ដោយ ៖ ប៊ី
ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអះអាង គោលនយោបាយអភិវឌ្ឍន៍ដ៏ច្បាស់លាស់របស់រដ្ឋាភិបាលកម្ពុជា បាន និងកំពុងធ្វើឱ្យវិស័យអចលនទ្រព្យខេត្តព្រះសីហនុមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងទាក់ទាញវិនិយោគបរទេសជាច្រើនមកខេត្តនេះ។
អ្នកស្រី ហ្រ្គែស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានថ្លែងចុងសប្តាហ៍នេះថា ខេត្តព្រះសីហនុជាខេត្តជាប់សមុទ្រដែលមានសក្តានុពលប្រហាក់ប្រហែលទីក្រុងសិនជិននៃខេត្តក្វាងទុងប្រទេសចិន ដែលជាទីក្រុងឧស្សាហកម្ម បច្ចេកវិទ្យា ពាណិជ្ជកម្មអន្តរជាតិ ទីក្រុងកំពង់ផែ និងជាទីកំណើតនៃតំបន់សេដ្ឋកិច្ចពិសេសដ៏ល្បីល្បាញលើពិភពលោក។
អ្នកស្រីបន្តថា អំណោយផលនេះរួមផ្សំនឹងគោលនយោបាយអភិវឌ្ឍន៍ដ៏ច្បាស់លាស់របស់រដ្ឋាភិបាលកម្ពុជា បានទាក់ទាញវិនិយោគបរទេសជាច្រើនមកខេត្តព្រះសីហនុ ជាពិសេសវិនិយោគិនចិន។
អ្នកស្រីថ្លែងថា “ខេត្តព្រះសីហនុនាពេលអនាគតអាចក្លាយទៅជាទីក្រុងពាណិជ្ជកម្មអន្តរជាតិដូចសិនជិន ហើយនេះជាអ្វីដែលបងប្អូនក្នុងវិស័យអចលនទ្រព្យគួរស្វែងយល់ ហើយនេះក៏ជាឱកាសដែលបងប្អូនគួរចាប់យកអាជីពនេះ ដើម្បីក្លាយជាអ្នកឯកទេសដីធ្លីប្រចាំខេត្តព្រះសីហនុ”។
លោក ច្រឹក សុខនីម ប្រធាន CVEA បានលើកឡើងថាខេត្តព្រះសីហនុត្រូវបានចាត់ទុកជាប៉ូលសេដ្ឋកិច្ចសំខាន់ទី២ បន្ទាប់ពីរាជធានីភ្នំពេញ ហើយនារយៈពេល៣ឆ្នាំចុងក្រោយនេះសំណង់អគារខ្ពស់ៗ សកម្មភាពពាណិជ្ជកម្ម និងទីផ្សារអចលនទ្រព្យកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
លោកបន្តថា “សន្ទុះនៃការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ គឺទាមទារឲ្យមានភ្នាក់ងារអចលនវត្ថុដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននឹងទៅអនាគត»។
តម្លៃដីធ្លីនៅក្នុងខេត្តព្រះសីហនុរហូតមកដល់ពេលនេះ មានកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ បើទោះបីប្រជាជន និងវិនិយោគចិនបន្តធ្វើដំណើរមកកាន់ខេត្តជាប់មាត់សមុទ្រមួយនេះយ៉ាងណាក្តី។
លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានថ្លែងថា លំហូនៃជនជាតិចិន មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺជាសញ្ញាដែលបង្ហាញភាពវិជ្ជមានដល់វិស័យសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យនៅក្នុងខេត្ត ប៉ុន្តែវាមានកម្រិចបន្តិចបន្តួចប៉ុណ្ណោះ។
លោកស្រីថ្លែងថា “បើតាមខ្ញុំគិត វាត្រូវការពេលវេលាយូរបន្ថែមទៀត មិនក្រោមរយៈពេល១ឆ្នាំកន្លះ ទៅ២ឆ្នាំនោះទេ ដើម្បីឱ្យទីផ្សារអចលនទ្រព្យនៅក្នុងខេត្តមួយនេះ មានល្អប្រសើរឡើងវិញ ប្រហាក់ប្រហែលទៅនឹងឆ្នាំកន្លងមកនេះ”។
វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះយ៉ាងកំហុកចាប់តាំងពីចុងឆ្នាំ ២០១៩ និងឆ្នាំ២០២០នេះ ដោយសារតែការផ្ទុះឡើងនូវជំងឺកូវីដ១៩ នៅក្នុងពិភពលោក និងការចាកចេញរបស់ជនជាតិចិនមួយចំនួនធំពីប្រទេសកម្ពុជា៕