អ្នកជំនាញ ៖ ទោះកំណើនលំនៅដ្ឋានថ្មីកើនឡើងច្រើន ប៉ុន្តែតម្លៃមិនស្រុតចុះនោះទេ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ទោះជាស្ថិតនៅក្នុងបរិបថដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបភាពប្រឈមយ៉ាងក៏ដោយ ប៉ុន្តែសម្រាប់សកម្មភាពនៃការអភិវឌ្ឍវិស័យលំនៅដ្ឋាននៅកម្ពុជាមិនបានទ្រុឌទ្រោមនោះទេ ផ្ទុយទៅវិញវិស័យមួយនេះ បាន និងកំពុងបន្តដំណើរយ៉ាងមមាញឹកស្របតាមផែនការរបស់ខ្លួន ដើម្បីបំពេញតម្រូវការទីផ្សារជាក់ស្ដែង។

អគ្គនាយកក្រុមហ៊ុន Premium Group លោក ម៉ាន់ ចាន់ឌី ដែលជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋាននាពេលបច្ចុប្បន្នបានមានប្រសាសន៍តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះថា ទោះជាស្ថិតនៅក្នុងស្ថានភាពនាពេលនេះក៏ដោយ សម្រាប់ដំណើរការនៃការសាងសង់លំនៅដ្ឋាន ក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានគម្រោងច្បាស់លាស់ និងមានទីផ្សារនៅតែបន្តដំណើរការរបស់ខ្លួនដោយមិនអាចឈប់ពាក់កណ្តាលទីបាននោះទេ។

លោក ម៉ាន់ ចាន់ឌី បានបញ្ជាក់ថា “គ្រប់ការសាងសង់ក៏ដូចជាការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានទាំងអស់ គឺសុទ្ធតែធ្វើឡើងទៅតាមផែនការ ហើតភាគច្រើននៃគម្រោងដែលបានចាប់ផ្តើមសាងសង់ក៏សុទ្ធតែមានអតិថិជនក្នុងដៃ ដូច្នេះ ក្រុមហ៊ុនអភិវឌ្ឍន៍ភាគច្រើនមិនមានភាពប្រឈមខ្ពស់ទៅនឹងស្ថានភាពសព្វនេះនោះទេ ដែលវាខុសពីផ្នែកដទៃនៃវិស័យអចលនទ្រព្យផ្សេងទៀត”។ លោកបន្តថា “យើងទទួលស្គាល់ថា ក្នុងដំណាក់កាលនេះមានគម្រោងអភិវឌ្ឍន៍ជាច្រើន បានបន្តដំណើរការសាងសង់ ដែលធ្វើឱ្យកើនឡើងនូវកំណើនលំនៅដ្ឋានថ្មីក្នុងរាជធានីភ្នំពេញ និងតាមតំបន់ជាយក្រុងកាន់តែច្រើន ប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់ទៅនឹងតម្រូវការជាក់ស្ដែងនោះទេ បើប្រៀបធៀបទៅនឹងលំហូរនៃចំនួនប្រជាជនចូលមករស់នៅ និងប្រកបមុខរបរនៅទីក្រុងភ្នំពេញ”។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Land Station លោក កាង សុធី បានមានប្រសាសន៍ថា “នៅក្នុងដំណាក់កាលដែលបញ្ហាជំងឺឆ្លងកំពុងផ្ទុះឡើង ការអភិវឌ្ឍគម្រោងលំនៅដ្ឋានក៏កើនឡើងស្របពេលដំណាលគ្នាដែរ ដែលបានធ្វើឱ្យកំណើនលំនៅដ្ឋានថ្មីមានការកើនឡើងច្រើន។ ទោះជាចំនួនលំនៅដ្ឋានថ្មីកើនឡើងច្រើន តែតម្លៃមិនមានការធ្លាក់ចុះនោះឡើយ”។

លោក កាង សុធី បានបន្តទៀតថា “ភាពនៅទ្រឹងនៃតម្លៃលំនៅដ្ឋានគឺបណ្តាកមកពីហេតុផលមួយចំនួន ដែលក្រៅពីធ្វើការអភិវឌ្ឍនៅលើដីដែលមានតម្លៃថ្លៃស្រាប់ គឺនៅមានការចំណាយបូកបញ្ចូលទៅក្នុងថ្លៃដើមនៃលំនៅដ្ឋានដូចជាការថែមជូននូវសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះ វត្ថុអនុស្សាវរីយ៍ រូមជាមួយការផ្តល់ជូននូវកម្មវិធីផ្សេងៗមួយចំនួន ដើម្បីអាចដណ្ដើមបានចំណែកទីផ្សារដែលកំពុងមានការប្រកួតប្រជែងគ្នា”។

ទោះជាយ៉ាងណាក៏ដោយ លោក កាង សុធី បានលើកឡើងថា ក្នុងខណៈពេលដែលមានកំណើននៃចំនួនលំនៅដ្ឋានថ្មីកាន់តែច្រើន វាក៏ជាការផ្ដល់ឱកាសកាន់តែល្អសម្រាប់អ្នកដែលមានតម្រូវការលំនៅដ្ឋានស្នាក់នៅពិតប្រាកដ ដែលក្រៅពីទទួលបានកម្មវិធីបញ្ចុះតម្លៃ និងសម្ភារៈផ្សេងៗ ថែមទាំងមានជម្រើសច្រើនសម្រាប់ការសម្រេចចិត្តទៀងផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here