ដោយ វុត្ថា
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រហូតមដល់ពេលនេះ បានគាំទ្រចំពោះការប្រើប្រាសដីកសិកម្ម ដែលមានទំហំរាប់ពាន់ហិកតា ស្ទើតែទូទាំងប្រទេស ក្នុងការផ្តល់ជូនសហគមន៍ និងក្រុមហ៊ុនសម្រាប់ធ្វើការដាំដុះ នូវផលិតផលកកម្មសម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក និងការនាំចេញ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបានសផ្សព្វផ្សាយ កាលពីកន្លងមកថ្មីៗនេះបានឱ្យដឹងថា ក្រសួងបានគាំទ្រជោគជ័យ១០០%ដល់សហគមន៍ កសិកម្មទទួលបានវិញ្ញាបនបត្រ ស្តង់ដាសរីរាង្គសហគមន៍អឺរ៉ុប និង សហរដ្ឋអាមេរិក ដើម្បីទទួល បានវិញ្ញាបនបត្របញ្ជាក់ផលិតផលសរីរាង្គពីស្ថាប័នអន្តរជាតិ Control Union រួមមានដំឡូងមី សណ្តែកបាយ លូ ស្វាយចន្ទី ស្វាយ ដំឡូងជ្វា ចេក ខ្នុរ និងស្រូវ សរុបចំនួន ៤១៧គ្រសារ ស្មើនឹង ២៤៧, ៣៩ហិកតា ក្នុងខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ។
របាយការណ៍ដដែលបន្តថា ក្រសួងក៏បានគាំទ្រ ជោគជ័យ១០០% ការប្រមូលផលដំឡូងសរីរាង្គតាមកិច្ចព្រមព្រៀង រវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) មានចំនួន៧៣៩តោន ក្នុងឃុំ ដារ ស្រុកចិត្របុរី ខេត្តក្រចេះ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងនៅឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារដើម្បីទទួលបានវិញ្ញាបនប័ត្រ បញ្ជាក់ផលិតផលសរីរាង្គឆ្នាំ២០២០ រួមមានដំឡូងមី ចំនួន១៨៧គ្រសារ ស្មើនឹង២១៥,៤៥ហិកតា សណ្តែកបាយចំនួន៧៣គ្រសារ ស្មើនឹង៧៦,៧៤ហិកតា និងដ៏ណាំលូចំនួន៦៩គ្រសារ ស្មើនឹង៧៤, ៥ហិកតា ក្នុងស្រុក ចិត្របុរី ខេត្តក្រចេះ ស្រុកសន្ទុក ខេត្តកំពង់ធំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងស្រុកសាមគ្គីមានជ័យ ។
សម្រាប់ ខេត្តកំពង់ឆ្នាំង បានជំរុញការសម្អាតដីកសិកម្ម ដើម្បីរៀបចំសម្រាប់ដាំដុះមានចំនួន ១៩៧គ្រសារ ស្មើនឹង ៣៥៤ ហិកតា នៅដីសម្បទានប្រម៉ា ឃុំឃីម ស្រុកស្នួល ខេត្តក្រចេះ និង បានបណ្តុះបណ្តាលពីបទដ្ឋានបច្ចេកទេស សម្អាតប្រឡាយទឹក (៤ម៉ែត្រ x១,២ម៉ែត្រx១,២ម៉ែត្រ) ដែល មានប្រវែងសរុប២ ០០០ម៉ែត្រ និងបានធ្វើការត្រួតពិនិត្យសក្តានុពលទឹកដែលអាចប្រើប្រាស់ សម្រាប់ស្រោចស្រពដំណាំក្នុងភូមិសែនអភិវឌ្ឍន៏២ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ៕