ដោយ គង់ សូរិយា
ភ្នំពេញ ប្រទេសកម្ពុជា និងទួគីគ្រោងបង្កើនទំហំពាណិជ្ជកម្មឲ្យដល់៥០០លានដុល្លារនៅឆ្នាំ២០២០ខាងមុខ ខណៈប្រទេសនេះគ្រោងភ្ជាប់ការហោះហើរត្រង់មកកម្ពុជាផងដែរ។
ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្រ្តី អូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកជំទាវ Ayda Unlu ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួគីប្រចាំកម្ពុជា បានថ្លែងថា ប្រទេសតួគី និងកម្ពុជា មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយូរណាស់មកហើយ ហេតុនេះដើម្បីឲ្យកិច្ចសហប្រតិបត្តិការ កាន់តែទូលំទូលាយ និងស៊ីជំរៅថែមទៀតនោះ លោកជំទាវនឹងខិតខំបន្តជម្រុញពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
លោកជំទាវបន្តថា ប្រទេសតួគីមានបំណងអញ្ជើញថ្នាក់នាំ នៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាធុរៈជនកម្ពុជា ទៅទស្សនៈកិច្ចស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច និងឳកាសវិនិយោគក្នុងប្រទេសតួគី ក្នុងន័យរឹតចំណងចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានទំនាក់ទំនងល្អ ក្រៅពីនោះប្រទេសតួគី ក៏មានបំណងនិងកំពុងសិក្សាលទ្ធភាព ក្នុងការបង្កើតឲ្យមានជើងយន្តហោះ ហោះហើរត្រង់ពីប្រទេសតួគីមកកម្ពុជាផងដែរ។
លោកអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្វាគមន៍ចំពោះការផ្តួចផ្តើម ក្នុងការជម្រុញទំនាក់ទំនងប្រទេសទាំងពីរ និងស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ ខិតខំបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យដល់៥០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២០ ដើម្បីជំរុញកំនើនសេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរផងដែរ៕