ដោយ វុត្ថា
ភ្នំពេញៈ គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា ភាគច្រើនត្រូវបានសាងសង់ដោយក្រុមហ៊ុនមកពីប្រទេសចិន ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាមានទំនាក់ទំងល្អ ជាមួយនឹងរដ្ឋាភិបាលនៃប្រទេសចិន ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនចិនជាច្រើនចូលមកបណ្តាក់ទុននិយោគ និងកសាងហេដ្ឋានាសម្ព័ន្ធនានានៅក្នុងប្រទេស។
លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០កន្លងមកថា ក្រុមហ៊ុនចិន មានលក្ខណៈពិសេសច្រើន ដែលរដ្ឋាភិបាលរបស់ខ្លួនបានបញ្ជូនមកកាន់កម្ពុជា ហើយក្រុមហ៊ុនខ្លះទៀត បានចេញលុយផ្ទាល់ខ្លួនក្នុងការសិក្សាគម្រោង។
លោកបន្តថា “ក្រុមហ៊ុនខ្លះសុំដល់ក្រសួងក្នុងការសិក្សាគម្រោង ដោយមិនទទួលបាននូវថវិកានោះទេ តែពេលខ្លះទៀតក៏មិនទទួលបានគម្រោង ដែលខ្លួនបានសិក្សាហើយយកមកអនុវត្តផងដែរ។លោកបន្តថា “ក្រុមហ៊ុនចិនមួយចំនួនដាក់គម្រោងទៅរដ្ឋាភិបាលរបស់ខ្លួនមិនត្រូវបានផ្តល់អទិភាព ខណៈដែលក្រុមហ៊ុនថ្មី ចូលមកទទួលបានគម្រោងយកទៅអនុវត្តន៍” ។
លោកសូរិយាបានបន្ថែមទៀតថា “ជាទូទៅក្រុមហ៊ុនចិន ដែលទទួលបានគម្រោងសាងសង់នៅកម្ពុជា មានស្ថានភាពលឿន ដោយសារបានសិក្សាពីតម្លៃ និងគម្រោងចំណាយនានាមានភាពច្បាស់លាស់ត្រឹមត្រូវ។លោកបន្តថា “តាមការកត់សម្គាល់របស់ខ្ញុំ គឺក្រុមហ៊ុនចិនសិក្សាគម្រោងដោយខ្លួនឯង ហើយបន្តសាងសង់ថែមទៀត ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនមួយទៀត ដែលត្រូវបានបញ្ជូនពីរដ្ឋាភិបាលចិនមកត្រួតពិនិត្យពីលើ ដើម្បីឱ្យដំណើរការសងសង់ស្របតាមស្តង់ដាររបស់ចិន” ។
លោកបញ្ជាក់ថា បើទោះបីក្រុមហ៊ុនចិន មានភាពខ្វះខាតថវិកាបន្តិចបន្តួច ក្នុងការអនុវត្តគម្រោង ក៏មិនធ្វើឱ្យបង្អាក់ដល់ដំណើរការសាងសងដែរ ព្រោះជាក្រុមហ៊ុនជាក្រុមហ៊ុនរបស់រដ្ឋ អាចស្នើសុំបន្ថែមពីរដ្ឋាភិបាលរបស់គេមកបំពេញបន្ថែម។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មានកន្លងកនេះថាប្រទេសចិន គឺជាប្រទេសដែលបានផ្តល់ហិរញ្ញប្បទានច្រើនជាងគេ សម្រាប់ការសាងសង់ផ្លូវថ្នល់ និងស្ពាននៅកម្ពុជា ដែលគិតមកដល់ពេលបច្ចុប្បន្ននេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណងរបស់ចិន បានសាងសង់រួចរាល់មានចំនួន២៧ខ្សែ ស្មើនឹងប្រវែងសរុប ២៧៧៩ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ១៦៣៦លានដុល្លារអាមេរិក។
លោកបន្តថា ដោយឡែកគម្រោងដែលកំពុងសាងសង់មានចំនួន៥ខ្សែ ស្មើនឹងប្រវែងប្រមាណ៤៩៧.២០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ៧៥៨.៨៣ លានដុល្លារអាមេរិក។
លោកបានបន្ថែមទៀតថា “ផ្លូវថ្នល់ និងស្ពាន បានដើរតួនាទីយ៉ាងសំខាន់ណាស់សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ តាមរយៈការដឹកជញ្ជូន ដូច្នេះរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងជម្នះ ដើម្បីសម្រេចឱ្យបានទៅតាមផែនការ ដែលបានគ្រោងទុក” ។
ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន៨ស្ពាន មានប្រវែងសរុប៧៤៣៤ ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ២៣៣ លានដុល្លារអាមេរិក និងស្ពានកំពុងសាងសង់ ដូចជា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (សិត្បូ) នៃគម្រោងខ្សែក្រវាត់ក្រុងទី៣ជាដើម ដែលមានប្រវែងសរុប ២ ១២៧ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ១១៣លានដុល្លារអាមេរិក។
សរុបគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ និងជំនួយឥតសំណងរបស់ចិនដែលបានសាងសង់រួច និងកំពុងសាងសង់មានទឹកប្រាក់ សរុបរហូតដល់ប្រមាណ២ ៧៤១លានដុល្លារអាមេរិក៕