ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​សង្កាត់​ព​ន្សាំ​ង រាជធានី​ភ្នំពេញ នឹង​អស់​សុពលភាព​ត្រឹមដើម​សប្ដាហ៍​នេះ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង​ថា ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដែល​ស្ថិតនៅក្នុង​តំបន់​វិនិច្ឆ័យ ក្នុងភូមិ​ចុង​ថ្នល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នឹង​អស់​សុពលភាព ឬ​មោឃភាព​នៃ​ប័ណ្ណ​សម្គាល់​សិទ្ធិ កាន់កាប់​ប្រើប្រាស់​ដីធ្លី​នៅត្រឹម​ដើម​សប្ដាហ៍​នេះហើយ។

តាមរយៈ​សេចក្ដីជូនដំណឹង របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ នៅ​ចុង​សប្ដាហ៍​នេះ​បាន​លើកឡើងថា បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ក្បាលដី​ស្ថិតនៅក្នុង​តំបន់​វិនិច្ឆ័យ ភូមិ​ចុង​ថ្នល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ស្តីពី ការចែក​វិញ្ញ​ប​នប​ត្រ សម្គាល់​ម្ចាស់​អចលវត្ថុ និង​មោឃភាព​នៃ​ប័ណ្ណ​សំគាល់ សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឫ​ប័ណ្ណ​សំគាល់​សិ​ទ្ទិ​កាន់កាប់​អចលវត្ថុ នៅត្រឹម​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។

នៅក្នុង​សេចក្ដីជូនដំណឹង​ដដែល​បាន​បញ្ជាក់ថា យោងតាម​អនុក្រឹត្យ​លេខ ៤៦ អនក្រ.បក ចុះ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្ដីពី​នីតិវិធី​នៃ​ការកសាង​ប្លង់​សុរិយោដី និង​សៀវភៅ​គោល​បញ្ជី​ដីធ្លី ក្រោម​ដំណើរការ​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ នឹងធ្វើ​ការចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូន​ដល់​ម្ចាស់​ក្បាលដី ដែល​ស្ថិតនៅក្នុង​តំបន់​វិនិច្ឆ័យ​ខាងលើ ចាប់ពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។

ម្ចាស់​ក្បាលដី​ទាំងអស់​ដែល​ស្ថិតនៅក្នុង​តំបន់​ខាងលើ ត្រូវយក​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​កន្លងមក ប្រគល់ឱ្យ​មន្ត្រីរដ្ឋបាល​សុរិយោដី​នៅ​ភូមិ​ចុង​ថ្នល់ សង្កាត់​ព​ន្សាំ​ង ខ័​ណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី២២ រហូតដល់​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ជា​កំហិត។

ដោយឡែក​សម្រាប់ ម្ចាស់បំណុល​ដែល​បានទទួល​បញ្ចាំ ឬ​ដាក់​ធានា ពាក់ព័ន្ធ​នឹង​ក្បាលដី​ក្នុង​តំបន់​វិនិច្ឆ័យ​ខាងលើ សូម​យក​ប័ណ្ណ​ទាំងនោះ មក​ជូន​មន្ត្រីរដ្ឋបាល​សុរិយោដី​ធ្វើ​និយ័តកម្ម ដើម្បី​ការធានា​ប្រាក់​របស់លោក​អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here