ដោយ វុត្ថា
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់បាន ដោះស្រាយផលប៉ះពាល់លើគម្រោងសាងសង់ ផ្លូវចូលព្រលានយន្តហោះអន្តរជាតិថ្មី ខេត្តកណ្តាលជូនប្រជាពលរដ្ឋចំនួន២៩គ្រួសារ ស្មើនឹង៣១ក្បាលដី។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញកកន្លងមកនេះថា ក្រុមការងារអន្តរក្រសួង បានផ្តល់ដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋចំនួន២៩គ្រួសារស្មើ៣១ក្បាលដី ដែលរងផលប៉ះពាល់ពីការសាងសង់ផ្លូវចូលទីតាំងដីឡូត៍លំនៅឋាន សម្រាប់រៀបចំជូនប្រជាលបរដ្ឋ រស់នៅបណ្តោះអាសន្នក្នុងសំណង់បណ្តោះអាសន្ន ស្ថិតក្នុងទីតាំងគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។
របាយការណ៍ដដែលបន្តថា ក្រុមការងារក្រសួង ក៏បានចុះស្រងជំហររបស់ប្រជាពលរដ្ឋក្នុងការដោះស្រាយក្បាលដី ដែលរងផលប៉ះពាល់ ស្ថិតនៅក្នុងទីតាំងគម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីនេះផងដែរ ស្របតាមគោលនយោបាយ និងផែនការដែលបានដាក់ចេញ។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានឱ្យដឹងកន្លងមកនេះថា រដ្ឋាភិបាលបានយកចិត្តទុកដាក្នុងការដោះស្រាយផលប៉ះពាល់ជូន ប្រជាពលរដ្ឋដែលប៉ះនឹងគម្រោងសាងសង់ អាកាសយានដ្ឋាននេះតាមគម្រោងរបស់រដ្ឋាភិបាល ដែលបានដាក់ចេញ តម្លៃមិនលើសពី៨ដុល្លារក្នុងមួយម៉ែត្រការ៉េដី។
អ្នកឧកញ៉ាពុង ឃាវសែ ម្ចាស់គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានសម្តែងការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេលោក ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា ដែលបានយកចិត្តទុកដាក់ ក្នុងការសហការដោះស្រាយផលប៉ះពាល់នេះ ដើម្បី ឱ្យដំណើរការសាងសង់ប្រត្តិទៅដោយរលូន និងសម្រេចតាមផែនការរហូតមកដល់ពេលនេះ។
អ្នកឧកញ៉ាបន្តថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ បានផ្តល់ឱកាសការងារជូនពលរដ្ឋខ្មែររាប់ម៉ឺនកន្លែង និងជាកន្លែងសម្រាប់ផ្តល់បទពិសោធន៍ និងសិក្សារៀនសូត្រ ដល់ស្ថាត្យករខ្មែរជាច្រើនពាន់នាក់ពីគម្រោងនេះ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានការរីកចំរើនបន្ថែមទៀត។
គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថាបនាលើដីទំហំប្រមាណ២៦០០ ហិកតា មានបណ្តោយប្រមាណ៦គីឡូម៉ែត្រ និងទទឹងប្រមាណ៤គីឡូម៉ែត្រ ។ ដំណើការ នៃការសាងសង់ ព្រលានយានដ្ឋានអន្តរជាតិភ្នំពេញថ្មី អាចនឹងបញ្ចប់ដំណាក់កាលទី១ នៅឆ្នាំ២០២៣ខាងមុខនេះ។ ទុនវិនិយោគព្រលានយន្ដហោះមួយនេះ មានទំហំទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ ដែលជាប្រភេទ 4F អនុញ្ញាតឱ្យប្រភេទព្រលានយន្តហោះធំ Airbus A380-800 និង យន្តហោះ Boeing 747-800 ហោះហើរពីឆ្ងាយឆ្លងទ្វីបចុះចតបាន៕