ដោយ៖ ប៊ី
ភ្នំពេញៈ ឥណទានលំនៅដ្ឋាន ដែលផ្តល់ឱ្យដោយគ្រឹះស្ថានធនាគារមានចំនួន ១១,៦ភាគរយ នៃទំហំនៃការផ្តល់ឥណទានអតិថិជន របស់គ្រឹះស្ថានធនាគារនៅកម្ពុជាក្នុងឆមាសទី១ឆ្នាំ២០២០នេះ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា។
របាយការណ៍បានឱ្យដឹងថា កម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានចំនួន១១,៦ ភាគរយ ស្មើនឹងប្រមាណ៣០៩៧លានដុល្លារ នៃទំហំលើការផ្តល់ឥណទានអតិថិជនរបស់គ្រឹះស្ថានធនាគារនៅកម្ពុជា ដែលមានទឹកប្រាក់សរុប២៦,៧ ពាន់លានដុល្លារ។
លោកជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានឲ្យដឹងក្នុងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ ២០២០នេះថា ទោះបីជារដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ នេះហើយក៏ដោយ ក៏ផលអវិជ្ជមានមួយចំនួនបាន និងកំពុងកើតរួចមកហើយក្នុងវិស័យធនាគារនៅកម្ពុជា។
លោកបានថ្លែងថា “ហានិភ័យចម្បងៗ ដែលអាចកើតមានពីការបន្តអូសបន្លាយនៃការរីករាលដាលជំងឺកូវីដ១៩ មានដូចជា ការធ្លាក់ចុះប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងអាជីវកម្ម ការធ្លាក់ចុះនៃវិស័យសំណង់ និងអចលនទ្រព្យ និងការថយចុះនៃលំហូរមូលធនពីក្រៅប្រទេសមកក្នុងវិស័យធនាគារ” ។
លោកជា ចាន់តូបានលើកឡើងថា “បើទោះបីកម្ពុជាបានចាត់វិធានការគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពក៏ដោយ វិស័យសំណង់នៅកម្ពុជាក៏ប្រឈមមុខនឹងការថយចុះផងដែរ ដោយសារតែប្រភពទុន១ផ្នែកទទួលបានមកពីក្រៅប្រទេស” ។
លោកបន្ថែមថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានអត្រាកំណើនអវិជ្ជមាន ក្នុងឆ្នាំ២០២០នេះ ដែលជាកំណើនទាបបំផុតចាប់ពីឆ្នាំ១៩៩៥ មក ប៉ុន្តែបើជំងឺកូវីដ១៩ អាចទប់ស្កាត់បានត្រឹមចុងឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២១ អាចនឹងងើបឡើងវិញក្នុងទម្រង់ជាអក្សរ «V» ។
ទោះបីជាយ៉ាងក៏ដោយ ក៏វិស័យអចលនទ្រព្យ នៅតែបន្តមានវិជ្ជមានក្នុងឆមាសទី១ ឆ្នាំនេះ។ ទំហំនៃការវិនិយោគលើវិស័យសំណង់ នៅទូទាំងប្រទេស មានទំហំទឹកប្រាក់សរុបជាង៣៤០០លានដុល្លារអាមេរិក កើនឡើងជាង២១% នៅលើគម្រោងវិនិយោគថ្មីៗប្រមាណ២ពាន់គម្រោង ដែលកំណើននេះបានចូលរួមចំណែកយ៉ាងខ្លាំង នៃកំណើនសំណង់ប្រភេទពាណិជ្ជកម្ម លំនៅឋាន ជាពិសេសផ្ទះល្វែង និងខុនដូ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីនិន្នាការសេដ្ឋកិច្ចសង្គម តាមប្រភពនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រចាំខែឧសភា ឆ្នាំ២០២០ ក្នុងនោះពាក់ព័ន្ធនឹងគម្រោងវិនិយោគលើវិស័យសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់ សរុបទូទាំងប្រទេសចំនួន២ ១០៧ គម្រោង កើនឡើង៤៩៥ គម្រោង ដោយមានផ្ទៃក្រឡាប្រមាណ៧,៨លានម៉ែត្រការ៉េ កើនឡើងជាង៣១% ដែលស្មើនឹងតម្លៃវិនិយោគសរុបប្រមាណ៣៤៨៣ លានដុល្លារអាមេរិក កើនឡើងជាង២១% បើធៀបនិងរយៈពេលដូចគ្នានឹងឆ្នាំមុន៕