ដោយគង់ សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាលគ្រោងចាប់ផ្តើមធ្វើជំរឿងប្រជាសាស្រ្ត និងសេដ្ឋកិច្ចជាលើកទី៣ ដោយគ្រោងចំណាយទឹកប្រាក់ ៨,៥លានដុល្លារ ដែលនឹងចាប់ផ្តើមថ្ងៃទី ១ខែមីនាឆ្នាំ ២០១៩ខាងមុខនេះ។
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការលោកជំទាវ ហង់ លីណា ការលើកឡើងកាលពីម្សិលម៉ិញនេះថា ការធ្វើជំរឿនឆ្នាំ ២០១៩ នឹងប្រើប្រាស់ថវិការដ្ឋាភិបាលទាំងស្រុង ហើយកិច្ចការងារជំរឿនបានចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ២០១៦មកម្លេះ។ លោកជំទាវបន្តថា ក្នុងកិច្ចការមួយចំនួនដែលក្រសួងផែនការបានបញ្ចប់រួចហើយ រួមមានការគូសផែនទីត្រូវបានចាត់ទុកជាកិច្ចការសំខាន់។
លោកជំទាវបន្តថា “ការគូសផែនទីនេះជាការគូសព្រំដែនកំណត់មណ្ឌលជំរឿន ហើយមណ្ឌលជំរឿននីមួយៗ មានចំនួនគ្រួសារចន្លោះពី១២០ ទៅ១៥០គ្រួសារ ដោយមានមន្រ្តីជំនាញម្នាក់ធ្វើការសម្ភាសន៍ និងប្រមូលព័ត៌មានពីគ្រួសារក្នុងមណ្ឌលនោះ”។លោកជំទាវបន្តថា “មណ្ឌលជំរឿននាពេលខាងមុខនេះ មានចំនួនប្រមាណជា៤ម៉ឺនមណ្ឌលទូទាំងប្រទេស ដោយទាមទារឱ្យមានមន្ត្រីជំនាញប្រមាណ៤ម៉ឺននាក់ដើម្បីបំពេញបេសកកម្មនេះ”។
ការធ្វើជំរឿនប្រជាសាស្រ្ត និងសេដ្ឋកិច្ចតែងតែធ្វើរៀងរាល់១០ឆ្នាំម្តង ដោយលើកទី១ធ្វើនៅឆ្នាំ១៩៩៨ លើកទី២ធ្វើនៅឆ្នាំ២០០៨ និងលើកទី៣ត្រូវធ្វើនៅឆ្នាំ២០១៨នេះ ប៉ុន្តែគំរោងនេះត្រូវពន្យាពេលដល់ឆ្នាំ២០១៩ខាងមុខ។
ទេសរដ្ឋមន្រ្តីឆាយ ថនរដ្ឋមន្រ្តីក្រសួងផែនការបានពន្យល់ពីការពន្យាពេលធ្វើជំរឿននេះថា ការធ្វើជំរឿនប្រជាជននៅកម្ពុជា ជាធម្មតាធ្វើឡើងក្នុងរយៈពេល១០ឆ្នាំម្ដង ដោយជំរឿនចុងក្រោយបង្អស់ធ្វើឡើងក្នុងឆ្នាំ២០០៨ ហើយត្រូវធ្វើជាថ្មីនៅឆ្នាំ ២០១៨។កាលបរិច្ឆេទធ្វើជំរឿនឆ្នាំ២០១៨នេះ ត្រូវបានលើកមកធ្វើនៅឆ្នាំ២០១៩វិញ ក្រោមហេតុផលថា ឆ្នាំ២០១៨ស្របពេលដែលកម្ពុជាមានព្រឹត្តិការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦៕