ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសិក្សាពីលទ្ធភាពសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅត្រង់ចំណុចផ្លូវច្រមុះជ្រូកក្បាលថ្នល់ តភ្ជាប់ផ្លូវប្រសព្វនឹងមហាវិថីសម្ដេចតេជោហ៊ុនសែនឬ (ផ្លូវ៦០ម៉ែត្រ) ខណៈដែលតំបន់នេះមានការកកស្ទះចរាចររាល់ថ្ងៃ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងកិច្ចប្រជុំកន្លងមកថ្មីៗនេះ ឱ្យដឹងថា ដើម្បីដោះស្រាយនូវការកកស្ទះនៅតំបន់នេះ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយគ្រោងកសាងស្ពានអាកាសក្បាលថ្នល់ ហើយចំពោះមុខច្រមុះជ្រូកក្បាលថ្នល់នេះ ជាគោលការណ៍នឹងយកការ៉ាសសាំងសូគីម៉ិចមួយ នៅចំណុចនេះចេញ ដើម្បីកែលំអរនូវប្រព័ន្ធចរាចរណ៍នៅតំបន់នេះឲ្យប្រសើរឡើង។
លោកថ្លែងបន្តថា “ការដោះស្រាយចរាចរនៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ប្រសព្វនឹងមហាវិធីសម្ដេចតេជោហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ)នឹងអាចដោះស្រាយបាននូវចរាចរ៥0%បន្ថែមទៀត ក្រោយពីរដ្ឋបាលលរាជធានីភ្នំពេញ ដកយកការ៉ាសសាំងសូគីម៉ិចនៅចំណុចច្រមុះជ្រូកក្បាលថ្នល់នេះចេញ” ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា ក្រោយពីយកការ៉ាសសាំងសូគីម៉ិចមួយនេះចេញ ការដោះស្រាយបញ្ហាចរាចរនៅតំបន់ច្រមុះជ្រូកក្បាលថ្នល់នេះ យើងអាចសម្រួលការដោះស្រាយបញ្ហាចរាចរបានប្រមាណជា៥០ភាគរយបន្ថែមទៀត ជាមួយនឹងការពង្រីកមហាវិធីព្រះមុនីវង្សឲ្យបានបីកន្លែងផងដែរ។
លោកបន្តថា “ទោះបីយ៉ាងណាក្តី ចំពោះវិធានការចំពោះមុខ គឺការកែសម្រួលប្រព័ន្ធភ្លើងស្តុបនៅតំបន់នេះមួយជំហានសិន ដោយហេតុថាក្នុងមួយថ្ងៃមានយានយន្តធ្វើចរាចរឆ្លងកាត់ប្រមាណជាជាងមួយម៉ឺនគ្រឿង” ។
ក្រៅពីនេះ បើតាម លោក ឃួង ស្រេង រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានអាកាសថ្មើរជើងថ្មីចំនួន២៧បន្ថែមទៀត នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីជួយរំដោះការកកស្ទះ និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ។
លោកបន្តថា “ការសាងសង់ស្ពានអាកាសថ្មើរជើង មិនត្រឹមតែបំរើឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់តែប៉ុណ្ណោះទេ តែវាសម្រាប់បំរើដល់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញទាំងមូលធ្វើចរាចរណ៍ឆ្លងកាត់ និងនិយាយជារួមគឺបំរើដល់ពលរដ្ឋ នៅទូទាំងប្រទេសដែលមកកាន់រាជធានីភ្នំពេញដែលមកប្រកមុខរបរផ្សេង” ៕