តម្លៃដីធ្លីនៅក្នុងតំបន់ពាណិជ្ជកម្មនៃខណ្ឌច្បារអំពៅបានកើនលើស ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ហាក់ខុសប្លែកពីតម្លៃដីនៅក្នុងខណ្ឌមួយចំនួនដែលស្ថិតនៅជុំរាជធានីភ្នំពេញ សម្រាប់តែខណ្ឌច្បារអំពៅត្រូវបានអ្នកប្រឡូកនៅក្នុងវិស័យដីធ្លីបញ្ជាក់ប្រាប់ថា នៅទីតាំងមួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិ និងផ្លូវធំៗមានតម្លៃលើសពី ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលមិនរាប់បញ្ចូលពីតំបន់ទីប្រជុំជនផ្សារច្បារអំពៅនោះទេ។

ក្រៅពីតំបន់ទីប្រជុំនៃផ្សារច្បារអំពៅដែលមានភាពមមាញឹកក្នុងក្នុងអាជីវកម្មចម្រុះ សម្រាប់ដីនៅតាមតំបន់ដែលមានសក្ដានុពលមួយចំនួនក្នុងខណ្ឌ ជាពិសេសស្ថិតនៅស្របនឹងបណ្តោយជាតិលេខ១ មានទីតាំងខ្លះត្រូវបានដាក់លក់នៅលើទីផ្សារចាប់ពីតម្លៃ២០០០-២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬលើសពីនេះ ដែលអាស្រ័យទៅតាមស្ថានភាពដី។ នេះបើតាមការលើកឡើងរបស់លោក ម៉ម សិរីបញ្ញា អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Easy Property Investment នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ។

លោកបានមានប្រសាសន៍បន្តថា “ខណ្ឌច្បារអំពៅមានលក្ខណៈពិសេសជាច្រើនដែលជួយជម្រុញឱ្យមានសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបើប្រៀបធៀបទៅនឹងបណ្តាខណ្ឌមួយចំនួនទៀតដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ ជាក់ស្ដែងត្រឹមរយៈពេលដ៏ខ្លី វិស័យសំណង់នៅក្នុងគម្រោងធំៗដែលមានតម្លៃរាប់សិបលានដុល្លារបានបង្ហាញរូបរាង”។

លោកបន្តថា “ក្រៅពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតខ្ពស់ និងកម្រិតអភិជន នៅមានគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ សំណង់ខុនដូ អាផាតមិនជាច្រើនគម្រោង ដែលសម្រាប់តែតំបន់បឹងស្នោមានមិនក្រោម១០គម្រោងនោះទេ ហើយមួយចំណែកទៀតក៏ទទួលបានភាពវិជ្ជមានពីគម្រោងបង្កើតទីក្រុងកោះនរាហ៍របស់ក្រុមហ៊ុន OCIC ផងដែរ។ ទាំងអស់នេះហើយដែលជម្រុញឱ្យតម្លៃដីនៅក្នុងតំបន់ទាំងនេះមានការកើនឡើងយ៉ាងរហ័សរហូតនៅទីតាំងខ្លះត្រូវបានម្ចាស់ដីដាក់លក់នៅលើទីផ្សារក្នុងតម្លៃចាប់ពី២០០០-២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែប្រភេទដីដែលមានតម្លៃថ្លៃនេះមានមិនច្រើននោះទេ ពោលគឺនៅមានវិសាលភាពដីដែលមានតម្លៃក្រោម២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េច្រើនជាង”។

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រី ចេវ សុឃុន បានបង្ហាញពីសុទិដ្ឋិនិយមចំពោះទីផ្សារអចលនទ្រព្យនៅក្នុងខណ្ឌច្បារអំពៅថា ហេតុផលដែលបណ្តាលឱ្យមានគម្រោងជាច្រើនបង្ហាញវត្តមានរបស់ខ្លួននៅតំបន់ខាងលើនេះដែរ ដោយសារតែលក្ខខណ្ឌអំណោយផលនៃកត្តាភូមិសាស្ត្រ ដែលផ្តល់ភាពងាយស្រួលក្នុងវិស័យពាណិជ្ជកម្ម និងផ្តល់បរិយាកាសល្អប្រសើរសំរាប់ការរស់នៅ។

លោកស្រីបន្តថា “ធម្មតាអ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍គឺពួកគាត់សុទ្ធតែបានសិក្សាលម្អិត និងស្គាល់ច្បាស់ពីសក្ដានុពលនៃតំបន់។ អ្វីដែលជាលក្ខណៈពិសេស និងទាក់ទាញការវិនិយោគ ក៏ដូចជាគម្រោងអភិវឌ្ឍន៍នានា មួយចំណែកអាចទទួលបានពីគម្រោងបង្កើតទីក្រុងកោះនរាហ៍ ដែលថ្ងៃខាងមុខអាចនឹងមានការតភ្ជាប់គ្នាទៅនឹងតំបន់កោះពេជ្រ ឆ្លងចូលដល់កណ្តាលក្រុងតែម្ដង”។

លោកស្រីចេវ សុឃុនបានបន្តទៀតថា ក្រៅពីគម្រោងអភិវឌ្ឍន៍ធំៗទៅលើសំណង់អាគារពាណិជ្ជកម្មដែលមានតម្លៃរាប់រយ រាប់ពាន់ដុល្លារ ងាកមកវិស័យលំនៅដ្ឋានក្នុងតំបន់ច្បារអំពៅ ក៏មានភាពផុសផុលផងដែរ ដោយសារតែមានភាពងាយស្រួលក្នុងការរស់នៅ មានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ច្រើន។ ជាក់ស្ដែងបច្ចុប្បន្ននេះ បានបន្តរហូតដល់ប្រមាណជិត២០គីឡូម៉ែត្ររាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ១ ក៏មានការអភិវឌ្ឍវិស័យលំនៅដ្ឋានដោយគម្រោងបុរីធំៗផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here