ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ ដំណឹងរីករាយសម្រាប់រូបិយប័ណ្ណជាតិ ដោយបច្ចុប្បន្ននេះការចរាចរប្រាក់រៀលនិងការដាក់ប្រាក់បញ្ញើរជាប្រាក់រៀល បានកើនឡើងនៅក្នុងចរន្តសេដ្ឋកិច្ច និងតាមគ្រឹះស្ថានហិរញ្ញវត្ថុនានា។នេះបើតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូបានអះអាងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារធនាគារជាតិនៃកម្ពុជា សាខាខេត្ដព្រៃវែង នៅថ្ងៃទី៩ ខែមេសានេះថា ការប្រើប្រាស់ និងការចាយវាយប្រាក់រៀលកាន់តែច្រើន នឹងធ្វើឱ្យកម្ពុជាទទួលបានផលចំណេញ ផ្នែកសេដ្ឋកិច្ចកាន់តែច្រើនដល់ប្រទេសជាតិ ហើយជួយពង្រឹងអត្ថសញ្ញាណជាតិ បង្កើនទុនបម្រុងទុនរបស់កម្ពុជា។ ជួយពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបបិយវត្តុ ពង្រឹងប្រសិទ្ធភាពគោលនយោបាយអត្រាប្តូរប្រាក់ បង្កើនចំណូលពីការបោះពុម្ពក្រដាសប្រាក់ និងពង្រឹងអធិបតេយ្យភាពរូបិយវត្ថុជាដើម។
លោកបន្តថា “រាជរដ្ឋាភិបាល ក៏ដូចជាធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ប្រាក់រៀល និងលើកកម្ពស់ប្រាក់រៀល តាមរយៈការដាក់ចេញវិធានការមួយចំនួន ដែលជំរុញឱ្យមានកំណើន នៃការប្រើប្រាស់ប្រាក់រៀលកាន់តែមានការកើនឡើង”។
លោកជា ចាន់តូក៏បានទទួលស្គាល់ថា កន្លងមកកម្ពុជាក៏ទទួលស្គាល់ប្រាក់ដុល្លារ ព្រោះតែវាមានតួនាទីសំខាន់ នៃដំណាក់កាលដំបូងដែលកម្ពុជាចាប់ផ្តើមអភិវឌ្ឍន៍ និងការបើកទូលាយសេដ្ឋកិច្ច។ ប៉ុន្ដែទោះបីយ៉ាងណានៅពេលដែលទំហំសេដ្ឋកិច្ចកម្ពុជាកាន់តែធំ ដុល្លាររូបនីយកម្មបានក៏ងាយបង្កឲ្យសេដ្ឋកិច្ចកម្ពុជារងគ្រោះផងដែរ។ លោកបន្តថា បច្ចុប្បន្ននេះ បញ្ហាដុល្លារូបនីយកម្ម នៅតែជាបញ្ហាប្រឈមក្នុងធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ហើយកន្លងមករាជរដ្ឋាភិបាល ក៏ដូចជាធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាបន្ដបន្ទាប់ ដែលមានការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋទូទៅ និងបានធ្វើឱ្យកំណើននៃការប្រើប្រាស់ប្រាក់រៀលបានកើនឡើងគួរឱ្យកត់សម្គាល់។
ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាសិក្សាការអភិវឌ្ឍន៍លោកបណ្ឌិតម៉ី កល្យាណបានថ្លែងថា ការចរាចរប្រាក់រៀលក្នុងសេដ្ឋកិច្ចកម្ពុជាជាសញ្ញាវិជ្ជមានមួយ ប៉ុន្តែដើម្បីឲ្យគេទុកចិត្ត និងចាយវាយប្រាក់រៀលយើងត្រូវសួរថាតើប្រាក់រៀលផ្តល់អ្វីទៅឲ្យពួកគេ តើប្រាក់រៀលផ្តល់ទំនុកចិត្តយ៉ាងដូចម្តេចនៅក្នុងទីផ្សារ។លោកបន្តថា ហេតុនេះការធ្វើបដិដុល្លារនីយកម្ម ទាមទារឲ្យមានការប្រុងប្រយ័ត្ន និងធ្វើមួយជំហ៊ានម្តងៗ មិនអាចបង្ខំបានទេ ព្រោះវានឹងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។
លោកបន្តថា “ដើម្បីលើកកំពស់អត្តសញ្ញាណ និងមោទនភាពជាតិ ការប្រើប្រាស់ប្រាក់រៀលជារឿងត្រូវធ្វើ ហើយដើម្បីចំណេញដល់សេដ្ឋកិច្ចរបស់យើងនាពេលអនាគត ការប្រើប្រាស់ប្រាក់រៀលជារឿងដែលចាំបាច់មិនអាចខ្វះបាន”៕
