ដោយវុត្ថា
ភ្នំពេញៈ ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានឱ្យដឹងថា ក្នុងចំណោមខេត្តនៅជាប់សមុទ្ររបស់កម្ពុជា ខេត្តកោះកុងក៏ខេត្តគោលដៅបាន និងកំពុងទាក់ទាញគម្រោងលើវិស័យអចលនទ្រព្យ និងផុលផុសខ្លាំងផងដែរនាពេលអនាគត ខណៈដែលខេត្តមួយនេះបានទាក់ទាញគម្រោងវិនិយោគជាតិ និងអន្តរជាតិធំៗជាច្រើនចូលទៅកាន់ខេត្តមួយនេះ។
លោកបានប្រាប់គេហទំព័រ Propertyarea.asia កាលពីន្លងមកនេះថា ខេត្តនៅជាប់សមុទ្រកម្ពុជា បានទាក់ទាញគម្រោងវិនិយោគលើវិស័យអចលនទ្រព្យ ជាពិសេសខេត្តព្រះសីហនុ ខេត្តកែប កំពត ហើយខេត្តកោះកុងក៏ជាខេត្តគោលដៅវិនិយោគផងដែរ ។
លោកបបន្តថា “បើទោះបីខេត្តកោះកុងនេះ បានទាក់ទាញគម្រោងវិនិយោគច្រើនក៏ពិតមែន ប៉ុន្តែមិនទាន់ជាផុលផុសខ្លាំងដូចខេត្តព្រះសីហនុនោះទេ ដែលទាមទាក្នុងរយៈពេលយូបន្ថែមទៀត” ។
លោកបន្ថែមថា ខេត្តកោះកុងកំពុងតែមានសក្តានុពលខ្ពស់ ចំពោះសេដ្ឋកិច្ច និងទៅខាងមុខទៀត ក៏នៅតែមានសក្តានុពល ដោយសាតែខេត្តនេះ នឹងមានព្រលានយន្តហោះអន្តរជាតិ និងគម្រោងធំៗជាច្រើនបាននឹងកំពុងកើតឡើងនៅទីនោះ។
លោកច្រឹកសុខ នីម បញ្ជាក់ទៀតថា នៅពេលណាលំហូរវិនិយោគបរទេសចូលមកកាន់ខេត្តកោះកុងនេះកាន់តែច្រើន នឹងជំរុញឱ្យមានចរន្តនៃការទិញ លក់ដីធ្លីកាន់តែច្រើន ហើយតម្លៃដីក៏មានតម្លៃថ្លៃដូចខេត្តព្រះសីហនុផងដែរ។
ខេត្តកោះកុងនាពេលបច្ចុប្បន្ននេះ បាននិងកំពុងមានសក្តានុពលលេចធ្លោជាច្រើន ដោយក្នុងនោះ មានគម្រោងវិនិយោគធំៗជាច្រើនរួមមាន ព្រលានយន្តហោះលំដាប់អន្តរជាតិតារាសាគរ កំពង់ផែទឹកជ្រៅនៅប្រជុំកោះស្តេច ការពង្រីកផ្លូវជាតិលេខ៤៨ ជា៤គន្លង គម្រោងស្ថាបនផ្លូវជាតិលខ ១០ ព្រលានយន្តហោះវិនិយោគដោយក្រុមហ៊ុន លីយ៉ុងផាត់ជាដើម។
បច្ចុប្បន្នក្រុមហ៊ុន Union Development Group បាននិងកំពុងវិនិយោគលើផ្ទៃដីជាង៣៦ពាន់ហិកតានៅក្នុងស្រុកគិរីសាគរ និងបុទុមសាគរក្នុងខេត្តនេះ ដែលគំរោងវិនិយោគនេះបាននិងកំពុងផ្លាស់ប្តូរមុខមាត់ខេត្តនេះយ៉ាងខ្លាំង៕