អ្នកជំនាញលក់ដីឡូត៍បង្ហើបពីគន្លឹះចំនួនន៤ដើម្បីលក់ទទួលបានជោគជ័យ

0

ដោយៈ វុត្ថា

ភ្នំពេញៈ មនុស្សមួយចំនួនយល់ឃើញថា ធ្វើជាភ្នាក់ងារលក់ក្នុងវិស័យអចលនទ្រព្យ ជាពិសេសលក់ដីឡូតិ៍មានភាពងាយស្រួល ប៉ុន្តែទន្ទឹមនឹងភាពងាយស្រួលនេះ ក៏មានបញ្ហាឈមមួយចំនួនផងដែរ ដែលទាមទារឱ្យភ្នាក់ងារលក់មានភាពអត់ធ្មត់ ព្យាយាម និងសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអាចទទួលបានផលប្រយោជន៍ សម្រាប់ផ្ទាល់ខ្លួនឯង និងក្រុមហ៊ុន។

អ្នកស្រីសុខ គង់ ភ្នាក់ងារលក់ដីឡូតិ៍នៃក្រុមហ៊ុ Show Up Real Estate ដែលមានបទពិសោធន៍ ផ្នែកលក់អស់រយៈពេលជាច្រើនឆ្នាំ បានបង្ហាញពីបទសោធន៍ផ្ទាល់ខ្លួនជុំវិញបញ្ហា ដែលប្រឈមទាក់ទងទៅនឹងអាជីពជាភ្នាក់ងារលក់ដីឡូតិ៍។

អ្នកស្រីបន្តថា “ការលក់ដីឡូតិ៍ប្រាកដណាស់ថា មានភាពផលលំបាក និងឧបសគ្គមួយចំនួន ដែលទាមទារឱ្យមានការសិក្សា ស្វែងយល់ឱ្យបានជម្រៅពីវិធីសាស្ត្រ ចិត្តសាស្ត្រ និងបរិយាកាសជុំវិញគម្រោងដូចជា។

១) ទីតាំងគម្រោង

ដីឡូតិ៍ស្ថិតនៅក្នុងតំបន់ដែលពុំមានសក្តានុពល មានផលលំបាកសម្រាប់ភ្នាក់ងារលក់ ដែលទាមទារឱ្យមានការស្វែងវិធីសាស្ត្របែបណា ដើម្បីប្រែក្លាយតំបន់នោះឱ្យមានភាពទាក់ទាញ ដោយការបង្កើតសោភ័ណភាពល្អ ដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនពេញចិត្ត និងមានភាពជឿជាក់មកលើគម្រោង។

២) កត្តាភូមិសាស្ត្រ

កត្តាភូមិសាស្ត្រក៏ជារឿងសំខាន់ផងដែរ សម្រាប់ភ្នាក់ងារលក់ដីឡូតិ៍។ អ្នកខ្លះយល់ឃើញថា ការវិនិយោគដីឡូតិ៍នៅក្នុងភូមិសាស្ត្រ ដែលស្ថិតនៅឆ្ងាយពីទីប្រជុំជនហាក់មានផលវិបាកក្នុងរកភ្ញៀវ ប៉ុន្តែសម្រាប់អ្នកនាង សុខ គង់ ដែលមានបទពិសោធន៍ក្នុងនាមជាភ្នាក់ងារវិញយល់ថា មិនថាស្ថិតនៅជិតឬឆ្ងាយទីប្រជុំជននោះទេ ភាពងាយស្រួល និងផលលំបាកកើតមានដូចគ្នា សំខាន់គឺចេះផ្សព្វផ្សាយព័ត៌មាន គម្រោងឱ្យបានទូលាយទៅកាន់ទីផ្សារ ដើម្បីមានឱកាសច្រើនក្នុងការចាប់យកអតិថិជន។

៣) អតិថិជន

អតិថិជនភាគច្រើនដែលដើររកទិញដីឡូតិ៍ ពួកគាត់ទិញនៅតំបន់ណា ដែលមានហេដ្ឋារចនាសម្ព័ន្ឋវិនិយោគដោយរដ្ឋព័ទ្ធជុំវិញ ។ អតិថិជនផ្សេងទៀត ពិនិត្យទៅលើតំបន់ដែលមានគម្រោងអភិវឌ្ឍន៍ ល្បឿននៃភាពរីកចំរើនតាមស្ថានភាពជាក់ស្តែង បើទោះបីដីឡូតិ៍នោះ នៅឆ្ងាយពីផ្លូវ ឬនៅឆ្ងាយពីតំបន់កំពុងអភិវឌ្ឍន៍ក៏ពួកគាត់នៅតែទិញ។

ជាមួយគ្នានេះ បើចង់អតិថិជនកាន់តែមានចំណាប់អារម្មណ៍ ត្រូវរៀបចំកែលម្អសោ​​ភ័​ណភាព មានហេដ្ឋារសម្ព័ន្ធផ្លូវថ្នល់ឱ្យបានល្អ មានបណ្តាញអគ្គិសនីនៅក្នុងគម្រោងត្រឹមត្រូវ នោះភ្នាក់ងារលក់ឆាប់លក់គម្រោងឆាប់អស់។

៤) អាជ្ញាធរមូលដ្ឋាន

អតិថិជនមុននឹងសម្រេចចិត្តទិញដីឡូតិ៍ ភាគច្រើនគឺគេតែងតែសាកសួរព័ត៌មានជុំវិញគម្រោងដីឡូតិ៍នោះទេ ប្រការនេះ ក្នុងនាមភ្នាក់ងារលក់ ត្រូវធ្វើកិច្ចសហការ និងរៀបចំឯកសារច្បាប់ពាក់ព័ន្ធឱ្យបានត្រឹមត្រូវ និងរួចរាល់ក្រោមការទទួលស្គាល់ពីអាជ្ញាធរ។

ហេតុនេះនៅពេលដែលយើងបានធ្វើនូវអ្វី ដូចដែលបានរៀបរាប់ខាងលើនេះ នោះប្រសិទ្ធភាព នៃការលក់គម្រោងដីឡូតិ៍នឹងទទួលបានអត្រាខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here