កំពង់ស្ពឺ ទាក់ទាញទុនវិនិយោគក្នុងវិស័យសំណង់បានជាង ២១០លានដុល្លារ

0

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ ជាមួយនឹងកំណើននៃគម្រោងវិនិយោគជាច្រើន ខេត្តកំពង់ស្ពឺដែលស្ថិតនៅចន្លោះប៉ូលសេដ្ឋកិច្ចទាំង២រវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានទាក់ទាញទុនវិនិយោគក្នុងវិស័យសំណង់បានរហូតដល់ជាង២១០លានដុល្លារ បន្ថែមពីលើទុនវិនិយោគក្នុងវិស័យឧស្សាហកម្មជាច្រើនទៀត។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ត្រី បានឱ្យដឹថា គិតត្រឹមដើមឆមាសទី១ ឆ្នាំ២០២០ ខេត្តកំពង់ស្ពឺទទួលគម្រោងវិនិយោគជាច្រើនទាំងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសំណង់រាប់រយគម្រោង។

លោក វ៉ី សំណាង បានមានប្រសាសន៍បន្តទៀតថា “សម្រាប់តែវិស័យសំណង់ ការចេញលិខិតអនុញ្ញាតសាងសង់សម្រាប់ឆ្នាំ២០១៩ បានចេញលិខិតអនុញ្ញាតចំនួន ១៨៨ គម្រោង មានក្រឡាផ្ទៃសំណង់សរុបទំហំ ៧០២ ៦១៥,០៥ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគប្រមាណ ២១០ ៧១៦ ១១៦,៩ ដុល្លារ ក្នុងនោះសមត្ថកិច្ចចេញដោយក្រសួង ២៩ គម្រោង ចេញដោយរដ្ឋបាលខេត្ត ២៩ គម្រោង ចេញដោយរដ្ឋបាលក្រុង ស្រុក ១២៥ គម្រោង”។

ជាមួយនឹងការអភិវឌ្ឍនៃវិស័យសំណង់ និងអចលនទ្រព្យ រដ្ឋបាលខេត្តកំពង់ស្ពឺក៏បានធ្វើការចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ អនុវត្តបានចំនួន ៥១៥ ភូមិ ក្នុង ៣២ឃុំ-សង្កាត់ នៃក្រុង ស្រុកទាំង ៨។

ជារួម សរុបចាប់ពីថ្ងៃចាប់ផ្តើមអនុវត្តមកដល់ខែធ្នូ ឆ្នាំ២០១៩ បញ្ចូលទិន្នន័យបានចំនួន ៤០៨ ៩៣៨ ក្បាលដី និងបានចែកប័ណ្ណជូនប្រជាពលរដ្ឋចំនួន ៣៣៣ ៥៩២ ប័ណ្ណ។ ក្នុងឆ្នាំ២០១៩ បានបញ្ចូលទិន្នន័យក្បាលដីសម្រេចបានចំនួន ៣២ ៨០៩ ក្បាលដី បិទផ្សាយជាសាធារណៈចំនួន ៣០ ៣០៣ ក្បាលដី និងបានចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋចំនួន ១២ ៩២៦ ប័ណ្ណ។ ដោយឡែក ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបានចំនួន ៣៤ប័ណ្ណ ស្មើនឹង ១៦៨ហិកតា (គិតពីពេលចាប់ផ្តើមរហូតដល់ខែធ្នូ ឆ្នាំ២០១៩ សម្រេចបានចំនួន ៣១.៥៣៤ ប័ណ្ណ)។

ការចុះបញ្ជីដីរដ្ឋ គិតចាប់ពីថ្ងៃចាប់ផ្តើមរហូតដល់ខែធ្នូ ឆ្នាំ២០១៩ បានចំនួន១៥២ប័ណ្ណ ស្មើនឹង៥២.៣០៦ហិកតា។ ការចុះបញ្ជីសិទិ្ធជួលអចិន្រៃ្តយ៍គិតចាប់ពីថ្ងៃចាប់ផ្តើមរហូតដល់ខែធ្នូ ឆ្នាំ២០១៩ បានចំនួន ១៩ប័ណ្ណ ស្មើនឹង ២១២ហិកតា។ ការចុះបញ្ជីសិទិ្ធសម្បទានដីសេដ្ឋកិច្ច គិតចាប់ពីថ្ងៃចាប់ផ្តើមរហូតដល់ខែធ្នូ ឆ្នាំ២០១៩ បានចំនួន ១៥៣ប័ណ្ណ ស្មើនឹង ៤០.៤៧១ហិកតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here