ដោយ វុត្ថា
ភ្នំពេញៈ បើមិនមានអ្វីប្រែប្រួលនោះទេ សម្តេចតេជោហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នេះបើយោងតាមលទ្ធផលកិច្ចប្រជុំរបស់គណៈអភិបាលខេត្តកណ្តាលរៀបចំផែនការ ការពារសន្តិសុខ សុវត្ថិភាព ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដឹកនាំដោយគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។
លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាល ខេត្ដកណ្ដាល បានប្រាប់ឱ្យដឹងថា តាមគម្រោងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២០ សប្តាហ៍ក្រោយនេះ។
លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលធ្លាប់ បានមានប្រសាសន៍កាលពីពេលកន្លងទៅនេះថា វាជាភព្វសំណាងរបស់ខេត្តកណ្តាល ដែលប្រមុខនៃរាជរដ្ឋាភិបាលបានជ្រើសរើសសម្រាប់អភិវឌ្ឍន៍ ទៅជាព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលធ្វើឱ្យខេត្តមួយនេះកាន់តែទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យចូលមកបណ្តាក់ទុនវវិនិយោគនៅក្នុងខេត្តកាន់តែច្រើន ក្នុងនាមជាគម្រោងវិនិយោគដ៏ធំលំដាប់ទី១ របស់ខេត្តកណ្តាលផងដែរ ។
លោកបានបញ្ជាក់ថា គម្រោងព្រលានយន្តហោះថ្មី បានសាងសង់លើផ្ទៃដីទំហំ២៦០០ហិកតា ដែលស្ថិតព្រំប្រទល់រវាងខេត្តកណ្តាល និងខេត្តតាកែវ។ ទំហំដីនៅខេត្តកណ្ដាល ២២២៧ ក្បាលដី = ២៤៤១ ហិកតា និងខេត្តតាកែវ ៣៦០ ក្បាលដី = ១៥៨ ហិកតា ជាមួយនឹងទុនវិនិយោគ១៥០០លានដុល្លារ របស់ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដោយដំណាក់កាលទីមួយ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៣ ។
ពាក់ព័ន្ធទៅនឹងផលប៉ះពាល់នៃគម្រោង រដ្ឋបាលខេត្តកណ្តាល បានដោះស្រាយបញ្ហាសំណង់មិនរៀបរយ ជាមួយប្រជាពលរដ្ឋនៅក្នុងដីព្រលានសរុប១៧៦គ្រួសារ ក្នុងនោះ ១១គ្រួសារ ទទួលប្រាក់គោលនយោបាយ២០០០ដុល្លារក្នុង១គ្រួសារ និង១៦៥ គ្រួសារទៀត ទទួលយកការដោះដូរដីទៅកន្លែងផ្សេង សម្រាប់សង់លំនៅដ្ឋានរស់នៅ ដោយរាល់ការដោះស្រាយផលប៉ះពាល់ ពីគម្រោងព្រលានយន្តហោះនៅក្នុងខេត្តកណ្តាល ឈរលើការយោគយល់ និងដោះស្រាយដោយសន្តិវិធី ដោយពុំឱ្យប្រជាពលរដ្ឋរូបណាម្នាក់ពិបាកនោះទេ។

ព្រលានយន្តហោះថ្មីនេះ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំងរបស់ប្រទេសចិន។ នៅពេលសាងសង់ចប់ អាកាសយានដ្ឋានថ្មីនេះ នឹងសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ៕






