ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលសេដ្ឋកិច្ចកាន់តែរីកចំរើន មុខជំនួញបង្កើតថ្មីៗកាន់តែច្រើន ការប្រកួតប្រជែងក៏កំពុងកើនឡើងផងដែរ។ ហេតុនេះតើ លោក អ្នកមានគំនិតចង់បង្កើតមុខជំនួញអ្វី ក្នុងបរិបទបច្ចុប្បន្ននេះ?
លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា មុនសួរថាតើយើងគួររកស៊ីអ្វី? យើងត្រូវយល់ពីប្រទេសខ្មែរយើង ដែលជាប្រទេសមានកំនើនសេដ្ឋកិច្ចជាង៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍។ ជាប្រទេសប្រកាន់យករបបទីផ្សារសេរី និងជាប្រទេសដែលមានប្រជាជនវ័យក្មេងច្រើន ដែលអ្នកមានអាយុក្រោម៣៨ឆ្នាំ មាន៦៩ភាគរយនៃប្រជាជនសរុប។
-->
លោកបន្តថា ហេតុនេះនៅពេលនិយាយពីការចាប់មុខរបរឬមុខជំនួញ គឺទី១ ត្រូវបើកសាលារៀន ព្រោះប្រជាជនវ័យក្មេងជាង៦០ភាគរយវ័យក្រោម៣៩ឆ្នាំ សុទ្ឋតែមានគ្រួសារ និងត្រូវមានកូនដែលត្រូវការការសិក្សាជាចាំបាច់ ព្រោះគ្មានអ្នកណាម្នាក់មិនឲ្យកូនទៅរៀននោះទេ។ ប៉ុន្តែការបើកសាលារៀន មិនប្រាកដជោគជ័យនោះទេ ប៉ុន្តែដើម្បីជោគជ័យ អ្នកវិនិយោគលើសាលារៀន ត្រូវតែជាសាលាមានគុណភាពក្នុងការគ្រប់គ្រង គុណភាពនៃកម្មវិធីសិក្សា គុណភាពរបស់គ្រួ និងបរិស្ថានសិក្សាល្អ។
ទី២ ដោយសារសេដ្ឋកិច្ចកើនឡើង ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក៏កើនឡើង ហេតុនេះពួកគេត្រូវការការលំហែរកំសាន្ត និងទទួលទានច្រើន ហេតុនេះការបើកលក់ចំណីអាហារ សេវាកម្មកំសាន្តផ្សេងៗភាគច្រើនទទួលបានជោគជ័យ ព្រោះបច្ចុប្បន្នមានភោជនីយដ្ឋាន ក្លឹបកំសាន្តមានភ្ញៀវចូលពេញៗ ដែលនៅកម្ពុជាអ្នកបើកភោជនីយដ្ឋាន១០ មាន៧ជោគជ័យហើយ តែនៅប្រទេសគេអត្រាជោគជ័យមានតិចជាងនេះ។
ទី៣ ពីមុនមនុស្សឈឺដោយសារអត់របស់ទទួលទាន តែបច្ចុប្បន្នមានមុខម្ហូបច្រើនពេកសារធាតុគីមីច្រើន ធ្វើឲ្យប្រជាជនមានបញ្ហាប្រឈមផ្នែកសុខភាពច្រើន ដូចជា លើសឈាម លើសជាតិស្ក លើសខ្លាញ់ជាដើម។ ហេតុនេះមុខរបរត្រូវប៉ាន់មួយទៀត បើកមន្ទីរពេទ្យលំដាប់អន្តរជាតិ។ បើទោះជាបច្ចុប្បន្នមានមន្ទីរពេទ្យច្រើននៅកម្ពុជា តែមន្ទីរពេទ្យលំដាប់អន្តរជាតិ លំដាប់តំបន់មិនទាន់មាននៅឡើយទេ បើមានក៏ជាមន្ទីរពេទ្យ ដែលគ្រាន់តែជាការិយាល័យតំណាងប៉ុណ្ណោះ។
លោកគីម ហ៊ាងបានបន្តថា អ្នករកស៊ីបើកសាលាក៏ដោយ បើកកន្លែងកំសាន្តក៏ដោយ បើកភោជនីយដ្ឋាន ឬបើកមន្ទីរពេទ្យក៏ដោយ ភាគច្រើននៃមុខរបរនេះ មិនមែនជាមុខរបរសម្រាប់ធ្វើមហាសេដ្ឋីនោះទេ គឺជាមុខរបរធ្វើអ្នកមានខ្នាតមធ្យមប៉ុណ្ណោះ ប៉ុន្តែមានមុខរបរមួយទៀត ដែលអាចក្លាយជាសេដ្ឋីបាន នោះគឺមុខរបរទី៤ ការវិនិយោគវិស័យអចលនទ្រព្យ និងមុខរបរបើកធនាគារដែលជាមុខរបរទី៦។
លោកបន្តថា នៅពេលប្រទេសកំពុងរីកចម្រើន អ្នកមានចំណូលមធ្យមកើនឡើង គឺគេត្រូវការដើមទុន នៅពេលមានតម្រូវការដើមទុនច្រើន មុខរបរទី៥ត្រូវលេចឡើង គឺការបើកមីក្រូហិរញ្ញវត្ថុ ឬធនាគារ ដែលជាវិស័យផ្តល់ចំណេញច្រើន។ ហេតុនេះមហាសេដ្ឋី បើពួកគេមានគំរោងអភិវឌ្ឍន៍បុរី ឬខុនដូ ឬសណ្ឋាគារ ពួកគេក៏តែងគិតពីការបើកធនាគារ ហើយពេលមានធនាគារហើយ ពួកគេត្រូវមានក្រុមហ៊ុនធានារ៉ាប់រងមួយទៀត ព្រោះបុគ្គលណាមានក្រុមហ៊ុនទាំងបីផ្នែកនេះ នៅក្នុងដៃជាអ្នកមានឬជាសេដ្ឋីហើយ៕









