅតែមានភាពសកម្ម ប៉ុន្តែអ្នកវិនិយោគមានប្រុងប្រយ័ត្នខ្ពស់ ហើយពួកគេចង់ធ្វើឱ្យប្រាកដថា ពួកគេមានព័ត៌មានគ្រប់គ្រាន់ មុនពេលវិនិយោគ ដែលជារឿយៗបញ្ហាអាចកើតឡើងមើលមិនឃើញ។
លោកបានថ្លែងថា “យើងកំពុងមើលឃើញ ការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនបរទេសជាច្រើន ដូចជាអ្នកទិញក្នុងស្រុក នៅពេលការបើកដំណើរការគម្រោងថ្មី នៅខណ្ឌ សែន សុខ”។
បច្ចេកវិទ្យាបាននិងកំពុងជួយ ក្នុងការធ្វើទីផ្សារខុនដូដល់ដៃគូវិនិយោគិនបរទេស ដែលអនុញ្ញាតឱ្យភ្នាក់ងារ ធ្វើអន្តរកម្មជាមួយភាគីដែលចាប់អារម្មណ៍ និងផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធ។
ទាក់ទងនឹងប្រជាជនក្នុងស្រុក ចាប់ផ្តើមទិញអចលនទ្រព្យ លោក James បាននិយាយថា កម្រិតសកម្មភាពនៅទូទាំងទីផ្សារ កំពុងផ្លាស់ប្តូរយឺតៗឆ្ពោះទៅរកភាពធម្មតា នៅពេលភាពជឿជាក់ត្រឡប់មកវិញ។ ទោះជាយ៉ាងណា វាគួរតែត្រូវបានព្រមានថា ផលប៉ះពាល់នៃ Covid-19 នៅមានពេលវែងឆ្ងាយទៀត ហើយវានៅតែមានភាពខុសគ្នា នៃភាពមិនប្រាកដប្រជា និងគំរាមកំហែងពីទីផ្សារខាងក្រៅ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍ PREMIUM Group លោក ម៉ាន់ ចាន់ឌី បានអះអាងកន្លងមកថា បច្ចុប្បន្ននេះគម្រោងលំនៅដ្ឋានមួយចំនួន នៅតែសកម្មភាពទិញ-លក់ធម្មតា ដែលជាតម្រូវការរបស់អតិថិជនក្នុងស្រុក។
លោកបន្តថា “យើងទទួលស្គាល់ថា នៅក្នុងដំណាក់កាលនេះ សម្រាប់ទីផ្សារអចលនទ្រព្យ ពិតជារងនូវផលប៉ះពាល់ពីបញ្ហានៃជំងឺCovid-19 ដែលវាជាវិបត្តិសាកលលោក ប៉ុន្តែសម្រាប់ការទិញ-លក់ ក្នុងវិស័យលំនៅដ្ឋាននៅតែបន្តមានសកម្មភាព”។ លោកបន្តទៀតថា “ទីផ្សារលំនៅដ្ឋានខុសពីទីផ្សារអចលនទ្រព្យទូទៅ និងមិនមានភាពប្រឈមខ្លាំងនោះទេ”។
លោកបន្តថា បច្ចុប្បន្ននេះ អ្នកខ្លាចចេះតែខ្លាច តែសម្រាប់អ្នកដែលមានតម្រូវការពិតប្រាកដនៅតែស្វះស្វែងរកទិញលំនៅដ្ឋាន ដែលមានលក្ខណៈល្អប្រសើរ និងមានតម្លៃទាប។ លោកបន្តទៀតថា ការទិញលំនៅដ្ឋានក្នុងតំណាក់កាលនេះ អាចទទួលបានលទ្ធផលល្អច្រើន ដែលក្រៅពីទទួលបានតម្លៃទាប ក្រោមការអំពាវនាវរបស់រដ្ឋាភិបាល ការរួចថ្លៃបង់ពន្ធប្រថាប់ត្រា ថែមទាំងអាចទទួលបានលក្ខខណ្ឌល្អ ក្នុងការបង់ប្រាក់ដែលផ្តល់ដោយក្រុមហ៊ុនអភិវឌ្ឍន៍។ សម្រាប់លំនៅដ្ឋាន ដែលនៅតែអាចរក្សាបានទីផ្សាររបស់ខ្លួន គឺជាប្រភេទលំនៅដ្ឋាន តម្លៃមធ្យមចាប់ពី៧ម៉ឺនដុល្លារចុះក្រោម៕