ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាមួយនឹងសន្ទុះ នៃភាពរីកចម្រើនវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ដែលកំពុងពង្រីកសក្តានុពល វត្តមានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ធំ និងល្បីឈ្មោះលំដាប់ពិភពលោក Coldwell Banker Cambodia ដែលបានដំណើរការកាលពីដើមឆ្នាំ២០២០កាន់តែជួយបង្ហាញពីភាពរឹងមាំ នៃវិស័យមួយនេះនៅកម្ពុជាបន្ថែមទៀត។
អគ្គនាយកក្រុមហ៊ុន Coldwell Banker Cambodia លោក Ken Lo បានមានប្រសាសន៍កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា គ្រប់ក្រុមហ៊ុនអន្តរជាតិធំៗទាំងអស់ មុនពេលចូលមកចាប់ដំណើរប្រតិបត្តិការ របស់ខ្លួននៅក្នុងប្រទេសកម្ពុជា គឺសុទ្ធតែបានឆ្លងកាត់នូវការសិក្សាយ៉ាងលម្អិត និងស្គាល់ពីស្ថានភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម ជាពិសេស សក្ដានុពលនៃវិស័យអចលនទ្រព្យដែលកំពុង និងបន្តមានតម្រូវការទីផ្សារផងដែរ។
ខាងក្រោមនេះ ជាកិច្ចសម្ភាសន៍ផ្ទាល់រវាងអ្នកយកព័ត៌មានគេហទំព័រអចលនទ្រព្យ www.propertyarea.asia ជាមួយលោក Ken Lo អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Coldwell Banker Cambodia ពីការចាប់យកចំណែកទីផ្សារ ចក្ខុវិស័យរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។
Q: តើក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Coldwell Banker ទីស្នាក់ការកណ្តាលនៅប្រទេសណា និងបង្កើតឡើងតាំងពីឆ្នាំណា? ហើយហេតុអ្វីបានជាលោកសម្រេចចិត្ត នាំយកក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ ចូលមកកាន់ទីផ្សារអចលនទ្រព្យនៅកម្ពុជា ?
A : ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Coldwell Banker ដែលទើបតែបង្ហាញវត្តមាននៅកម្ពុជា កាលពីដើមឆ្នាំ២០២០កន្លងទៅនេះ មានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនដ៏ធំ និងល្បីឈ្មោះលំដាប់ទី៣ជាសាកល ដែលរហូតមកដល់ពេលនេះ ក្រុមហ៊ុននេះមានអាយុកាល១១៣ឆ្នាំ និងបានបង្កើតការិយាល័យតំណាងចំនួន៤៥ប្រទេស ដែលក្នុងនោះរាប់ទាំងប្រទេសកម្ពុជាផងដែរ។ ឆ្លើយតបទៅនឹងសំណួរសួរថា ហេតុអ្វីបានជាខ្ញុំសម្រេចចិត្ត នាំយកក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះចូលមកកាន់ទីផ្សារអចលនទ្រព្យនៅកម្ពុជា ព្រោះខ្ញុំបានស្គាល់ច្បាស់ពីស្ថានភាព និងសក្ដានុពលនៃវិស័យអចលនទ្រព្យនៅកម្ពុជា ដែលស័ក្ដិសមទៅនឹងវត្តមានក្រុមហ៊ុនធំៗ ខណៈដែលនៅកម្ពុជា មិនទាន់មានក្រុមហ៊ុនលំដាប់អន្តរជាតិបែបនេះច្រើននៅឡើយ។
Q : បច្ចុប្បន្ន នៅក្នុងទីផ្សារអចលនទ្រព្យ មានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យជាតិ និងអន្តរជាតិជាច្រើនកំពុងតែធ្វើការប្រកួតប្រជែងគ្នា តើលោកមានទំនុកចិត្ត និងយុទ្ធសាស្ត្របែបណាដើម្បីអាចទទួលបានចំណែកទីផ្សារ?
A : ថ្វីដ្បិតយើងមកក្រោយគេ ប៉ុន្តែជំនឿចិត្តក្នុងការទទួលបានចំណែកទីផ្សារគឺយើងមានខ្ពស់ ព្រោះក្រុមហ៊ុនភាគច្រើន ដែលកំពុងដំណើរការនៅលើទីផ្សាររួម ភាគច្រើនមិនមែនជាដៃគូប្រកួតប្រជែងរបស់យើងនោះទេ។ ទីផ្សារគោលដៅរបស់យើងខុនពីគេ។ ក្រុមហ៊ុនភ្នាក់ងារជាច្រើន ដែលកំពុងដំណើរការសព្វថ្ងៃនេះ គឺពួកគេធ្វើសេវាកម្មចំរុះ បានន័យថា មិនថាអចលនវត្ថុនោះមានកម្រិតតូច ធំ ឬមធ្យមនោះទេ គឺធ្វើទាំងអស់ ប៉ុន្តែសម្រាប់ទីផ្សារគោលដៅ របស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ដែលមានប្រភពមកពីសហរដ្ឋអាមេរិក Coldwell Banker Cambodia គឺខុសពីគេ។
យើងទទួលបម្រើសេវា និងប្រឹក្សាតែចំពោះអចលនវត្ថុទាំងឡាយណា ដែលមានតម្លៃខ្ពស់អាចចាប់ពី៨០ម៉ឺនដុល្លា ឬ១លានដុល្លាររឡើងទៅ ក្នុងនោះមិនថាជាប្រភេទ អគារពាណិជ្ជកម្ម ខុនដូ លំនៅដ្ឋាន ទីតាំងជួលដូចជា Commercial Land, Commercial Industrial, Property Residence ឱ្យតែស្ថិតនៅក្នុងតម្លៃ ដែលបានកំណត់ទើបយើងទទួលធ្វើ។
Q : តើវិសាលភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា ធំទូលាយសមស្របទៅគោលដៅរបស់ក្រុមហ៊ុន Coldwell Banker Cambodia ដែរឬទេ ហើយត្រូវចំណាយពេលប៉ុន្មានឆ្នាំដើម្បីទទួលបានចំណែកទីផ្សារ?
A : បើយើងសម្លឹងមើលតែមួយជ្រុង យើងឃើញថាទីផ្សារមានទំហំតូច ប៉ុន្តែយើងមើលឱ្យទូលាយជាងនេះ នោះនឹងឃើញច្បាស់ពីវិសាលភាព នៃទីផ្សារអចលនទ្រព្យនៅកម្ពុជា។ Coldwell Banker Cambodia បានសិក្សា និងស្គាល់ច្បាស់ពីទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសមួយនេះ ហើយយើងក៏មិនធ្វើតែនៅក្នុប្រទេសកម្ពុជានោះដែរ។
តាមរយៈColdwell Banker Cambodia នឹងធ្វើការផ្សព្វផ្សាយបន្ថែម ពីទីផ្សារអចលនទ្រព្យកម្ពុជា ទៅកាន់បណ្តាប្រទេសនានានៅទូទាំងសាកលលោក ជាពិសេសប្រទេសគោលដៅ ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី ញ៉ូហ្សាលែន កាណាដា និងប្រទេសមួយចំនួនទៀតនៅប៉ែកអឺរ៉ុប។
យើងនឹងនាំយកអចលនទ្រព្យនៅកម្ពុជា ទៅលក់នៅលើទីផ្សារក្រៅប្រទេស ហើយក៏នាំយកអចលនទ្រព្យ នៅក្រៅប្រទេសមកលក់នៅប្រទេសកម្ពុជាវិញផងដែរ ដូចជាប្រទេសអូស្ត្រាលីជាដើម ដែលមានប្រជាជនខ្មែរទៅរស់នៅ និងសិក្សាបន្តនៅទីនោះច្រើន។ សម្រាប់អ្នកដែលមានកូនចៅរៀនចប់នៅក្នុងស្រុក ហើយត្រូវបញ្ជូនទៅសិក្សាបន្តនៅប្រទេសអូស្ត្រា ឬកាណាដា ពួកគាត់អាចទិញអចលនទ្រព្យ ឬលំនៅដ្ឋានតាមរយៈ Coldwell Banker Cambodia ដែលជាក្រុមហ៊ុន មានការទទួលស្គាល់លំដាប់ពិភពលោក។ ក្រោយពេលពួកគាត់ទិញ កូនរបស់ពួកគាត់មិនពិបាក ចំណាយប្រាក់បន្ថែមទៅលើការជួលទីតាំងស្នាក់នៅ ក៏ដូចជាផ្តល់ភាពងាយស្រួល ដល់ក្រុមគ្រួសារដែលទៅលេងម្ដងម្កាលផងដែរ។
យើងដឹងថា សម្រាប់ការចាប់យកចំណែកទីផ្សារនៅក្នុងប្រទេសកម្ពុជា អចលនវត្ថុដែលមានតម្លៃចាប់ពី១លានដុល្លារឡើង លើគឺត្រូវចំណាយពេលយូរ និងធនធានច្រើនបន្តិច ប៉ុន្តែបន្ទាប់ពីបានបញ្ជ្រាបខ្លួនបានគ្រប់គ្រាន់ អតិថិជន ក៏ដូចជាចំណែកទីផ្សារនៃវិស័យមួយនេះ នឹងរត់មកប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនយើង ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះជាក់ជាមិនខាន។
យើងមានកេរ្តិ៍ឈ្មោះល្បីលើការផ្តល់ប្រឹក្សា ផ្តល់ជូនសេវាកម្មល្អប្រកបដោយទំនុកចិត្តខ្ពស់ ជាពិសេស ពួកយើងមានជំនាញច្បាស់លាស់ មានក្របសីលធម៌ វិជ្ជាជីវៈ ជាមួយនឹងភាពស្មោះត្រង់ជាមួយអតិថិជន ក៏ដូចជាក្រុមហ៊ុនដែលជាដៃគូផងដែរ៕