ទីផ្សារជួលអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុមានសកម្មភាពតិចតួច

0

ដោយវុត្ថា

ព្រះសីហនុៈ ទីផ្សារជួលអចលនទ្រព្យនៅក្នុងព្រះសីហនុ រហូតមកដល់ពេលនេះមានសកម្មភាពតិចតួចប៉ុណ្ណោះ បើទោះបីកាលពីកន្លងមកនេះ មានធុរជនចិននិងជនជា​តិចិន ដែលធ្លាប់បំរើការងារបានវិលចូលមកកាន់ខេត្តជាប់មាត់សមុទ្រនេះក្តី។

លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជាបានប្រាប់គេហទំព័ត៌មានPropertyarea.asia នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០នេះឱ្យដឹងថា បើទោះបីមានចរន្តលំហូចូលរបស់ជនជាតិចិន ចូលមកាន់ខេត្តព្រះសីហនុ តែសកម្ម ភាពនៃការជួលហាក់មិនទាន់ងើបឡើងវិញនោះទេ។

លោកបន្តថា “សកម្មភាពនៃការជួលលើវិស័យអចលនទ្រព្យ នៅក្នុងខេត្តព្រះសីហនុនេះ ទាមទារយៈពេលយូបន្ថែមទៀត  ទើបមានសកម្មភាពផុលផុសដូចកាលពីលើកមុន ហើយមានទីផ្សារខ្ពស់”។

លោកច្រឹក សុខនីមបានថ្លែងថា មួយរយៈនេះសកម្មភាពជួលខេត្តព្រះសីហនុ មិនទាន់មានសកម្មភាពទេ ទោះបីមានចរន្តនៃការហូរចូលរបស់ជនជាតិចិន មកាន់ខេត្តព្រះសីហនុ ហើយត្រូវការពេលវេលាយូថែមទៀត។

លោកបន្តថា “បើតាមខ្ញុំដើរមើលច្រើននៅទីតាំងមួយចំនួននៅក្នុងខេត្ត អ្នកដែលមកវិនិយោគនៅក្នុងខេត្ត គេមានផ្ទះខ្លួនរបស់គេផ្ទាល់ ពោលគឺមានការដោះដូរនៃការជួលតិចតួចបំផុត”។

លោកនង ឌីណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងពិធីការនៃរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងដែរថា ចាប់តាំងពីអំឡុងខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីស្ថានភាពនៃជំងឺ Covid-19 មានភាពស្ងប់ស្ងាត់ ជាពិសេសនៅក្នុងប្រទេសកម្ពុជា មានការទប់ស្កាត់បានល្អនោះ កំណើនទេសចរក្នុងស្រុកចាប់ផ្តើមមានកំណើនជាបន្តបន្ទាប់។

 

លោកបន្តថា “ក្រៅពីកំណើនទេសចរក្នុងស្រុក បច្ចុប្បន្ននេះក៏មានវត្តមានរបស់ទេសចរ និងវិនិយោគិនចិន ដែលវិលត្រឡប់មកកាន់ក្រុងព្រះសីហនុវិញដែរ ដែលក្នុងនោះភាគច្រើនជាវិនិយោគិនចាស់ មកបញ្ចប់គម្រោងរបស់ពួកគេ ដែលបន្សល់ទុកមុនពេលកើតមានវិបត្តិជំងឺរាតត្បាត”។

លោកបន្ថែមថា ទាំងការវិលត្រឡប់របស់វិនិយោគិន និងទេសចរចិនបានជួយជំរុ​ញឱ្យទីផ្សារនៃការជួលអាគារសម្រាប់ស្នាក់នៅ ក៏ដូចជាអាគារអាជីវកម្មដែលធ្លាប់ស្ងាប់ស្ងាត់នោះ ចាប់ផ្តើមមានតម្រូវការវិញបន្តិច ហើយវាក៏ជាសញ្ញាល្អមួយផ្នែកនៅក្នុងចំណោ​មផ្នែកដទៃទៀត នៃវិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតា បានឱ្យដឹងកាលពេលថ្មីៗនេះថា ដោយសារតែវិបត្តិនៃជំងឺឆ្លងនៅទូទាំងប្រទេស ទីផ្សារនៃការជួលត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីពាក់កណ្តាលត្រីមាសទី១ ឆ្នាំ២០២០ កន្លងមកនេះ។

លោកស្រីបន្តថា “ទីផ្សារនៃការជួយអាគារនៅក្នុងត្រីមាសទី១ ឆ្នាំ២០២០ គឺមានការធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែនៅត្រឹមដើមត្រីមាសទី២ ហាក់មានភាពងើបឡើងវិញបន្តិច ដោយសារតែការគ្រប់គ្រងនៃការរាលដាល នៃជំងឺឆ្លងរបស់រដ្ឋាភិបាលទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសម្ចាស់អាគារមួយចំនួន បានប្រើយុទ្ធសាស្ត្របញ្ចុះតម្លៃ ដើម្បីជួយសម្រាលដល់អតិថិជនចាស់ និងឈោងចាប់យកអតិថិជនថ្មី”។

លោកស្រីអាន សុធីតាបានបន្តទៀតថា បច្ចុប្បន្ននេះ តាមការមើលពីភាពជាក់ស្ដែង ទីផ្សារជួល ហាក់មានភាពល្អប្រសើរជាងពេលមុនបន្តិច ហើយក៏ល្អជាងទីផ្សារជួល ទីតាំងលក់រាយ នៅតាមបណ្តាផ្សារនើបផងដែរ ដែលគេរំពឹងថា នឹងកាន់តែមានស្ថានភាពល្អជាងនេះនៅត្រីមាសបន្ទាប់ ជាពិសេសនៅដើមឆ្នាំក្រោយ ខណៈដែលការភាពភ័យខ្លាច នៃការឆ្លងជំងឺត្រូវបានកាត់បន្ថយ ហើយការគ្រប់គ្រងស្ថានការរបស់រដ្ឋាភិបាល កាន់តែទទួលបានលទ្ធផលវិជ្ជមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here